ស្ពានអាកាសប្រវែងជាង ១០០ ម៉ែត្រ នឹងត្រូវសាងសង់រំលងកំណាត់ផ្លូវជាតិលេខ ១ ជាប់គ្នាត្រង់ចំណុចគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលតភ្ជាប់ទៅត្រើយខាងលិច នៃមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងត្រើយខាងកើតជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
តាមការដកស្រង់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីពាក់កណ្ដាលឆ្នាំ២០២៣ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ ថែមទៀតផង។
ក្រសួងបន្ដថា ស្ពានខាងលើនេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧។
សូមជម្រាបថា បច្ចុប្បន្ននេះក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ជាអ្នកទទួលសាងសង់ ដោយបានរៀបចំទីតាំងសម្រាប់ការស្នាក់នៅ ការិយាល័យ ឃ្លាំង និងកន្លែងរោងជាងផលិតគ្រឿងសំណង់រួចរាល់។ ទន្ទឹមនឹងនោះCRBC កំពុងសាងសង់ផែបណ្តោះអាសន្នមួយកន្លែង សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ដោយសម្រេចបាន៨០%ហើយ និងបានរៀបចំផ្លូវចូលការដ្ឋានបានរួចរាល់។ សម្រាប់ ឧបករណ៍ខួង និងឧបករណ៍គ្រឿងចក្រ និងសម្ភារៈសំណង់មួយចំនួនទៀតសម្រាប់បម្រើអោយការសាងសង់ បានត្រៀមរួចរាល់សម្រាប់នាំចូលពីប្រទេសចិន អាចនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខដើម្បីដំណើរការចាប់ផ្ដើមសាងសង់។