សេដ្ឋីថៃលោក Dhanin Chearavanont ម្ចាស់ក្រុមហ៊ុន Charoen Pokphand Group (CP) បានជាប់ចំណាត់ថ្នាក់ទី១៩លើសន្ទស្សន៍មហាសេដ្ឋីពិភពលោករបស់ Bloomberg ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៤៤.១ពាន់លានដុល្លារ ។
ខណៈត្រកូលសេដ្ឋី Chearavanont ជាគ្រួសារតែមួយគត់ពីប្រទេសថៃ ជាប្រទេសស្ថិតក្នុងតំបន់អាស៊ាន ដែលបានក្លាយជាមហាសេដ្ឋីពិភពលោក។
បច្ចុប្បន្នក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មដ៏ធំរបស់ថៃ CP Group នេះកំពុងប្រកបរបររកស៊ីប្រមូលទ្រព្យពីវិស័យកសិកម្ម ការលក់រាយ ទូរគមនាគមន៍ និងអចលនទ្រព្យ។ ឫសគល់នៃភាពជោគជ័យរបស់ត្រកូលអភិជន Chearavanont បានកើតឡើងក្រោយគ្រួសារមួយនេះ ភៀសខ្លួនពីប្រទេសចិនមក។
គ្រួសារ Chiaravanont ដែលមានឪពុកជាជនជាតិចិន បានបើកហាងលក់គ្រាប់ពូជ នាំចូលពីប្រទេសចិនដល់កសិករថៃនៅឆ្នាំ១៩២១ និងបានពង្រីកការរកស៊ីជាបន្តបន្ទាប់រហូតអាចបង្កើតក្រុមហ៊ុន Charoen Pokphand Group ដែលជាក្រុមហ៊ុនផលិតចំណីសត្វ និងបសុសត្វដ៏ធំបំផុតមួយរបស់ពិភពលោក។
យ៉ាងណាមិញនៅក្នុងប្រទេសថៃត្រកូល Chiaravanont គឺជាគ្រួសារសេដ្ឋីលំដាប់លេខ១ ហើយជាមហាសេដ្ឋីលេខ៤នៅអាស៊ី និងបានជាប់លេខ១៩ជាមហាសេដ្ឋីពិភពលោក គិតត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ៕
អត្ថបទដោយ៖ ពីង ជូអេង