លោកឃិន ដែត បង្ហើបរឿង៣ ធ្វើឱ្យខ្លួនអាចផ្លាស់ប្តូរពីពលករនៅកូរ៉េ មកក្លាយជាម្ចាស់ហាងនំខេកល្បី១នៅខ្មែរ
ធី ស្រីល័ក្ខMAY 22 2023672 views

លោកឃិន ដែត បច្ចុប្បន្នគឺជាម្ចាស់ហាងនំខេក The DD Cake ដែលកំពុងតែមានឈ្មោះបោះសម្លេងល្បី១នៅភ្នំពេញ ប៉ុន្តែទម្រាំតែលោកអាចក្លាយទៅជាម្ចាស់ហាងនំខេកដ៏ល្បីបែបនេះ ពីអតីតកាលមកលោកត្រឹមតែពលករម្នាក់ដែលធ្លាប់ចំណាកស្រុកទៅធ្វើការនៅប្រទេសកូរ៉េដើម្បីយកលុយមកផ្គត់ផ្គង់ជួយគ្រួសារតែប៉ុណ្ណោះ។ នៅក្នុងនោះដែរ លោកឃិន ដែត ក៏បានបង្ហើបរឿង៣ ដែលធ្វើឱ្យអាចប្តូរពីបុគ្គលិកធ្វើការដើម្បីប្រាក់ខែ មកក្លាយជាម្ចាស់អាជីវកម្មដ៏ល្បីមួយរូបផងដែរ។

១. កំណត់គោលដៅសម្រាប់ខ្លួន

និយាយបណ្តើរ ញញឹមតិចៗបណ្តើរ លោកឃិន ដែត ដែលជាម្ចាស់ហាងនំខេក The DD Cake បានបង្ហើបថា មិនថាធ្វើការនៅប្រទេសក្រៅ ឬធ្វើការនៅប្រទេសយើងនោះទេគឺសុទ្ធតែមានសម្ពាធទាំងអស់ ដូច្នេះប្រសិនជាមិនចង់ឱ្យខ្លួនឯងធ្លាក់ក្នុងស្ថានការណ៍បែបនេះ យើងត្រូវតែធ្វើការដោយមានគោលដៅ ឧទាហរណ៍ថា យើងត្រូវចេះកំណត់ឱ្យច្បាស់ៗជាមួយខ្លួនឯងថា ធ្វើការរយៈពេលប៉ុន្មានឆ្នាំដើម្បីសន្សំលុយចេញរកស៊ីបាន។

តួយ៉ាងដូចជាលោកឃិន ដែត អញ្ចឹងកំឡុងពេលធ្វើការនៅប្រទេសកូរ៉េនោះលោកប្រាប់ខ្លួនឯងថា លោកមិនអាចធ្វើការឱ្យគេមួយជីវិតឡើយពោលនៅពេលដែលត្រឡប់មកប្រទេសកម្ពុជាវិញលោកត្រូវតែស្ពាយជំនាញពិតប្រាកដ១មកខ្មែរវិញ ម្យ៉ាងផ្នត់គំនិតពេលនោះគឺលោកមិនចង់ធ្វើការនៅប្រទេសកូរ៉េ១ជីវិតឡើយ។

ក្រោយពីមានគោលដៅច្បាស់ៗបែបនេះហើយ ពេលនោះលោកបានឆ្លៀតទំនេរពីការងារសៅរ៍ អាទិត្យលោកបានទៅរៀនពីរបៀបធ្វើនំខេកនៅប្រទេសកូរ៉េរយៈពេល ៣ឆ្នាំឯណោះ រៀនបានចេះស្ទាត់ជំនាញហើយ ពេលចប់អាណត្តិនៅកូរ៉េលោកក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ពេលនេះហើយលោកចាប់ផ្តើមបើកហាងនំខេក១នៅក្នុងឆ្នាំ២០១៨ ម្តុំចម្ការដូងដែលហាងនោះមានឈ្មោះថា The DD Cake ដោយលោកបានចាយទុនជិត ២ម៉ឺនដុល្លារ។

២៩

២. កាត់បន្ថយភាពហ៊ឺហា

ម្ចាស់ហាងនំខេក The DD Cake បានបន្ថែមថា កាលពេលទៅរស់នៅប្រទេសកូរ៉េដំបូង ពេលនោះលោកមិនទាន់គិតថាចង់ចេញរកស៊ីអ្វីឡើយ ពោលកាលនោះគិតត្រឹមតែថាធ្វើការយកលុយជួយគ្រួសារហើយសល់ប៉ុន្មានគឺចាយប៉ុណ្ណឹងតែប៉ុណ្ណោះ។ តែការគិតបែបនេះគឺខុសទាំងស្រុងតែម្តង ព្រោះបើលោកមានគោលដៅចេញរកស៊ីតាំងពីដំបូងម្លេះលោកប្រាកដជាអាចធ្វើការសន្សំលុយបានច្រើនហើយ ។

លោកឃិន ដែត បានបន្តទៀតថា បន្ទាប់ពីធ្វើការនៅទីនេះបានមួយរយៈធំ ទើបលោកសម្រេចចិត្តសន្សំលុយ ដោយលោកកាត់បន្ថយការដើរលេងនៅខាងក្រៅ កាត់បន្ថយការជួបជុំ កាត់បន្ថយការញាំអីថ្លៃៗដោយទុកលុយសន្សំយកមករកស៊ីរហូតធ្វើឱ្យលោកធ្វើការនៅកូរ៉ សល់លុយសន្សំប្រមាណ២ម៉ឺនដុល្លារដើម្បីមករកស៊ីនៅប្រទេសកម្ពុជាវិញ។

៣. មានឆន្ទះមុតមាំជាមួយអាជីវកម្ម

កាលពេលដែលលោកឃិន ដែត មកបើកហាងនំខេកដំបូងនៅភ្នំពេញក្នុងអំឡុងឆ្នាំ ២០១៨ គឺលក់មិនដាច់ទេថ្ងៃខ្លះលក់បានតែ ៣នំ ឬថ្ងៃខ្លះលក់មិនដាច់សូម្បីតែ១នំ តែទោះជាយ៉ាងណាក៏ដោយលោកមិនខ្ចីបាក់ទឹកចិត្តទេ គឺលោកគិតថាឱ្យតែព្យាយាម នឹងខំប្រឹងច្នៃអ្វីដែលថ្មីហើយប្លែកនៅថ្ងៃណាមួយប្រាកដជាអាចទាក់ទាញអតិថិជនបាន។

ព្រោះតែរកស៊ីដោយាមនគោលដៅ រកស៊ីដោយមានឆន្ទះខ្ពស់បែបនេះហើយ បានធ្វើឱ្យលោក នំខេករបស់លោកធ្លាប់តែលក់មិនដាច់រហូតអាចលក់ដាច់ខ្លាំងនឹងអាចឈរជើងបានជិត ៥ឆ្នាំមកនេះ ​ដោយសារតែទី១ គឺរសជាតិចំពោះរសជាតិនេះដែលគឺមានច្រើនជម្រើសសម្រាប់អតិថិជនរើសដូចជារសជាតិសូកូឡា រសជាតិតយ រសជាតិដូងនឹងរសជាតិជាច្រើនទៀត ហើយចំណុចពិសេសទី២ គឺការតុបតែងនំតែម្តង គឺត្រង់នេះនៅពេលដែលអតិថិជនកម្មង់ម៉ូដអ្វីក៏ដោយគឺខាងហាងលោករៀបចំបានទាំងអស់មិនថាម៉ូដនឹងមើលទៅស្រួលមើលទៅពិបាកគឺលោកធ្វើបានមិនឱ្យអតិថិជនខកចិត្តទេចំណុចទាំងនេះហើយទើបធ្វើឱ្យនំខេកនៅហាងលោកអាចទាញចិត្តអតិថិជនបានម្តងហើយម្តងទៀតរហូតពេលខ្លះលោកទទួលបានការកម្មង់ធ្វើនំខេកពីអតិថិជនតម្លៃជិត ២ពាន់ដុល្លារក៏មានដែរ៕

២៨២៧

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia