ក្រសួងអប់រំ យុវជន និងកីឡា បានដាក់សម្ពោធឱ្យអនុវត្តជាផ្លូវការសាលារៀនឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យានិងបញ្ញាសប្បនិម្មិត (AI) ដើម្បីបច្ចេកវិទ្យាអនាគតកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួង នៅក្នុងកម្មវិធីសន្និបាតបូកសរុបការងារអប់រំថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ជាការបើកទំព័រថ្មីមួយក្នុងវិស័យអប់រំ សាលារៀនឌីជីថលមិនមែនគ្រាន់តែដាក់បញ្ចូលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការរៀន បង្រៀន និងអភិបាលកិច្ចសាលារៀននោះទេ ប៉ុន្តែជាការ ផ្ដល់ឱកាសឱ្យសិស្សទទួលបានឱកាសសិក្សាដែលគ្មានដែនកំណត់។
ដោយលក្ខណៈពិសេសរបស់សាលាឌីជីថលដែលក្រសួងសម្រេចដាក់ឱ្យអនុវត្តនេះ គឺការផ្ដល់ជូនថ្នាក់រៀននិម្មិតនិងថ្នាលសិក្សាបែបអន្តរកម្ម ដោយសិស្សានុសិស្សអាចសិក្សាតាមប្រព័ន្ធឌីជីថល ដែលមានភាពបត់បែន និងអាចផ្ដល់នូវមេរៀន ទៅតាមរបៀបរៀន និងល្បឿននៃការសិក្សារៀងៗខ្លួន។
ពិសេសការប្រើឧបករណ៍ AI ក្នុងការវាយតម្លៃ និងវិភាគលទ្ធផលសិក្សារបស់សិស្ស ដោយមានអ្នកបង្រៀននិម្មិត (AI chatbots )ជួយគាំទ្រដល់ការរៀនរបស់សិស្សផ្ទាល់ និងការបង្រៀនរបស់គ្រូបានភ្លាមៗ។
លើសពីនេះទៀតឧបករណ៍ (AI) ក៏អាចផ្តល់ជំនួយទៅគ្រូបង្រៀនដូចជា បង្កើតមាតិកា ផ្តល់ យោបល់ណែនាំ និងអាចសម្រួលកិច្ចការរដ្ឋបាលមួយចំនួន បានដោយស្វ័យប្រវត្តិ។ ព្រមទាំងផ្តល់ការវិភាគទិន្នន័យ ផ្តល់យុទ្ធសាស្រ្តកែលម្អការសិក្សា ដោយផ្តោតលើទិន្នន័យជាក់លាក់ផងដែរ។
សូមជម្រាបថាសាលារៀនឌីជីថល គឺជាការបញ្ចូលបញ្ញាសិប្បនិមិត្ត (AI) ដើម្បីជំរុញនិងបង្កើនប្រសិទ្ធិភាពការសិក្សារបស់សិស្សានុសិស្ស និងការបង្រៀនរបស់ លោកគ្រូ-អ្នកគ្រូ ឱ្យដើរទៅមុខមួយជំហានទៀតស្របតាមការវិវត្តន៍ដ៏ជឿនលឿននៃវិស័យបច្ចេកវិទ្យារបស់សកលលោក។
លើសពីនេះមធ្យោបាយសិក្សាថ្មីនេះក៏អាចចូលរួមជួយកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សានុសិស្ស និងចូលរួមលើកកម្ពស់ទំនើបកម្មវិស័យអប់រំនៅកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង