ពាក្យសម្ដីពិតជាមានសារសំខាន់ណាស់ ព្រោះពេលខ្លះពាក្យសម្ដីច្រើនតែប៉ុន្មានហើយធ្វើអោយមនុស្សម្នាក់មានកម្លាំងចិត្តខ្លាំងប្រៀបបីដូចជាយក្ស។ រីឯពាក្យសម្ដីមួយចំនួនទៀតហើយធ្វើអោយមនុស្សម្នាក់ធ្លាក់ទឹកចិត្ត ក្រៀមគ្រាំ ឈឺចាប់ បាក់ស្បាត ភ័យខ្លាចរហូតលេងជឿជាក់ខ្លួនឯង លេងស្គាល់ពីតម្លៃជីវិតខ្លួនឯងឈានទៅដល់ការសម្លាប់ខ្លួនក៏មាន។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះក៏មានការចែករំលែកយ៉ាងព្រោងព្រាតតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីក្មេងប្រុសជនជាតិថៃម្នាក់ជាសិស្សសាលាវ័យក្មេង មានរូបរាងធាត់ និងមុខមាត់មិនសូវស្អាតដូចមនុស្សទូទៅ ដែលត្រូវបានមនុស្សជុំវិញខ្លួនប្រើពាក្យសម្ដីមើលងាយ សើចចំអកពីរូបរាងខាងក្រៅរបស់ក្មេងប្រុសម្នាក់នោះ រហូតធ្វើឲ្យគាត់លែងស្រឡាញ់ជីវិតខ្លួនឯង ហ៊ានដល់ថ្នាក់លោតពីលើអគារសាលាដើម្បីធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងថែមទៀតផង។
អ៊ីចឹងហើយថ្ងៃនេះ យើងនឹងបង្ហាញអំពីពាក្យសម្ដីមិនល្អចំនួន ១០ឃ្លា ដែលមិនគួរនិយាយទៅកាន់មនុស្សជុំវិញខ្លួន ព្រោះពាក្យទាំងអស់នេះអាចធ្វើឱ្យមនុស្សម្នាក់ ដែលត្រូវគេប្រើពាក្យសម្ដីទាំងអស់នេះដាក់ ឈានទៅដល់ការធ្លាក់ទឹកចិត្ត និងអាចហ៊ានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងថែមទៀតផង។ បើយើងសង្កេតឱ្យមែនទែន ពាក្យសម្ដីទាំងអស់នេះភាគច្រើនគឺនិយាយសើចចំអកទៅលើរូបរាងខាងក្រៅ វណ្ណៈទ្រព្យធន ភាពឆ្លាតវៃ និងសមត្ថភាពផ្សេងៗជាដើម។
១. ហេតុអ្វីក៏ធាត់ខ្លាំងម្ល៉េះ?
២. ហេតុអ្វីក៏ឥលូវមុខអាក្រក់ខ្លាំងម៉្លេះ?
៣. មុខយ៉ាប់អ៊ីចឹង គ្មានអ្នកណាយកទេ ដឹងតែទៅសារមន្ទីរហើយ
៤. អ្នកជាមនុស្សអន់គ្មានសមត្ថភាពទេ
៥. កូនអ្នកក្រដូចឯង គ្មានថ្ងៃជោគជ័យទេ
៦. ប្រាប់ហើយថាកុំៗ ចុងក្រោយចេញរកស៊ីឱ្យបរាជ័យទាល់តែបាន
៧. កន្តឿម៉្លេះ! តើពេលណាខ្ពស់ដូចគេ?
៨. កុំរាប់អានម្នាក់ហ្នឹង ក្រដាច់យៃជំពាក់បំណុលគេជុំទិសទេ
៩. គីង្គក់ចង់ស៊ីសាច់ក្ងាន ស្រលាញ់គេមានមើលខ្លួនអត់?
១០. ល្ងង់ដូចជ្រូកអ៊ីចឹង!
សម្រាប់ប្រិយមិត្តអ្នកអាន តើអ្នកគិតថា នៅមានពាក្យសម្ដីអ្វីខ្លះទៀតដែលមិនគួរនិយាយដាក់មនុស្សជុំវិញខ្លួន ដែលពាក្យសម្ដីមានពិសទាំងអស់នោះអាចធ្វើឱ្យបុគ្គលម្នាក់ទៀតឈានទៅដល់ការធ្លាក់ទឹកចិត្តនោះ?