កសិកម្មគឺជាវិស័យអទិភាពដែលរាជរដ្ឋាភិបាលបាននឹងកំពុងតែយកចិត្តទុកដាក់លើផ្នែកអនុគ្រោះពន្ធនិងការលើកទឹកចិត្តជាច្រើនផ្សេងទៀតដើម្បីជម្រុញដល់ការអភិវឌ្ឍឱ្យក្លាយទៅជាជន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំ។ ជាក់ស្តែង ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអនុគ្រោះពន្ធទៅដល់សហគ្រាស សិប្បកម្ម អាជីវកម្មដែលផលិតនិងកែច្នៃកសិផលចំនួន ៨មុខម្តងរួចមកហើយ ដែលមានដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និង ជ័រកៅស៊ូ។
ដោយឡែក ថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ នាព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្តលើកទឹកចិត្តផ្នែកពន្ធដារពីរឆ្នាំបន្តទៀត សម្រាប់សហគ្រាស សិប្បកម្ម អាជីវកម្មផ្គត់ផ្គង់ក្នុងស្រុកដែលផលិតនិងកែច្នៃកសិផល៨មុខខាងលើ និងបានបន្ថែមនូវកសិផលចំនួន ៥មុខបន្ថែមទៀតផងដែរ ដែលរួមមាន ៖ មៀនប៉ៃលិន, ស្វាយ, វារីវប្បកម្ម, ការចិញ្ចឹមសត្វ, និងផលិតផលដូងប្រេងក្នុងស្រុក។
គួរបញ្ជាក់ផងដែរថា ចំពោះការអនុគ្រោះពន្ធក្នុងវិស័យកសិកម្មទាំង១៣ មុខខាងលើនេះ ត្រូវមានលក្ខខណ្ឌតម្រូវឱ្យមានបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ឱ្យបានច្បាស់លាស់ទៅអគ្គនាយកដ្ឋានពន្ធដារសម្រាប់ផ្ទៀងផ្ទាត់ ដើម្បីធ្វើការអនុគ្រោះពន្ធលើការទូទាត់ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលដែលមិនស្ថិតក្នុងរបបស្វ័យប្រកាស និង អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់សេវា៕