កុំធ្វើឱ្យសោះ! នេះជាមិត្តរួមការងា.រទាំង៥ប្រភេទ ធ្វើការជាមួយគ្នាយូរៗ ក្រុមបែ.កបា.ក់សាមគ្គីអស់
Ping Chou EngMARCH 13 20241.8 K views

ក្រុមការងារប្រៀបដូចជាកោសិកានៃភាពរីកចម្រើនរបស់ក្រុមហ៊ុនមួយ តែប្រសិនបើក្រុមហ៊ុនមួយសម្បូរទៅដោយកោសិកាកាចៗ នោះនឹងបង្កឱ្យមានការឆ្លងរាលដាលរោគសញ្ញាមិនល្អ សុខភាពក្រុមហ៊ុនចុះខ្សោយជាមិនខាន។ យ៉ាងណាមិញខាងក្រោមនេះគឺជាក្រុមការងារទាំង៥ប្រភេទ ដែលធ្វើការជាមួយគ្នាយូរៗទៅ បែកបាក់សាមគ្គីអស់។

ប្រភេទទី១. មិត្តរួមការងារ មានអត្តចរិតតួឯក៖ ជាប្រភេទមិត្តរួមការងារដែលតែងតែប្រកាន់គំនិតខ្លួនឯង មានភាពមានៈ ចូលចិត្តយកមុខមាត់លើស្នាដៃការងារអ្នកដទៃ និយាយច្រើនតែធ្វើតិច ពូកែយកចិត្តអ្នកធំដើម្បីលាភសក្ការៈ ធ្វើបាបអ្នកមានតួនាទីតូចតាច ចូលចិត្តបំបាក់់មុខអ្នកជុំវិញខ្លួន ដើម្បីយកល្អខ្លួនឯងជាដើម។

ប្រភេទទី២. មិត្តរួមការងារ ចូលចិត្តនិយាយពីមាត់១ទៅមាត់១៖ ជាប្រភេទមិត្តរួមការងារដែលនិយាយដើមអ្នកដទៃទុកជាកម្សាន្តអារម្មណ៍ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ មួលបង្កាច់គេ និយាយបំភ្លើសអំពីបុគ្គល និយាយដើមមេ និយាយបំភ្លើសអំពីក្រុមហ៊ុន និយាយកុហកច្រើន គ្មានសីលធម៌សុជីវធម៌ ប្រើអារម្មណ៍ផ្ទាល់ខ្លួនមកធ្វើការ និងមិនចេះក្រែងចិត្តមនុស្សជុំវិញខ្លួន។

ប្រភេទទី៣. មិត្តរួមការងារ គិតប្រយោជន៍ផ្ទាល់ខ្លួនហួសហេតុ៖ ជាប្រភេទមិត្តរួមការងារ ដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរហូតហ៊ានបំផ្លាញមនុស្សជុំវិញខ្លួន មិនគិតពីប្រយោជន៍រួម ចូលចិត្តឃើញគេបរាជ័យ អំនួតក្អេងក្អាង មិនដែលយកអាសារអ្នកដទៃ មើលស្រាលថាគ្មាននរណាមានសមត្ថភាពដូចខ្លួននៅក្នុងក្រុម អាចខ្សែលើគេបាន និងមិនគោរពតួនាទីខ្លួនឯង។  

ប្រភេទទី៤. មិត្តរួមការងារ មើលងាយគ្នា ច្រណែនឈ្នានីសច្រើន៖ ជាប្រភេទមិត្តរួមការងារ ដែលនិយាយមាក់ងាយគេរួបរាង ជីវភាព ការងារ និងប្រើពាក្យសម្តីមិនសមរម្យដាក់អ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះអ្នកធ្វើការដែលចូលចិត្តបែងជើងច្រណែនឈ្នានីសគ្នា ខ្លាចគេមានលទ្ធផលល្អជាង ចូលចិត្តបង្កជម្លោះ និងប្រើសម្តីហិង្សាថែមទៀត។

ប្រភេទទី៥. មិត្តរួមការងារ មានគំនិតអវិជ្ជមានខ្លាំង៖ ជាប្រភេទមិត្តរួមការងារដែលមានគំនិតមិនចុះសម្រុងនឹងគេឯង គិតអវិជ្ជមានលើគេ មិនចូលចិត្តនិយាយប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញ មើលឃើញតែកំហុស មើលបំណាំអ្នកដទៃ ប្រកាន់ច្រើន ត្អូរត្អែរច្រើន និងមិនដែលទទួលស្តាប់ឬយកគំនិតអ្នកដទៃមកពិចារណា​នោះឡើយ ខ្លួនគាត់ចេះដឹងគ្រប់យ៉ាង។

យ៉ាងណាបើតាមប្រភពពីការសិក្សាស្រាវជ្រាវពី អ្នកចិត្តសាស្រ្តដែលបានទទួលការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ Harvard អ្នកស្រី Juliette Han បានឱ្យដឹងថានៅកន្លែងធ្វើការ ការដែលមានថៅកែជាមនុស្សពុល មិត្តរួមការងារពុល ឬអតិថិជនពុល វាអាចជំរុញខួរក្បាលរបស់អ្នកឱ្យស្ថិតក្នុងស្ថានភាពស្ត្រេស ធ្វើឱ្យប៉ះពាល់ដល់ផលិតភាពរបស់អ្នក និងបំផ្លាញទំនុកចិត្តរបស់អ្នកបាន។

ក្នុងនោះបើយោងតាមការចុះផ្សាយរបស់ CNBC អ្នកស្រី Juliette Han ក៏បានបន្ថែមយ៉ាងដូច្នេះ៖ “មនុស្សដែលចូលចិត្តត្អូរត្អែរច្រើន ឬមានអាកប្បកិរិយាមិនល្អចំពោះការងារ ក៏អាចធ្វើឱ្យមិត្តរួមការងារជុំវិញខ្លួនស្រ្តេសបានផងដែរ ហើយគន្លឹះក្នុងការដោះស្រាយជាមួយមនុស្សពុលបែបនេះគឺត្រូវយល់ដឹងអំពីរបៀបរបបនិងអត្តចរិតពួកឱ្យបានទាន់ពេលវេលាជៀសវាស អ្នកត្រូវបានគេអូសទាញក្លាយជាមនុស្សបែបនេះដែរ”៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia