តាមការស្ទង់មតិមួយនៅសហរដ្ឋអាមេរិកបានបង្ហាញថា មានមនុស្សប្រមាណជាង ៩០% មានគំនិតចង់និពន្ធសៀវភៅ ប៉ុន្តែពួកគេមិនអាចចាប់ផ្តើមបានដោយសារភាពមមាញឹកជាមួយកិច្ចការងារ និងអាជីពប្រចាំថ្ងៃ។ ហើយក្នុងនោះ ក៏មានមនុស្សជាច្រើនផ្សេងទៀត រួមទាំងប្រជាជនកម្ពុជាយើងផងដែរពិបាករកច្រកចេញ និងមិនដឹងថាត្រូវធ្វើដូចម្តេចទើបអាចរំលេកនូវរូបរាងដែលបានកប់ទុកក្នុងទិន្នន័យអង្គចងចាំឲ្យរសាយរសាត់តាមសំណេរឆ្លាក់លើក្រដាសសម្រាប់ជាការចែករំលែកទៅកាន់សាធារណជន។
ដោយមើលឃើញពីបញ្ហានេះ ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក កែវ សេងរដ្ឋា ម្ចាស់ស្នាដៃសៀវភៅ សម្លេងខ្សឹប និង បែបណាទើបល្អ? រួមទាំងស្នាដៃជាច្រើនផ្សេងទៀត បានធ្វើការចែករំលែកនូវបទពិសោធន៍ជុំវិញ ទិកនិកដែលជួយឲ្យរូបលោកអាចចេញផ្សាយស្នាដៃបាន ខណៈពេលដែលមានភាពមមាញឹកខ្លាំងលើការងារជាវេជ្ជបណ្ឌិត។
លោកបានថ្លែងថា៖ «តាមពិតទៅខ្ញុំស្រឡាញ់ការតែងនិពន្ធនេះយូរណាស់ហើយ តាំងពីរៀននៅថ្នាក់វិទ្យាល័យមកម៉្លេះ តែមិនបានគិតថានឹងក្លាយជាអ្នកនិពន្ធនោះទេ។ ដំបូងឡើយ ខ្ញុំស្រឡាញ់កំណាព្យ ហើយក៏រៀនសរសេរកំណាព្យ»។ ក្រោយមកចាប់ពីចុងឆ្នាំ ២០១៧ លោកក៏មានឱកាសបានបង្ហាញស្នាដៃកំណាព្យតាមរយៈការដាក់ប្រកួត។ បន្ទាប់មកទៀត ក៏បានចាប់ផ្ដើមសរសេរអត្ថបទអប់រំ អត្ថបទលើកទឹកចិត្ត រឿងខ្លី និងប្រលោមលោក។ ហើយបើសួរថា កត្តាអ្វីខ្លះដែលជំរុញឱ្យលោកក្លាយជាអ្នកនិពន្ធ លោកសុំឆ្លើយយ៉ាងខ្លីថា ចិត្តស្រឡាញ់ការតែងនិពន្ធ ការសិក្សារៀនសូត្រពីការតែងនិពន្ធ និងការចាប់ផ្ដើមសរសេរមិនឈប់ឈរ។
ស្របជាមួយគ្នានេះដែរ លោកក៏បានធ្វើការលើកបង្ហាញពីបញ្ហានិងដំណោះស្រាយពាក់ព័ន្ធនឹងការនិពន្ធក្នុងអំឡុងពេលរវល់ខ្លាំងលើអាជីពការងារប្រចាំថ្ងៃរបស់លោកផងដែរ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «បញ្ហានៅក្នុងការតែងនិពន្ធរបស់ខ្ញុំ គឺអារម្មណ៍ និងពេលវេលាដើរបញ្ច្រាសគ្នា»។ ជាធម្មតា ការសរសេរទាមទារអារម្មណ៍ បើគ្មានអារម្មណ៍សរសេរទេ លោកសរសេរមិនចេញ ឬបង្ខំសរសេរឱ្យចេញដែរ តែមិនបានល្អ ឬយកជាការមិនបាន។
ក្នុងនាមជាស្មេរផង និងជាវេជ្ជបណ្ឌិតផង លោកជាមនុស្សដែលរវល់ច្រើន មិនសូវបានសរសេរទេ ដល់ពេលទំនេរ បែរជាមិនមានអារម្មណ៍សរសេរក៏មាន។ ឆ្លើយតបនឹងបញ្ហានេះ លោកចូលចិត្តសរសេរដោយវាយអក្សរនៅក្នុងទូរស័ព្ទដៃជំនួសឱ្យកុំព្យូទ័រ ព្រោះអារម្មណ៍សរសេរពេលខ្លះកើតមានពេលដែលលោកមិនបានត្រៀមខ្លួន ដូច្នេះហើយការសរសេរទុកនៅក្នុងទូរស័ព្ទមានភាពងាយស្រួល និងចំណេញពេល ព្រោះបើចាំដល់ពេលទំនេរ បានសរសេរក្នុងកុំព្យូទ័រនោះ អារម្មណ៍សរសេរដែលកំពុងមានអាចនឹងរត់ទៅណាបាត់។ ចំណុចមួយទៀតដែលលោកតែងធ្វើ គឺកត់ចំណុចសំខាន់ គំនិតក៏ដូចជាឆ្អឹងទុក ទោះមិនទាន់មានពេល ឬអារម្មណ៍សរសេរក៏ដោយ។ មានពេលសរសេរលើកក្រោយ ត្រឡប់មកបើកមើលគំនិត ឬឆ្អឹងដែលមានស្រាប់ លោកអាចឆាប់ចូលអារម្មណ៍សរសេរជាងដែលគ្មានអ្វីសោះនៅក្នុងកំណត់ត្រា។
យ៉ាងណាមិញ លោកក៏បានធ្វើការចែករំលែកផងដែរជុំវិញសិល្ប៍វិធីក្នុងការតែងនិពន្ធ។ លោកបានលើកឡើងថា ចំពោះរូបលោកផ្ទាល់ រាល់ការចាប់ផ្ដើមសរសេរអ្វីក៏ដោយ លោកតែងតែគិតដល់មូលន័យ ឬក៏យើងឥឡូវចូលចិត្តហៅថា សារអប់រំ នៅក្នុងអត្ថបទ រឿង ឬក៏កំណាព្យដែលយើងប្រុងនឹងសរសេរ ដែលនេះជាដំណាក់កាលដំបូង។ ពេលមានខ្លឹមសារច្បាស់ហើយ ជំហានទីពីរ គឺលោកចាប់ផ្ដើមរៀបគ្រោងឆ្អឹងថាគួរសរសេរពីណាទៅណា គួរផ្ដើមបែបណា គួរបញ្ចប់បែបណា ឬគួរបញ្ជូនសារទៅកាន់អ្នកអានតាមរបៀបណាឱ្យមានប្រសិទ្ធភាព។ ដំណាក់កាលទីបី គឺការសរសេរតែម្ដង ដែលដំណាក់កាលនេះត្រូវការអារម្មណ៍ និងពេលវេលាច្រើនជាងគេ ហើយដំណាក់កាលដែលសំខាន់ចុងក្រោយ គឺការកែសម្រួលស្នាដៃដែលសរសេររួចគ្រប់យ៉ាងដើម្បីឱ្យប្រាកដថា ស្នាដៃមានបញ្ហាតិចបំផុត។
ការអនុវត្តសកម្មភាពបែបនេះបានធ្វើឲ្យលោកមានលទ្ធភាពអាចចេញបោះពុម្ភផ្សាយស្នាដៃជាបន្តបន្ទាប់ បើទោះបីជាមានភាពមមាញឹកជាមួយអាជីពការងារជាវេជ្ជបណ្ឌិតក៏ដោយ។ ដូច្នេះប្រសិនបើអ្នកស្រលាញ់ការតែងនិពន្ធ យល់ថាខ្លួនឯងមានទេពកោសល្យអាចធ្វើវាបាន តែរវល់ជាមួយការងារប្រចាំថ្ងៃដកឃ្លាមិនរួច អ្នកអាចសាកល្បងតាមវិធីសាស្ត្រខាងលើបាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook