បច្ចុប្បន្នការរស់នៅក្នុងខុនដូ បានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ការរស់នៅ ឬវិនិយោគក្នុងយុគសម័យថ្មី បន្ទាប់ពីដីនិងផ្ទះ។ ដោយសាបច្ចុប្បន្ននេះ ការរស់នៅរបស់ប្រជាជនមានភាពស៊ីវិល័យជាងមុន ឬចង់ស្នាក់នៅក្នុងក្រុង ដើម្បីងាយស្រួលក្នុងការរស់នៅ។
យោងតាមការដកស្រង់ចេញពីគេហទំព័រ Bankrate បានបង្ហាញពីគន្លឹះ ៦ យ៉ាងដែលលោកអ្នកគួរគិត មុនសម្រេចចិត្តដកលុយទិញខុនដូរ៖
១. តម្លៃ
មិនខុសអីពីការទិញគម្រោងផ្ទះបុរី ឬផ្ទះល្វែង ទិញខុនដូ ក៏ទាមទារឱ្យអ្នកពិនិត្យមើលលើតម្លៃ ការបង់ប្រាក់ និងលទ្ធភាពនៃការបង់ប្រាក់របស់អ្នក។ ខុនដូ ក្នុងទីក្រុងមានច្រើនជម្រើស ច្រើនសណ្ឋាន សេវាកម្មសម្បូរបែប រីឯតម្លៃវាក៏ប្រែប្រួលតាមនោះ។ ដូច្នេះមុនសម្រេចចិត្តទិញយកគម្រោងខុនដូ ណាមួយ អ្នកគួរពិចារណាឱ្យបានល្អិតល្អន់។
២. ទីតាំង
គម្រោងខុនដូ មានច្រើនជម្រើស ច្រើនទីតាំង ប៉ុន្តែអ្នកក៏ត្រូវជ្រើសរើសសទីតាំងឱ្យចំកន្លែងដែលហុចផលល្អដល់អ្នកក្នុងពេលអនាគតដូចគ្នាដែរ។ តំបន់ទាំងនោះ គួរតែតំបន់មានសក្តានុពល ជាតំបន់សហគមន៍ ប្រមូលផ្ដុំដោយសាលារៀន មន្ទីរពេទ្យ ផ្សារជាដើម។
៣. ឯកសារប្លង់
វិញ្ញាបនប័ត្រនេះ គឺជាប្លង់រឹងស្របច្បាប់ដែលបញ្ជាក់ថាអ្នកទិញគឺជាកម្មសិទ្ធិករនៃចំណែកឯកជនក្នុងអគារសហកម្មសិទ្ធិដែលខ្លួនបានទិញពីម្ចាស់គម្រោងជារៀងរហូត មិនមែនជាកម្មសិទ្ធិ៩៩ឆ្នាំ ដូចអ្នកខ្លះបានគិត ឬលើកឡើងនោះឡើយ។ ដូចនេះ លោកអ្នកត្រូវប្រាកដថា ក្រោយពីបានទិញខុនដូ (អគារសហកម្មសិទ្ធិ) ណាមួយ អ្នកលក់ ឬម្ចាស់គម្រោងនៃអគារសហសិទ្ធិនោះត្រូវតែចេញវិញ្ញាបនប័តសម្គាល់ម្ចាស់ចំណែកឯកជនជូនលោក-អ្នកជាដាច់ខាត។
៤. ចំណាយទូទៅប្រចាំខែសម្រាប់អ្នករស់នៅខុនដូ
ជាទូទៅ គ្រប់ខុនដូទាំងអស់ សុទ្ធតែមានចំណាយលើថ្លៃជួសជុល ឬសេវាកម្មប្រចាំខែផ្សេងៗ ដូចជាថ្លៃសម្អាត កន្លែងហាត់ប្រាណ អាងហែលទឹក ចំណតឡាន និងចំណាយបន្ទាប់បន្សំ (អាស្រ័យលើកញ្ចប់គេផ្ដល់ជូន )ដែលចំណាយនេះ ហៅថា Homeowners Associations (HOA)។
ដើម្បីឱ្យការរស់រស់នៅមានល្អប្រសើរ គួរពិភាក្សាលើចំណាយទាំងនេះឱ្យបានច្បាស់លាស់ ព្រោះវាជាចំណាយដែលអ្នកនឹងសរសេរចូលក្នុងតារាងចំណូលចំណាយជារៀងរាល់ខែ។
៥. ផលលំបាកក្នុងការស្នើសុំកម្ចីបង់រំលស់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ
នាពេលបច្ចុប្បន្ន ការបង់រំលស់ខុនដូជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ហាក់មិនទាន់មាននៅឡើយ ឬបើមាន ក៏ពិបាកក្នុងការស្នើសុំ។ ដូចនេះ អ្នកអាចនឹងត្រូវពិចារណាលើលទ្ធភាព និងគណនាចំណូលចំណាយដោយខ្លួនឯងផ្ទាល់ ដើម្បីប្រាកដថា ចំណូលរបស់អ្នកគ្រប់គ្រាន់ល្មមនឹងអាចបង់រំលស់ដោយឥតមានបញ្ហា។
ដោយឡែក ដោយសារតែទីផ្សារប្រកួតប្រជែងខុនដូមានច្រើន ដែលខុនដូផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួនលើការទូទាត់ប្រាក់ ឬបង់រំលស់ដោយឥតមានការប្រាក់ក្នុងចន្លោះពី ២ ទៅ ៥ឆ្នាំឯណោះ។
៦. យល់ដឹង GRR
ការធានានៃការជួលត្រឡប់ (GRR) គឺជាកិច្ចសន្យាផ្លូវការរវាងអ្នកទិញអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍គម្រោង ដែលនៅក្នុងកិច្ចសន្យានោះអ្នកអភិវឌ្ឍន៍យល់ព្រមបង់ប្រាក់ឱ្យអ្នកទិញនូវចំនួនទឹកប្រាក់ជាក់លាក់នៃការធានាជួលត្រឡប់មកវិញក្នុងរយៈពេលកំណត់ណាមួយ។ អត្រា GRR ប្រែប្រួលចន្លោះពី ៨ ទៅ ១២ភាគរយ អាស្រ័យលើការចរចាររវាងអ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។
បច្ចុប្បន្ន អគារសហកម្មសិទ្ធិ ឬខុនដូ កំពុងតែមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសនៅទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាទីតាំងដ៏មានសក្តានុពលបំផុតផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយអគារខុនដូទាំងនោះមានការដាក់លក់ ឬជួលជាច្រើនស្របតាមតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាត៕
អត្ថបទដោយ៖ ឌឿក ស្រី នុត