កាលពីពេលថ្មីៗនេះ កម្ពុជាទើបនឹងទទួលបានរោងចក្រដំឡើងរថយន្ដថ្មីមួយទៀតនោះគឺ Chevrolet ដែលជាយីហោដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។ យ៉ាងណាក្រោយវត្ដមានរោងចក្រដំឡើងថ្មីនេះ ធ្វើឲ្យកម្ពុជា មានរោងចក្រផលិត និងដំឡើងរថយន្ដសរុបចំនួន ១០ ទីតាំងហើយ ដោយនៅក្នុងនោះរួមមាន៖
១. ក្រុមហ៊ុន Hyundai
រោចក្រដំឡើងរថយន្ដម៉ាកល្បីរបស់កូរ៉េនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១១ ដែលមានទីតាំងតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង។ រោងចក្រនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន KH Motors និងក្រុមហ៊ុនលីយ៉ុងផាត់ (ខេមបូឌា)។ ហើយរោងចក្រនេះអាចផ្គុំដំឡើងរថយន្តបានចំនួន ៣ ០០០គ្រឿងក្នុងមួយឆ្នាំ ជាប្រភេទ SUV ជារថយន្តតួខ្ពស់ៗ, រថយន្តច្រើនបាំង (ឡានទួរីស៍) និងប្រភេទកូនឡានតូចៗនៅឆ្នាំ ២០១៧ ។
២. ក្រុមហ៊ុន International VCV Industry៖
កាលពីថ្ងៃទី ២៨ មិនាឆ្នាំ ២០១៨ ក្រុមហ៊ុនមួយនេះទទួលវិញ្ញាបនបត្រ័ចុះបញ្ជីជាស្ថាពរ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត។ រោងចក្រនេះមានបោះទុនជាទឹកប្រាក់ប្រមាណ ៤. ០៧លានដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន ៨២០ កន្លែង មានទីតាំងស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (អតីតភូមទឹកថ្លា សង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣. ក្រុមហ៊ុន Daehan
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ បានចាប់ផ្ដើមបើករោងចក្រដំឡើងរថយន្ត នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ៩ ឧសភា ២០១៨។ ក្នុងមួយឆ្នាំរោងចក្រអាចដំឡើងរថយន្តខ្ទង់ ២០០០០ គ្រឿង ដែលមានរថយន្តតូចគ្រួសា រថយន្តដឹកភ្ញៀវ រថយន្តដឹកឥវ៉ាន់ និងរថយន្តដឹកកម្មករ ជាដើម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
៤. ក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA) CO., LTD
គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។
រោងចក្រនេះត្រូវបានបើកដំណើរការកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ការដំឡើង។ យ៉ាងណា នៅឆ្នាំ២០២៥ នេះក្រុមហ៊ុនបានបន្ថែមទុនវិនិយោគ រហូតដល់ការផលិតផ្ទាល់នៅកម្ពុជាផងដែរ។
៥. ក្រុមហ៊ុន EM AUTOMOBILE CO., LTD
ក្រុមហ៊ុននេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តឲ្យបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ ហើយរោងចក្រនេះមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគចំនួន ១៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៥កន្លែង។
៦. ក្រុមហ៊ុន K (CAMBODIA) CO., LTD
កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឲ្យក្រុមហ៊ុននេះបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។
ក្នុងនោះដែររោងចក្រដំឡើងរថយន្ដរបស់ជប៉ុននេះ ក៏ត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ផងដែរ។
៧. ក្រុមហ៊ុន GTV MOTOR CO., LTD
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឲ្យក្រុមមួយនេះបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។ ខណៈរោងចក្រដំឡើងរថយន្ដមួយនេះ ក៏ត្រូវបានបើកដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០២៤។
៨. ក្រុមហ៊ុន “Toyota
ក្រុមហ៊ុន TOYOTA បានសម្រេចបោះទុនវិនិយោគចំនួន ៣៦,៧លានដុល្លារ សាងសង់រោងចក្រដំឡើងរថយន្តនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ។ រោងចក្រដំឡើងរថយន្ដដ៏ល្បីឈ្មោះនេះត្រូវបានបើកឲ្យដំណើរការកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខណៈរោចក្រនេះបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់ជូនពលរដ្ឋផងដែរ។
៩. ក្រុមហ៊ុន BYD
ក្រុមហ៊ុនរថយន្ដអគ្គិសនីរបស់ចិនមួយនេះ បានសម្រេចវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ដោយក្នុងនោះក្រុមហ៊ុនបានដាក់ទុនប្រមាណ ៣២ លានដុល្លារសម្រាប់ការសាងសង់ ដែលបានបើកការដ្ឋានកាលពីអំឡុងខែមេសា ឆ្នាំ២០២៥។
តាមការបញ្ជាក់ពីខាងក្រុមហ៊ុន BYD Cambodia រោងចក្រនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជានាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ហើយនៅពេលបើកដំណើរការក្រុមហ៊ុននឹងធ្វើការដំឡើងរថយន្ចំនួន ២ ម៉ូដែលគឺ៖ រថយន្ត 𝗕𝗬𝗗 𝗦𝗘𝗔𝗟𝗜𝗢𝗡 𝟱 𝗦𝘂𝗽𝗲𝗿 𝗛𝘆𝗯𝗿𝗶𝗱 និង 𝗕𝗬𝗗 𝗔𝗧𝗧𝗢 𝟮។
១០. រថយន្ដ Chevrolet
ទី១ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive manufacturing) និង ក្រុមហ៊ុន ចេណឺរល ម៉ូទ័រ (General Motor) បានប្រកាសចាប់ដៃគ្នានៅក្នុងវិនិយោគសាងសង់រោងចក្រដំឡើងរថយន្ដដ៏ល្បីរបស់សហរដ្ឋអាមេរិក Chevrolet នៅក្នុងប្រទេសកម្ពុជា។ ខណៈរោងចក្រថ្មីនេះ ត្រូវបានសាងសង់ឡើងនៅក្នុងខេត្ដកំពង់ឆ្នាំង លាតសន្ធឹងលើផ្ទៃដី ១១ ហិកតា។
តាមការបញ្ជាក់ពីក្រុមហ៊ុន គម្រោងនេះត្រូវបានវិនិយោគចំនួន ១៩ លានដុល្លារ ហើយរំពឹងថា នឹងដាក់ឲ្យដំណើរការការដំឡើងរថយន្ដ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខាងមុខ។ នៅពេលបើកដំណើរការរោងចក្រមួយនេះ មានសមត្ថិភាពអាចដំឡើងរថយន្ដបានចំនួន ១០ ០០០ ទៅ ១២ ០០០គ្រឿងក្នុងរយៈពេល១ឆ្នាំ៕