តាមវិទ្យាសាស្រ្ត៖ មនុស្សដែលប្រើលុ.យ ទិញរបស់ទាំង៣នេះ នឹងជួយពួកគេបង្កើនសេចក្តីសុខ
Ping Chou EngJULY 4 20242.3 K views

ខណៈមនុស្សច្រើនតែងប្រកែកគ្នាអំពីប្រធានបទលុយ ថាតើលុយអាចទិញសេចក្តីសុខនិងសុភមង្គលបានដែរឬទេ។ ទន្ទឹមនឹងនេះបើតាមប្រភពពី New Trader U ​បានឱ្យដឹងថា បើយោងតាមវិទ្យាសាស្រ្តបានបង្ហាញថាការវិនិយោគលុយទិញរបស់៣ ដូចខាងក្រោមនេះ នឹងអាចជួយបង្កើនសេចក្តីសុខ និងអាចបង្កើនសុខុមាលភាពរបស់មនុស្សយ៉ាងខ្លាំង។

. ឧបករណ៍ទំនាក់ទំនងសង្គម៖ ​ទំនាក់ទំនងសង្គមរឹងមាំគឺជាកត្តាសំខាន់សម្រាប់សុភមង្គលនិងសុខភាពផ្លូវចិត្ត ។ ផ្អែកតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard ទៅលើមនុស្សដែលមានអាយុវែង គេបានសន្និដ្ឋានថាទំនាក់ទំនងល្អគឺជាគន្លឹះនៃសុភមង្គល និងការពន្យារអាយុ។

ដូច្នេះការវិនិយោគលុយទិញរបស់ដែលភ្ជាប់ទំនាក់ទំនងសង្គម ដូចជារបស់របរដែលជួយសម្រួលពេលវេលាប្រកបដោយគុណភាពជាមួយមនុស្សជាទីស្រលាញ់ មានដូចជាឧបករណ៍លេងកីឡារួមគ្នា ឧបករណ៍ធ្វើម្ហូប ឬឧបករណ៍សម្រាប់សកម្មភាពជាក្រុម។ ការទិញទាំងនេះបង្កើតឱកាសសម្រាប់បទពិសោធន៍ភាពសិទ្នស្នាលចែករំលែកនិងពង្រឹងទំនាក់ទំនង។

. ការទិញបទពិសោធន៍៖ ការចំណាយប្រាក់លើបទពិសោធន៍ផ្តល់នូវសុភមង្គលយូរអង្វែងជាងការទិញទំនិញសម្ភារៈ។ ការសិក្សាមួយដែលចេញផ្សាយដោយ Wharton បានរកឃើញថាមនុស្សទទួលបានការពេញចិត្តកាន់តែច្រើនពីការទិញបទពិសោធន៍ដូចជាការធ្វើដំណើរ ការប្រគុំតន្ត្រី សិក្ខាសាលា វគ្គសិក្សា សៀវភៅល្អៗ ឬព្រឹត្តិការណ៍សង្គមនិងវប្បធម៌។

បទពិសោធន៍ទាំងនេះបង្កើតការចងចាំយូរអង្វែង រួមចំណែកដល់ ការលូតលាស់ផ្នែកជីវិតផ្ទាល់ខ្លួន ការពង្រីកការយល់ដឹងទស្សនៈផ្ទាល់ខ្លួននិងពិភពលោក ដែលធ្វើឱ្យមនុស្សកាន់តែសប្បាយចិត្ត។

. ការទិញសម្ភារៈធ្វើឱ្យស្រឡះចិត្ត៖ មនុស្សភាគច្រើនចូលចិត្តទិញទំនិញ​ ប៉ុន្តែពួកគេច្រើនតែទិញលើសពីអ្វីដែលត្រូវការ ហើយធ្វើឱ្យដាច់លុយទៀត។ ដោយឡែកបើតាមការសិក្សាការទិញសម្ភារៈដែលសមល្មមសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ទើបធ្វើឱ្យពួកគេសប្បាយចិត្តពិតប្រាកដ ពោលគឺមិនហត់ទុកដាក់ ថែទាំឬមិនពិបាកសម្រេចចិត្តថាប្រើមួយណាទុកមួយណានោះឡើយ។

ឧទាហរណ៍ដូចជាការទិញសម្ភារៈ មានដូចពូកខ្នើយដែលមានលក្ខណៈសម្រួលដល់ការគេងឱ្យបានស្កប់ស្កល់ សម្លៀកបំពាក់ដែលប្រើបានយូរស្រួលខ្លួន ស្រស់ស្អាតក្នុងចំនួនតិច ឬរុក្ខជាតិបៃតង នៅកន្លែងដែលមនុស្សនៅជាប្រចាំ។

ជាការពិតណាស់ការទិញទំនិញជាផ្នែកមួយនៃជីវិតមនុស្សដែលរួមចំណែកឱ្យជីវិតកាន់តែរីករាយ និងពេញចិត្តជាងមុន ប៉ុន្តែបើសិនជាមនុស្សមិនចេះវិនិយោគដោយឈ្លាសវៃលើការទិញទំនិញនោះទេ ពួកគេនឹងជួបបញ្ហាកាន់តែច្រើនវិញ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia