មាន ឬក្រ រុងរឿង ឬរ៉ោករ៉ា អាស្រ័យលើឥរិយាបថដែលមនុស្សម្នាក់ៗឆ្លើយតបទៅនឹងព្រឹត្តិការណ៍កើតឡើងក្នុងជីវិត។ ខាងក្រោមនេះ គឺជាមនុស្ស៥ប្រភេទ ដែលពិបាកក្លាយជាអ្នកមានបំផុត ដោយយោងតាមការសិក្សារបស់ Making of a Millionaire៖
១/. មនុស្សចូលចិត្តគិតស្រួលៗ៖ ជាធម្មតា មនុស្សចូលចិត្តគិតអ្វីដែលមានលក្ខណៈងាយស្រួល ចៀសជាងគិតទៅលើរឿងអ្វីដែលបង្កការលំបាក និងមានភាពស្មុគស្មាញ។ កត្តានេះហើយដែលមនុស្សភាគច្រើនពិបាកក្នុងការកសាងភាពមានបាន ព្រោះវានឹងកើតមានឡើងជាមួយការគិតដែលមានលក្ខណៈអស្ចារ្យតែប៉ុណ្ណោះ។
២/. មនុស្សចង់ធ្វើរឿងងាយៗ៖ ផ្នែកមួយដែលរារាំងមនុស្សមិនឲ្យទទួលបានភាពមានបាន គឺមនុស្សមានទំនោរ និងទម្លាប់ចង់ធ្វើតែរឿងដែលមានភាពងាយស្រួល។ លើសពីនេះ មនុស្សភាគច្រើនចូលចិត្តរស់នៅក្នុងតំបន់សុវត្ថិភាពដែលជារនាំងមួយធ្វើឲ្យពួកគេពិបាកក្នុងការកសាងភាពបានណាស់។
៣/. មនុស្សខ្ជិលច្រើន៖ ភាពខ្ជិលច្រអូស គឺជាឬសគល់នៃភាពល្ងង់ខ្លៅ និងសេចក្តីវិនាស។ តែទោះជាយ៉ាងណា ភាពខ្ជិលបានកើតមានឡើងចំពោះមនុស្សគ្រប់រូប គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ប៉ុន្តែដោយឡែក មនុស្សមួយចំនួនចូលចិត្តប្រើប្រាស់ជីវិតរស់នៅក្នុងភាពខ្ជិលច្រអូស និងនិយមប្រើពាក្យ "ចាំសិន" ហើយនេះក៏ជាមូលហេតុដែលរារាំងពួកគេមិនអាចកសាងភាពមានបានផងដែរ។
៤/. មនុស្សចូលចិត្តបន្ទោស៖ អ្នកខ្លះ ចូលចិត្តស្តីបន្ទោសទៅកាន់អ្នកដទៃ និងមជ្ឈដា្ននខាងក្រៅនូវរាល់សំណាងអាក្រក់របស់ខ្លួន ដោយមិនឈរលើហេតុផលសមរម្យណាមួយនោះឡើយ។ ការស្តីបន្ទោស និងសកម្មភាពដែលមិនបានឆ្លុះបញ្ជាំងពីកំហុសរបស់ខ្លួន គឺជាមូលហេតុមួយដែលពិបាកក្នុងការកសាងភាពមានបានណាស់។
៥/. មនុស្សបណ្តោយតាមយថាកម្ម៖ ពាក្យថា បណ្តោយតាមយថាកម្ម គឺជាពាក្យដ៏ពេញនិយមរបស់មនុស្សមួយភាគធំក្នុងសង្គមបច្ចប្បន្ន។ ហើយពាក្យមួយឃ្លានេះ ក៏បានធ្វើឲ្យមនុស្សបណ្តោយខ្លួនទៅតាមព្រេងវាសនា និងរស់នៅគ្មានគោលដៅសម្រាប់ខ្លួនឯងច្បាស់លាស់។ មិនតែប៉ុណ្ណោះ វាក៏ជាផ្នែកមួយដែលធ្វើឲ្យមនុស្សមិនបានខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព និងលើកលែងទោសឲ្យខ្លួនឯងជានិច្ចបើទោះបីជាមានរឿងអ្វីក៏ដោយ។
យ៉ាងណាមិញ លោកតាក្នុងក្រដាស១០០ដុល្លារ និងជាបិតាស្ថាបនិកសហរដ្ឋអាមេរិក លោក Benjamin Franklin បានលើកឡើងថា “ភាពឧស្សាហ៍ព្យាយាម គឺជាមាតានៃសំណាង” ។ រីឯក្នុងសុភាសិតខ្មែរ ដែលបានតាំងតែងឡើងដោយ ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម ក៏បានចែងផងដែរថា “កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាសល្ងង់ទើបចេះ ខ្មាសក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល”។ បើអ្នកចង់បានអ្វីដែលខ្លួនមិនធ្លាប់មាន ត្រូវហ៊ានធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook