វ័យខ្ទង់ ២០-៣០ឆ្នាំមិនទាន់សល់អី? ប្រើក្បួនទាំង ៥នេះ ក្រុមសេ.ដ្ឋីចូលចិត្តធ្វើបំផុត ដើម្បីកសាងអនាគតធូរធារ
Kan DaraJULY 16 2025896 views

ចូលដល់វ័យខ្ទង់៣០ឆ្នាំ មិនទាន់សល់អ្វីជាដុំកំភួន អាចជារឿងហានិភ័យមួយ។ ត្បិតបើចាយពេលនេះខុស អាចនាំវិប្បដិសារីយ៍ ទុក្ខទោសនៃទណ្ឌកម្មលុយ ព្រួយបារម្ភច្រើននៅវ័យចាស់ជរាមិនខាន។ ខាងក្រោមនេះ គឺជាស្នៀតទាំង៥ ដែលក្រុមសេដ្ឋីចូលចិត្តធ្វើបំផុត ដើម្បីកសាងអនាគតធូរធារ៖

១/. ចំណាយលើខ្លួនឯងជាមុន

គោលការណ៍ជាមូលដ្ឋានក្នុងហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺការគិតគូលើខ្លួនឯងជាមុន ពាក់ព័ន្ធនឹងការបែងចែកចំណែកនៃប្រាក់ចំណូលទៅលើគណនីសន្សំ និងការវិនិយោគ មុនពេលបោះលុយចូលក្នុងកញ្ចប់ចំណាយផ្សេងៗ។ ដើម្បីអនុវត្តច្បាប់នេះ ត្រូវកំណត់ភាគរយនៃប្រាក់ចំណូលរបស់អ្នក និងរៀបចំការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិទៅកាន់គណនីសន្សំ និងការវិនិយោគ។ វាមិនធ្វើឲ្យអ្នកតឹងតែងឡើយ មានតែជំរុញទឹកចិត្តពេលចំនួនលុយកើនឡើងជាលំដាប់។

២/. បង្កើតប្រព័ន្ធចំណូលច្រើនប្រភព

ការបង្កើតប្រព័ន្ធប្រាក់ចំណូលកាត់បន្ថយហានិភ័យ និងបង្កើតប្រាក់ចំណូលអកម្ម ដែលរួមចំណែកដល់សន្តិសុខហិរញ្ញវត្ថុរយៈពេលវែង។ ក្រុមសេដ្ឋីតែងមានប្រភពចំណូលលើសពីពីរ រួមមានប្រាក់ចំណូលពីការវិនិយោគភាគហ៊ុន មូលបត្របំណុល អចលនទ្រព្យ ប្រាក់ចំណូលពីអាជីវកម្ម ឬអាជ្ញាប័ណ្ណផ្សេងៗ។ ចំពោះការបង្កើតប្រព័ន្ធប្រាក់ចំណូលនេះតម្រូវឲ្យមានជំនាញច្បាស់លាស់ស្របតាមចំណងចំណូលចិត្ត  និងបង្កើតផែនការអាជីវកម្ម ឬយុទ្ធសាស្ត្រវិនិយោគ។ អ្នកអាចសម្រេចបាននូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុដ៏អស្ចារ្យ និងឯករាជ្យភាពដោយប្រើប្រាស់ភាពខ្លាំង និងចំណាប់អារម្មណ៍របស់អ្នក។

៣/. វិនិយោគលើខ្លួនឯងជាបន្តបន្ទាប់

ការអភិវឌ្ឍខ្លួនដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ ការពង្រឹងចំណេះដឹង និងជំនាញរបស់អ្នកអនុញ្ញាតឱ្យអ្នករក្សាទំនាក់ទំនង និងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារ។ ក្រុមសេដ្ឋីវិនិយោគលើខ្លួនឯងតាមរយៈការអប់រំផ្លូវការ វិញ្ញាបនបត្រវិជ្ជាជីវៈ ការអាន ចូលរួមសិក្ខាសាលា និងការកសាងបណ្តាញជាដើម។ ចូរដៅចំណុចខ្ពស់មួយដែលអ្នកចង់ទៅដល់ និងកំណត់គោលដៅសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួន។ បែងចែកពេលវេលា និងធនធានសម្រាប់ការរៀនសូត្រ ធានាថាអ្នកបន្តរីកចម្រើន និងវិវឌ្ឍន៍ខ្លួនទៅមុខជានិច្ចលើអាជីពរបស់អ្នក។

៤/. ហ៊ុំព័ទ្ធខ្លួនជាមួយបុគ្គលដែលមានគំនិតដូចគ្នា

មជ្ឈដ្ឋានជុំវិញខ្លួនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នត់គំនិតហិរញ្ញវត្ថុរបស់អ្នក។ បណ្តាញ និងការណែនាំផ្តល់នូវអត្ថប្រយោជន៍ដ៏ខ្លាំងក្លា ដែលអនុញ្ញាតឱ្យអ្នករៀនពីភាពជោគជ័យ និងភាពបរាជ័យរបស់អ្នកដទៃ។ ក្រុមសេដ្ឋីបង្កើតបណ្តាញរបស់ពួកគេដោយចូលរួមជាមួយអង្គការវិជ្ជាជីវៈ ចូលរួមក្នុងព្រឹត្តិការណ៍ឧស្សាហកម្ម និងចូលរួមក្នុងក្រុមមនុស្សមានគុណភាព ឬកម្មវិធីជំនួបផ្សេងៗជាដើម។

៥/. កុំខ្លាចក្នុងការស្វែងរកដំបូន្មានពីអ្នកជំនាញ

ការណែនាំផ្នែកហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈអាចមានតម្លៃមិនអាចកាត់ថ្លៃបាន។ ក្រុមសេដ្ឋីបង្កើតក្រុមទីប្រឹក្សាហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត ហើយពិគ្រោះជាមួយពួកគេជាទៀងទាត់ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងខ្ពស់។

យ៉ាងណាមិញ ការយល់ដឹងនិងការអនុវត្តច្បាប់លុយទាំង៨ខាងលើ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់អ្នក។ ចេះចាយពេលវេលា ចេះរកលុយ ចេះទុកលុយ ចេះប្រើលុយប្រកបដោយប្រសិទ្ធភាពខ្ពស់ទាំងវ័យក្មេង គឺជាមាគ៌ាដឹកនាំជីវិតអ្នកទៅកាន់អនាគតដ៏ធូរធារ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia