យប់ឡើងកូរពោះឃ្លាន ជឿថាបងប្អូនមួយចំនួននឹងនឹកដល់ម៉ាតដែលពោរពេញទៅដោយអាហារសម្រន់សម្បូរបែបដូចជា 7-Eleven នេះមិនខាន ខណៈយីហោនេះមានជាង១៧ម៉ឺនសាខារួមមានទាំងកម្ពុជាយើងដែរ ហើយការលើកផ្លាកធំៗមានបីពណ៌ចម្រុះគ្នាតាមដងផ្លូវដែលយើងតែងក្រឡេកឃើញនោះគឺបានបង្ហាញអំពីរបៀបរកស៊ីនិងចក្ខុវិស័យរបស់យីហោដ៏ចំណាស់នេះ។
ជាការពិតណាស់ 7-Eleven គឺមានដើមកំណើតនៅឆ្នាំ១៩២៧ នារដ្ឋតិចសាស់សហរដ្ឋអាមេរិក ដែលដំបូងឡើយគឺជារោងចក្រផលិតទឹកកកដែលមានឈ្មោះថា Scotland Ice។ ប៉ុន្តែដោយសារមើលឃើញពីបញ្ហារបស់អតិថិជន ក៏មានបុគ្គលិកក្នុងរោងចក្រម្នាក់ យល់ឃើញថាហាងនេះគួរតែជាកន្លែងផលិតទឹកកកដែលពោរពេញដោយអាហារដែលជាតម្រូវការរបស់អតិថិជន អមមកជាមួយដែរ ទើបអាចបង្កើនការលក់ បើមិនដូច្នេះទេនៅពេលដែលគេឈប់ប្រើទឹកកក រោងចក្រនឹងដួលបាស់ជើងមិនខាន។
លឿនដូចផ្លេកបន្ទារ គំនិតនេះធ្វើឱ្យហាងពិតជាដំណើរការទៅមុខដោយរលូន ហើយមានភ្ញៀវចូលណែនៗជារៀងរាល់ថ្ងៃ ប៉ុន្តែបញ្ហាធំមួយនោះគឺហាងឆាប់បិទពេក ដោយបានបើកនៅម៉ោង៧ព្រឹកនិងបិទទៅវិញនៅម៉ោង១១យប់ តែនៅតែភ្ញៀវមានខ្លះនៅរហូតដល់ម៉ោងបិទហាងក៏មិនចង់ទៅវិញដែរ ជារឿយៗតែងមានក្មេងសិស្សសាលាជាច្រើនមកអង្គុយរៀនស្ទើរតែដល់ពាក់កណ្តាលអាធ្រាត និងមានក្រុមកីឡាករមកអង្គុយដល់មេឃភ្លឺក៏មាន ហើយនេះតម្រូវការរបស់អតិថិជន។
ដូច្នេះម្ចាស់ហាងក៏សម្រេចចិត្តប្តូរឈ្មោះមកជា 7-Eleven ដូចសព្វថ្ងៃដែលមានន័យថា “មួយសប្តាហ៍ពេញ ២៤ម៉ោងក្នុង១ថ្ងៃ បើកមិនចេះបិទ” ពោលគឺបើកបម្រើភ្ញៀវដោយមិនសម្រាកនោះទេ អតិថិជនត្រូវការកណ្តាលអាធ្រាតក៏បាន។ ដោយឡែកពណ៌ដែលប្រើនៅលើឡូហ្គោ ទាំងបីនោះគឺមកពីស្លឹកឈើម្យ៉ាងដែលគេជឿថាតំណាងឱ្យការនាំសំណាងល្អៗជានិច្ច ដល់យីហោនិងការរកស៊ីរបស់ពួកគេ។
គួរជម្រាបផងដែរយីហោ7-Eleven គឺជាយីហោដែលល្បីល្បាញពេញពិភពលោក ចំណាស់ជាងគេ និងនៅតែមានសក្តានុពលមកទល់ពេលបច្ចុប្បន្ននេះ ដែលសព្វថ្ងៃយីហោនេះត្រូវបានកាន់កាប់ដោយក្រុមហ៊ុនជប៉ុន១ឈ្មោះថា Seven-Eleven Japan ក្រោយបានធ្វើការដេញថ្លៃភាគហ៊ុនជាងពាក់កណ្តាលពីអាមេរិកកាលពីឆ្នាំ២០០៥៕
អត្ថបទដោយ៖ ពីង ជូអេង