ក្រុមហ៊ុនសាងសង់ថា​ ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចការស្ថាបនាបាន ៥០% ខណៈនឹងដាក់ឲ្យដំណើរការឆ្នាំ២០២៥
Bunthoeun KoemMAY 31 20232.8 K views

គិតមកដល់ពេលនេះគម្រោងសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី ឬត្រូវបានដាក់ឈ្មោះថា ព្រលានយន្ដយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បាន ៥០ ភាគរយហើយ ខណៈគម្រោងដំណាក់កាលទី១ គ្រោងនឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមការលើកឡើងពីលោក Charles Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) ដែលជាក្រុមហ៊ុនទទួលការសាងសង់គម្រោងនេះ។

Photo 2023 05 30 16 00 53

ការលោកឡើងរបស់ប្រធានក្រុមហ៊ុនរូបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា MRO (ថែទាំ ជួសជុល និងជួសជុលឡើងវិញ) នៅព្រលានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាខាងលើលោក Charles Vann បានលើកឡើងដូច្នេះថា “​បច្ចុប្បន្ន​នេះ​យើង​បាន​បញ្ចប់​ការ​សាងសង់​បាន ៥០ ភាគរយ​ហើយ ហើយ​យើង​កំពុង​បន្ត​និង​តាមដាន​ពី​របៀប​ដាក់​ឲ្យ​ដំណើរការ​ព្រលាន​យន្តហោះ​នៅ​ដើម​ឆ្នាំ ២០២៥”។ នេះបើតាមការដកស្រង់ពីក្រសួងព័ត៌មាន។

សូមជម្រាបថា ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្ដអន្ដរជាតិតេជោក្រុងតាខ្មៅលើផ្ទៃដីសរុប ២៦០០០ ហិកតាមានទីតាំងនៅខេត្ដកណ្ដាល និងខេត្ដតាកែវ។

ចំពោះការងារសាងសង់វិញ ព្រលាននេះត្រូវបានបែងចែកជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិ (មិនគិតបញ្ចូលតម្លៃដី) អាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ។ ចំពោះដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕

4 2.2e16d0ba.fill 960x540

55

New Techo International Airport Cambodia 2.jpg

អត្ថបទ៖ កឹម ប៊ុនធឿន

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia