ទិដ្ឋភាពនៃការរៀនឌីជីថលសព្វថ្ងៃនេះការ ការស្ទាត់ជំនាញលើការសរសេរអត្ថបទជាភាសាអង់គ្លេសបានក្លាយកិច្ចការសំខាន់មួយដែលអ្នកសិក្សាភាគច្រើនត្រូវចេះ ពិសេសសម្រាប់អ្នកចង់ដាក់ពាក្យអាហារូបករណ៍ទៅរៀននៅក្រៅប្រទេស។
ដូច្នេះសម្រាប់អ្នកខ្សោយការសរសេរជាភាសាអង់គ្លេសនិងចង់ពង្រឹងខ្លួនឯងឱ្យចេះចាំស្ទាត់ អាចប្រើវេបសាយ ចូលរៀននិងប្រើដោយឥតគិតថ្លៃមួយគឺ Write & Improve ដែលត្រូវបានបង្កើតឡើងដោយសហការជាមួយ University of Cambridge។
ក្នុងគោលបំណងដើម្បីជួយអ្នកសិក្សាជុំវិញពិភពលោកបង្កើននិងពង្រឹងជំនាញសរសេររបស់ពួកគេយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ ខណៈវេបសាយនេះមានប្រយោជន៍ខ្លាំង សម្រាប់អ្នកដែលត្រៀមប្រឡងដូចជា IELTS និងការធ្វើតេស្តភាសាអង់គ្លេសបែបសិក្សា ឬវិជ្ជាជីវៈផ្សេងទៀត។
វេបសាយ Write & Improve នេះអាចជួយអ្នកសិក្សាអនុវត្តការសរសេរតាមកម្រិតជំនាញផ្សេងៗគ្នា តាំងពីចាប់ផ្តើមរហូតដល់កម្រិតខ្ពស់។ ពិសេសជាងនេះទៀតក្នុងរយៈពេលប៉ុន្មានវិនាទី អ្នកសិក្សាដែលបានសរសេរអត្ថបទបញ្ចូលនឹងទទួលបានមតិកែលម្អត្រឡប់មកវិញភ្លាមៗ លើវេយ្យាករណ៍ វាក្យសព្ទនិងរចនាសម្ព័ន្ធប្រយោគជាដើម។
ជាការពិតណាស់កម្មវិធីសិក្សារបស់ Cambridge គឺជាឈ្មោះមួយក្នុងចំណោមឈ្មោះដែលគួរឱ្យទុកចិត្តបំផុតក្នុងការអប់រំភាសាអង់គ្លេស។ វេបសាយអនឡាញរបស់ Cambridge ខាងលើនេះអាច ផ្តល់នូវមធ្យោបាយសិក្សាដ៏ល្អបំផុតមួយ មិនថាអ្នកកំពុងរៀនត្រៀមសម្រាប់ការប្រឡង សរសេរសម្រាប់ការងារ ដាក់ពាក្យអាហារូបករណ៍ទៅបរទេស ឬចង់តេស្តសមត្ថភាពភាសាអង់គ្លេសខ្លួនឯងជាដើម៕
អត្ថបទដោយ៖ ពីង ជូអេង