ព្រោះតែចង់ឃើញប្រទេសកម្ពុជាមានភាពរីកចម្រើនខាងផ្នែកកសិកម្មបានជម្រុញឱ្យលោក សាន ប៊ុននីកា សម្រេចចិត្តចោលភាពសុខស្រួលនៅបរទេស និងចោលអាជីវកម្មនំដូណាត់ ៦សាខានៅអាមេរិក យកលុយមករកស៊ីនៅស្រុកខ្មែរវិញ ដើម្បីលើកស្ទួយការធ្វើកសិកម្មក្នុងស្រុកឱ្យកាន់តែមានភាពប្រសើរឡើង និងចូលរួមចំណែកកាត់បន្ថយការនាំចូលពីបរទេស តាមរយៈការបង្កើតនូវម៉ាស៊ីនស្ទូងស្រូវ ព្រោះស្រូវ និងម៉ាស៊ីនបំបែកមែកឈើសម្រាប់បំម្លែងទៅជាជី ដែលជាម៉ាស៊ីនផលិតដោយស្នាដៃកូនខ្មែរសុទ្ធសាទ។
ជាក់ស្តែង ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ប៊ុននីកា បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន Agri-Smart Innovation Co., Ltd បានឱ្យដឹងថា មុនចាប់ផ្តើមក្រុមហ៊ុនមួយនេះ លោកធ្លាប់បានទៅរស់នៅសហរដ្ឋអាមេរិកក្នុងនាមជាជនភាសខ្លួននៅអំឡុងឆ្នាំ ១៩៧៥។ លោកបានបន្តថា ការរស់នៅលើទឹកដីគេពិតមិនស្រួលប៉ុន្មានទេជាពិសេសសម្រាប់អ្នកដែលមិនសូវពូកែភាសាអង់គ្លេសមិនសូវមានថវិកាដូចលោក ហេតុនេះហើយទើបក្រោយមកលោកបានរកការងារនៅលើទឹកដីមហាអំណាចមួយនេះ ដោយការងារដំបូងរបស់លោកគឺធ្វើការជាអ្នកលាងចាននៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលមានប្រាក់ខែ ១ម៉ោង តម្លៃ១.៨០ដុល្លារ។
ថ្វីបើការងារជាអ្នកលាងចានសម្រាប់អ្នកផ្សេងមើលមកជាការងារតូចតាច ប៉ុន្តែបើនិយាយចំពោះលោក ប៊ុននីកា មិនបានគិតដូច្នោះឡើយ ផ្ទុយទៅវិញលោកបានខិតខំបំពេញការងារនេះយ៉ាងអស់ពីចិត្ត និងរៀនសូត្រពីការងារនេះជានិច្ច រហូតអាចអភិវឌ្ឍន៍ខ្លួនពីអ្នកលាងចាន ក្លាយជាអ្នកគ្រប់គ្រងហាងដល់ទៅ ១៦សាខានៅទូទាំងសហរដ្ឋអាមេរិក ថែមទាំងមានសមត្ថភាពអាចបើកអាជីវកម្មខ្លួនឯងបាន ដល់ទៅ ៦សាខាថែមទៀត។
លុះក្រោយមក នៅអំឡុងឆ្នាំ ២០០០ លោកក៏បានវិលត្រឡប់មកស្រុកខ្មែរវិញ និងបានចូលធ្វើការនៅតាមអង្គការជាច្រើនដែលធ្វើការយ៉ាងជិតស្និតក្នុងវិស័យកសិកម្ម ហើយរូបលោកផ្ទាល់ក៏បានចុះធ្វើកសិកម្មដោយផ្ទាល់ជាមួយកសិករផងដែរ។គឺដើម្បីយល់ឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀតក្នុងវិស័យកសិកម្មនេះ បន្ទាប់ពីការធ្វើកសិកម្មបានមួយរយៈពេលធំ សហគ្រិនចាស់វស្សារូបនេះក៏សម្រេចចិត្តលក់អាជីវកម្មនំដូណាត់ដែលមានទាំង៦សាខានៅអាមេរិក ហើយយកថវិកាមកបង្កើតជាអាជីវកម្មមួយថ្មីទៀតនៅក្នុងឆ្នាំ ២០១៣ សម្រាប់ជួយសម្រួលការងារដល់កសិករដែលជាអ្នកដាំដំណាំស្រូវដោយការបង្កើតម៉ាស៊ីនស្ទូងស្រូវ ព្រោះស្រូវ ខ្នាតតូចដែលប្រើកម្លាំង និង ថវិកាអស់តិច ប៉ុន្តែទទួលបានទិន្នផលខ្ពស់ជាងមុន។
តាមរយៈការបង្កើត Agri-Smart Innovation Co., Ltd បានធ្វើឱ្យការធ្វើកសិកម្មក្នុងស្រុកកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះម៉ាស៊ីនដែលផលិតដោយក្រុមហ៊ុនលោក សាន ប៊ុននីកា មានការគាំទ្រពីរាជរដ្ឋាភិបាល និងប្រជាកសិករកម្មង់ទិញជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Agri-Smart Innovation Co., Ltd បានផលិតនូវម៉ាស៊ីជាច្រើនប្រភេទដូចជា ម៉ាស៊ីនស្ទូងស្រូវ ម៉ាស៊ីនព្រោះស្រូវ និងម៉ាស៊ីនកិនបំបែកមែកឈើសម្រាប់ធ្វើជាជីកំប៉ុសជាដើម។ចំពោះម៉ាស៊ីនទាំងអស់ដែលបង្កើតឡើងដោយក្រុមហ៊ុន Agri-Smart Innovation Co., Ltd គឺផលិតដោយខ្មែរសុទ្ធសាទ ដោយមានការគូសរៀបចំដោយវិស្វករ និងជាងដែលមានជំនាញ។ហើយសម្រាប់ម៉ាស៊ីនស្ទូងស្រូវ និង ព្រោះស្រូវខាងលើនេះ គឺត្រូវបានដាក់លក់ក្នុងតម្លៃធូរថ្លៃបំផុតគឺមិនដល់ ២ពាន់ដុល្លារនោះទេ ប៉ុន្តែមានសមត្ថភាពអាចស្ទូងស្រូវបានរហ័សក្នុងមួយហិកតាប្រើមនុស្សតែម្នាក់ទៅពីរនាក់ និងចាយពេលតែ១ម៉ោងប៉ុណ្ណោះ ហេតុនេះសម្រាប់បងប្អូនដែលមានបំណងចង់កម្មង់ទិញម៉ាស៊ីនស្ទូងស្រូវ ព្រោះស្រូវ និងម៉ាស៊ីនកិនបំបែកមែកឈើ អាចធ្វើការទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក Agri-Smart Innovation Co., Ltd ឬក៏តាមរយៈលេខទំនាក់ទំនង 010 44 77 25, 095 380 337, 086 44 96 43, 090 501 708។
ដោយឡែកសម្រាប់បងប្អូនដែលចង់សហការក្នុងអាជីវកម្មផលិតម៉ាស៊ីនខ្នាតតូចរបស់ក្រុមហ៊ុន Agri-Smart Innovation Co., Ltd ក៏អាចធ្វើការចូលរួមសហការបានផងដែរ ដោយបងប្អូនអាចធ្វើការសាកសួរតាមលេខទំនាក់ទំនងទាំង ៤ ខ្សែខាងលើ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង