ក្រុមហ៊ុនយក្សរបស់ជប៉ុន Aoen Mall គ្រោងបោះទុនលុយប្រមាណ២ ពាន់លានដុល្លារ ពង្រីកសាខា២០កន្លែងទៀតនៅប្រទេសវៀតណាម ហើយគ្រោងនិងពង្រីកការនាំចូលទំនិញវៀតណាមសម្រាប់ចែកចាយនៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Expres កាលពីថ្ងៃ ២០ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។
ប្រភពខាងលើបានឱ្យដឹងថា វៀតណាមគឺជាគោលដៅវិនិយោគដ៏ធំបំផុតសម្រាប់ AEON ទូទាំងពិភពលោក ខណៈបច្ចុប្បន្ន ផ្សារទំនើប AEON មានចំនួន ៦កន្លែងហើយនៅប្រទេសវៀតណាម រួមមាន៖ ទីក្រុងហូជីមិញ, ហាណូយ, ហៃផុង និងនៅខេត្តភាគខាងត្បូង ប៊ីញឌួង ។ ក្រុមហ៊ុនផ្សារ AEON មានផែនការពង្រីកផ្សាររបស់ខ្លួនឱ្យបានដល់ ២០កន្លែងទៀត នៅទូទាំងប្រទេសវៀតណាម ត្រឹមឆ្នាំ២០២៥ ជាមួយនឹងទុនវិនិយោគសរុប ២ពាន់លានដុល្លារ។
ក្នុងនោះលោក Pham Minh Chinh នាយករដ្ឋមន្រ្តី វៀតណាម ក៏បានស្នើរឱ្យ ក្រុមហ៊ុន AEON នាំយកទំនិញវៀតណាមកាន់តែច្រើនទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ ជាពិសេសទំនិញរបស់វៀតណាមមានដូចជា សម្លៀកបំពាក់ ស្បែកជើង ជលផល និងផលិតផលកសិកម្ម ជាដើម។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសវៀតណាមគឺជាប្រភពចំណូលធំជាងគេរបស់ AEON ដែលមានទឹកប្រាក់ជាង ១.១៨ ពាន់លានដុល្លារអាមេរិក៕
អត្ថបទដោយ៖ ឌឿក ស្រីនុត