មានមនុស្សជាច្រើនចង់និយាយភាសាអង់គ្លេសឱ្យបានល្អស្តាប់ មិនខុសពាក្យ ឬវេយ្យាករណ៍ពោរពេញទៅដោយទំនុកចិត្ត។ ដូច្នេះថ្ងៃនេះចាបក្រហមសូមនាំយកនូវវិធីសាស្រ្តចំនួន៣ដែលអាចជួយជំរុញឱ្យការនិយាយភាសាអង់គ្លេសឱ្យកាន់តែមានទំនុកចិត្តជាងមុន សម្រាប់អ្នកដែលចេះភាសាតិចតួចក៏អាចសាកបាន៖
១. ទស្សនាខ្សែភាពយន្ត
ការរៀនភាសាអង់គ្លេសតាមរយៈការមើលរឿងភាគ ស្តាប់មើលទៅវាហាក់ដូចជាមិនផ្លូវការសោះ មើលរឿងផងរៀនអង់គ្លេសផងយ៉ាងម៉េច? ពិតណាស់ការរៀនតាមរយៈការមើលរឿងជាភាសាអង់គ្លេស វាមិនមែនជាការរៀនបែបផ្លូវការនោះទេ តែវាជាការរៀនបែបកម្សាន្តនិងធ្វើឱ្យយើងចេះនឹងយល់ពីរបៀបសន្ទានា ពាក្យក្នុងការនិយាយ និងប្រយោគថ្មីប្លែកជាច្រើនដែលយើងអាចនឹងមិនដែលជួបនៅក្នុងសៀវភៅពុម្ព។
ដូច្នេះការរៀនភាសាអង់គ្លេសតាមរយៈការទស្សនាខ្សែភាពយន្តនេះកើតឡើងពីការមើលវីដេអូខ្លីៗជាភាសាអង់គ្លេសដែលយើងចូលចិត្តឬខ្សែភាពយន្តណាមួយដែលមាន Subtitles នៅពីខាងក្រោមគឺល្អបំផុតសម្រាប់អ្នកដែលចង់ចេះពីរបៀបនិយាយ កាយវិការ ការបញ្ចេញសំឡេង និងពាក្យនិយាយថ្មីៗផងដែរ។
២. ស្តាប់និងអានជាប្រចាំ
ការស្តាប់ដែលអាចជួយឱ្យកើនចំណេះដឹងភាសាអង់គ្លេស ក៏អាចកើតចេញពីការស្តាប់ចម្រៀងភាសាអង់គ្លេស ស្តាប់ផតខែស ស្តាប់វីដេអូចំណេះដឹងផងដែរ។ ចំណែកឯការអានវិញចាប់ផ្តើមពីការអានសម្រង់ពាក្យសម្តី សំណេរខ្លីៗ ក៏ដូចជាពាក្យនីមួយៗផងដែរ។
ដូច្នេះចំពោះការស្តាប់យើងអាចសាកល្បងស្តាប់ច្បិចយកអត្ថន័យនិងខ្លឹមសារណាមួយដែលក្នុងចម្រៀងចង់បរិយាយ ស្តាប់យូរៗទៅយើងនឹងអាចជ្រាបពីចំណេះដឹងភាសាអង់គ្លេសកាន់តែច្រើនឡើងៗ ប្រសិនបើយើងដាក់ចិត្តស្តាប់ដើម្បីយល់អំពីអត្ថន័យ។ ចំពោះការអានសម្រង់សម្តីជាប្រចាំវិញអាចជួយយើងសម្រួចនូវទេពកោសល្យក្នុងការប្រើពាក្យពេជ្ជ និងការប្រើប្រាស់ប្រយោគឱ្យបានកាន់តែប្រសើរ។
៣. កុំខ្លាចអំពីកំហុសវេយ្យាករណ៍
មនុស្សជាច្រើនប្រហែលមិនហ៊ាននិយាយភាសាអង់គ្លេសដោយសារខ្លាចខុសវេយ្យាករណ៍ ឬខ្លាចគេថានិយាយមិនត្រូវជាដើម។ ប៉ុន្តែប្រសិនបើអ្នកនៅក្នុងដំណាក់កាលអនុវត្ត ចូរកុំភ័យខ្លាចខុសក្នុងការបញ្ចេញវេហា៍ ព្រោះបើមិនបញ្ចេញសមត្ថភាពភាសាដែលយើងចេះនោះទេ យើងមិនអាចដឹងថាខ្លួនឯងខ្វះខាតចំណុចណានោះឡើយក្នុងការនិយាយ។
មួយវិញទៀតប្រសិនបើអ្នកមិនទាន់មានទំនុកចិត្តក្នុងសន្ទានាជាមួយនរណាម្នាក់ទេចូរសាកល្បងនូវវិធីសាស្រ្តនិយាយជាមួយខ្លួនឯងនៅមុខកញ្ចក់ អំពីប្រធានបទការណែនាំខ្លួន ឬការបញ្ចេញសំឡេងឱ្យត្រឹមត្រូវ ច្បាស់ៗនៅក្នុងភាសាអង់គ្លេសបាន។
យ៉ាងណាមិញ៣ចំណុចខាងលើគឺគ្រាន់តែជាវិធីសាស្រ្តបន្ថែមពីលើសម្រាប់អ្នកចង់និយាយភាសាអង់គ្លេសឱ្យកាន់តែមានទំនុកចិត្តប៉ុណ្ណោះ ហើយវាក៏មិនអាចត្រូវជាមួយមនុស្សគ្រប់ប្រភេទដែរ ព្រោះថាអ្នកខ្លះអាចថាមិនចូលចិត្តការមើលរឿងឬការស្តាប់ទេ ដោយពួកគេអាចចូលចិត្តរបៀបផ្សេងៗពីនេះ។ ដូច្នេះហើយវីធីសាស្រ្តនេះល្អបំផុត សម្រាប់អ្នកដែលចូលចិត្តនិងមានចំណាប់អារម្មណ៍អាចសាកល្បងដើម្បីយកទៅប្រើជាប្រយោជន៍បាន៕
អត្ថបទដោយ៖ ពីង ជូអេង