ពាក្យថាបំណុល ស្ដាប់មួយភ្លែតយើងអាចនឹងគិតដល់ន័យអវិជ្ជមាន ប៉ុន្តែតាមពិតទៅការដែលជំពាក់គេមិនមែនសុទ្ធតែជាបញ្ហាទាំងអស់ឡើយ។ ជាក់ស្ដែងមានក្រុមហ៊ុនក៏ដូចជាអាជីវកម្មតូចធំជាច្រើន បានប្រើប្រាស់ ប្រាក់កម្ចី សម្រាប់ការវិនិយោគ ជួល និងបង្កើនផលិតផលរបស់ក្រុមហ៊ុនពួកគេ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចមិននឹងនរ បំណុលល្អទាំងអស់នោះក៏អាចក្លាយជាបន្ទុកវ័ណ្ឌកផងដែរ។
ខាងក្រោមនេះជារបាយការណ៍ពីគេហទំព័រ Global Finance ដែលបង្ហាញអំពី ក្រុមហ៊ុនខ្នាតយក្សទាំង៥ ជាប់បំណុលច្រើនបំផុតក្នុងឆ្នាំ២០២៣៖
១. ក្រុមហ៊ុន Toyota Motor Corporation
នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនជប៉ុន Toyota លក់រថយន្តបានចំនួន ១០.៥លានគ្រឿង មានតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោក ប៉ុន្តែ Toyota ក៏ជាក្រុមហ៊ុនដែលជំពាក់បំណុលគេច្រើនបំផុតផងដែរ។ ក្រុមហ៊ុននេះមានបំណុលរយៈពេលវែងសរុបជាទឹកប្រាក់ប្រមាណជាង ២០០ពាន់លានដុល្លារ។
២. ក្រុមហ៊ុន Evergrande
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន មួយនេះមានគម្រោងនៅក្នុងទីក្រុងជាង ២០០ រាប់ចាប់តាំងពីខុនដូ ផ្ទះ រហូតដល់សួនកម្សាន្ត។ Evergrande រស់ក្នុងបន្ទុកបំណុលជាច្រើនឆ្នាំ ហើយកាន់តែយ៉ាប់ខ្លាំងពេលឆ្លងកាត់ជំងឺរាតត្បាត កូវីដ-១៩ រហូតមកដល់ដើមឆ្នាំ២០២៣ ក្រុមហ៊ុននេះមានបំណុលរយៈពេលវែងសរុបដល់ទៅ ១៧៤ពាន់លានដុល្លារឯណោះ។
៣. ក្រុមហ៊ុន Volkswagen AG
ក្រុមហ៊ុនលក់រថយន្តដាច់បំផុតលំដាប់ទី២ លើពិភពលោក ដែលមានគម្រោងផ្ដោតសំខាន់ទៅលើការជំរុញការផលិតរថយន្តអគ្គិសនី ក្នុងគោលបំណងក្លាយជាអ្នកដឹកនាំទីផ្សារ EV របស់ពិភពលោកនៅឆ្នាំ២០២៥។ ប៉ុន្តែដោយសារតែវិវាទការងារ បញ្ហាកង្វះបន្ទះឈីប និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ផ្សេងទៀត ជាហេតុធ្វើឱ្យ Volkswagen ប្រឈមនឹងរឿងអាស្រូវ ព្រមទាំងមានបំណុលរយៈពេលវែងសរុបជាង ១៦៦ពាន់លានដុល្លារ។
៤. ក្រុមហ៊ុន Verizon Communications
ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ កំពុងប្រឈមជាមួយនឹងដៃគូប្រកួតប្រជែងធំ ហេតុនេះហើយទើបខ្លួនប្រឹងលក់មូលបត្របំណុលយម្លៃ ៤៩ពាន់លានដុល្លារ ដើម្បីយកលុយមកវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធឥតខ្សែ 5G របស់ខ្លួន។ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនសមប្រកប ជាហេតុនាំឱ្យ Verizon ត្រូវប្រឈមជាមួយនឹងការចំណាយកាន់តែខ្ពស់ខ្លាំង ព្រមទាំងមានបំណុលរយៈពេលវែងសរុបជាង ១៥១។
៥. ធនាគារ Deutsche
ជាធនាគារធំបំផុតរបស់អាឡឺម៉ង់ មានសាខាជាង ១,៥០០នៅទូទាំងទ្វីបអឺរ៉ុប អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ប៉ុន្តែ Deutsche កំពុងរងគ្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយរឿងអាស្រូវ ការខាតបង់ និងការទម្លាក់ចំណាត់ថ្នាក់ឥណទាន។ បូករួមទាំងការចំណាយច្រើនបានធ្វើឱ្យ Deutsche ក្លាយជាធនាគារដែលជំពាក់បំណុលគេច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ២០២៣ ជាមួយនឹងបន្ទុកបំណុលរយៈពេលវែងសរុបជាង ១៥០ពាន់លានដុល្លារ៕
អត្ថបទដោយ៖ សូ សុខលី