សព្វថ្ងៃនេះ ប្រជាជនកម្ពុជានិយាយវែកញែក អំពីការវិនិយោគច្រើនជាងមុន ប៉ុន្តែក្នុងនោះយើងសង្កេតឃើញថា មានបញ្ហាវិនិយោគបោកប្រាស់ជាច្រើនដែលបំផ្លាញលុយកាក់របស់មនុស្សស្លូតត្រង់មួយចំនួន ដែលចង់វិនិយោគបង្កើនទ្រព្យតែរើសចំកន្លែងខុស។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅក្នុងវីដេអូមួយលើឆានែលយូធូបផ្លូវការរបស់ នាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ លោកបានចែករំលែកនូវរិធីងាយៗ៥យ៉ាង ដែលអាចជួយលោកអ្នកឱ្យសម្គាល់គម្រោងវិនិយោគបោកប្រាស់បាន។
ទី១. សន្យាចំណេញខ្ពស់៖ ឯកឧត្តមលើកឡើងថា បើគេសន្យាថាផ្ដល់ប្រាក់ចំណេញកាន់តែខ្ពស់គឺកាន់តែគួរឱ្យសង្ស័យហើយ ព្រោះថាគម្រោងវិនិយោគពិតប្រាកដមិនអាចចំណេញខ្ពស់ពេកទេ។
ទី២. ចំណេញទៀងទាត់ពេក៖ ពេលដែលគេមកណែនាំយើង តើគេហ៊ានសន្យាចំណេញទៀងទាត់កម្រិតណា? ជួនកាលអាចនិយាយថា មួយអាទិត្យម្ដង, មួយខែម្ដង ឬ៣ខែម្ដង បាន១០%ឬ ២០%ជាដើម។ ការនិយាយបែបនេះគឺជាការបោកប្រាស់ហើយ ព្រោះគម្រោងវិនិយោគពិតប្រាកដមិនអាចចំណេញទៀងទាត់ដល់ថ្នាក់កំណត់ថ្ងៃបានទេ។ គម្រោងវិនិយោគពិត មានពេលខ្លះចំណេញតិច, ពេលខ្លះច្រើន ហើយពេលខ្លះទៀតអាចនឹងខាតទៀតផង។
ទី៣. រូបមន្តសម្ងាត់៖ ជនបោកប្រាស់ ព្យាយាមពន្យល់យើងនូវវិធីបង្កើតប្រាក់ចំណេញមិនឱ្យច្បាស់លាស់ ដោយជំនួសឱ្យពាក្យថាវាជាការសម្ងាត់។ ឬប្រើវិធីសាស្រ្តពន្យល់ចេញមកស្ដាប់មិនយល់ បន្លែបន្លំគ្មានអំណះអំណាងច្បាស់លាស់។
ទី៤. ពិបាកទទួលឯកសារផ្លូវការ៖ គម្រោងវិនិយោគដែលគួរឱ្យសង្ស័យគឺ មិនហ៊ានបង្ហាញឯកសារពាក់ព័ន្ធច្បាស់ៗ ដូចជាលាក់បាំងឬពិបាកស្នើសុំ ឯកសារធនាគារ និងឯកសារវិនិយោគអីផ្សេងៗ។
ទី៥. ពិបាកដកលុយ៖ ចុងក្រោយគឺការពិបាកស្នើដកសាច់ប្រាក់ត្រឡប់មកវិញ ដោយការលើកថ្ងៃឥតឈប់ឈរ។ ប្រសិនបើគេមានហេតុផលបន្តបន្ទាប់ ដើម្បីឃាំងឃាត់មិនទាន់ឱ្យយើងអាចដកសាច់ប្រាក់មកវិញមិនថា ប្រាក់ដើមឬប្រាក់ចំណេញ មានន័យថាគម្រោងវិនិយោគនេះស្ថិតក្នុងការសង្ស័យហើយ។
អត្ថបទដោយ៖ សូ សុខលី (កូនស្មេរចល័តចរ)
លោកអ្នកអាចទំនាក់ទំនងផ្សព្វផ្សាយអាជីវកម្មរបស់អ្នកតាមរយៈទូរស័ព្ទលេខ៖ ០១៥២០២៥៤២