ពីអតីតកាលយើងធ្លាប់ជាអ្វីមិនសំខាន់ឡើយ តែអ្វីដែលសំខាន់នោះតើយើងអាចកែប្រែបច្ចុប្បន្នឱ្យល្អជាងអតីតបានប៉ុន្មាន តួយ៉ាងដូចជាកូនខ្មែរ១រូប ដែលធ្លាប់ធ្វើជាអ្នករត់តុធម្មតាម្នាក់នៅប្រទេសថៃ តែមិនខ្ចីអស់សង្ឃឹមក៏ដូចជាបាក់ទឹកចិត្ត រហូតអាចខំប្រឹងប្រែងតស៊ូក្នុងជីវិតក្លាយជាម្ចាស់ភោជនីដ្ឋាន១កន្លែងនៅប្រទេសថៃគួរឱ្យសរសើរខ្លាំងបំផុត។
នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ខៀវ សុភ័ត្រា ដែលជាស្ថាបនិក Angkor restaurant ហាងម្ហូបខ្មែរ បាននិយាយថា លោកមានស្រុកកំណើតនៅខេត្តកំពត ដែលលោកត្រឹមជាកូនកសិករម្នាក់តែប៉ុណ្ណោះ បែបនេះហើយក្នុងឆ្នាំ២០១៤ លោកបានធ្វើដំណើរទៅប្រទេសថៃដើម្បីរៀនផងនិងដើម្បីធ្វើការយកបទពិសោធន៍ផងហើយបើគិតមកដល់សព្វថ្ងៃនេះគឺលោកបានមករស់នៅប្រទេសថៃបានរយៈពេល ៧ឆ្នាំមកហើយ។
ស្ថាបនិក Angkor restaurant ហាងម្ហូបខ្មែរ បានបន្តទៀតថា នៅពេលដែលលោកបានមករស់នៅប្រទេសថៃ គឺលោកពិតជាចង់ចេះចង់ដឹងពីការរកស៊ីនៅប្រទេសគេខ្លាំងណាស់ដូច្នេះពេលមករស់នៅថៃដំបូងៗលោកបានធ្វើការជាច្រើនដូចជាអ្នករត់តុនៅតាមហាងមួយចំនួននៅប្រទេសថៃផងដែរ។
លោក ខៀវ សុភ័ត្រា បាននិយាយបន្ថែមថា បើទោះបីជាលោកមកប្រទេសថៃដើម្បីរៀនក៏ដោយ ប៉ុន្តែលោកតែងតែឆ្លៀតទៅធ្វើការជាអ្នករត់តុជានិច្ច ហើយការងារមួយនេះលោកធ្វើដោយការពេញចិត្តលោកមិនខ្មាសគេទេព្រោះលោកគិតថានឹងធ្វើការមួយនេះដើម្បីយកជាបទពិសោធន៍។ ធ្វើការជាអ្នករត់តុបានមួយរយៈលោក សុភ័ត្រា បានមើលឃើញខ្លួនឯងថាពិតជាស្រលាញ់ខាងម្ហូបអាហារខ្លាំងណាស់ ម្យ៉ាងលោកពិតជាចង់ឱ្យមានហាងម្ហូបខ្មែរនៅប្រទេសថៃដើម្បីឱ្យជនជាតិគេស្គាល់ពីម្ហូបរបស់យើងផងដែរ។
បន្ទាប់ពីមានក្តីស្រមៃហើយនិងមានការតាំងចិត្តខ្ពស់និងឆ្លៀតពីការធ្វើការសន្សំលុយសល់ខ្លះលោកបានយកលុយទាំងនោះមកបើកភោជនីដ្ឋានមួយកន្លែងនៅប្រទេសថៃ ដែលមានឈ្មោះថា Angkor restaurant ហាងម្ហូបខ្មែរ ដែលហាងមួយនេះលោកបង្កើតមកដើម្បីលើកកិត្តិយសមុខមាត់ខ្មែរដែលអាចមានហាងម្ហូបខ្មែរបែបអង្គរប្រចាំទីក្រុងបាកក ព្រោះជាទូទៅយើងធ្លាប់តែឃើញហាងម្ហូបរបស់ភូមា ហាងថៃ ហាងវៀតណាម ហាងចិននៅប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែនាពេលនេះហាងម្ហូបខ្មែរមាននៅក្នុងប្រទេសថៃជាលើកដំបូងហើយដែលមានឈ្មោះហាងម្ហូបខ្មែរអង្គរប្រចាំប្រទេសថៃ។
ចំពោះ Angkor restaurant ហាងម្ហូបខ្មែរ គឺលោកសុភ័ត្រា បានព្យាយាមយកវប្បធម៌ខ្មែរទៅបង្ហាញក៏ដូចជាយកម្ហូប យករសជាតិអាហាររបស់ខ្មែរជាច្រើនដើម្បីទៅដាក់ចូលក្នុងមីនុយនៃហាងរបស់លោកដើម្បីឱ្យអ្នកដែលបានទៅហើយបានភ្លក់ពួកគាត់បានយល់ថាប្រទេសកម្ពុជាយើងក៏មានម្ហូបដែលឆ្ងាញ់ដែលគេមិនអាចបំភ្លេចបានផងដែរ។
លោក ខៀវ សុភ័ត្រា ជាស្ថាបនិក Angkor restaurant ហាងម្ហូបខ្មែរ បានលើកឡើងថា ចំពោះហាងមួយនេះទើបតែបើកដំណើរកាលថ្មីៗនេះទេ ដែលលោកបានបើកសម្ពោធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងបើកលក់ជាផ្លូវកាលនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដែលលោកបានចាយទុនប្រមាណ៥ម៉ឺនដុល្លារដើម្បីបើកភោជនីដ្ឋាន១កន្លែងនេះ។
នេះពិតជារឿងដ៏គួរឱ្យសរសើរខ្លាំងមែនទែន ចំពោះលោក ខៀវ សុភ័ត្រា បើទោះបីជាធ្លាប់ធ្វើការជាអ្នករត់តុ តែលោកអាចវិវត្តន៍ខ្លួនមកក្លាយជាថៅកែហាងដ៏វ័យក្មេង១រូប ដូច្នេះសម្រាប់បងប្អូនដែលបានទៅលេងប្រទេសថៃកុំភ្លេចទៅជួយគាំទ្រហាងរបស់កូនខ្មែរផង ពីព្រោះហាងរបស់លោកមានលក់ទាំងម្ហូបខ្មែរ និងម្ហូបថៃប្រមាណជាង ៣០មុខ ដែលលោកបើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១១ យប់ ដែលមានអាស័យដ្ឋាននៅ ផ្សារប្រាទូណាម ផ្លូវផេតបុរី១៥ ទីក្រុងបាកកក ប្រទេសថៃ ឬធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨០ ៥២ ៤៤ ១៧២ ឬហ្វេសប៊ុកផេក Angkor restaurant ហាងម្ហូបខ្មែរ ៕