ឪពុកម្តាយគឺស្រឡាញ់កូន តែងបារម្ភ និងខ្វាល់ខ្វាយពីកូនគ្រប់វ័យទាំងអស់ ទោះជាពេលខ្លះកូនធំដឹងក្តី ក៏ដោយ។ ប៉ុន្តែក៏មានពេលខ្លះដែលឪពុកម្តាយធ្វើឱ្យការស្រឡាញ់ ការព្រួយបារម្ភខ្វាល់ខ្វាយពីកូននោះ ក្លាយជាសមា្ពធនិងភាពមិននឹងនរសម្រាប់ពួកគេដោយអចេតនាទៅវិញ ជាពិសេសនៅពេលកូនៗស្ថិតក្នុងវ័យជំទង់ ដែលជាវ័យទាមទារការយល់ចិត្តនេះឯង។
បើតាមការស្រាវជ្រាវចិត្តវិទ្យាបានបង្ហាញថា ឪពុកម្តាយមិនគួរប្រើអាប្បកិរិយា៣យ៉ាង ដូចខាងក្រោមនេះ លើកូនៗវ័យជំទង់ឡើយ ព្រោះអាចធ្វើកូនឆាប់ភ័យខ្លាចគេ គ្មានទំនុកចិត្តលើខ្លួនឯងនិងមិនក្លាហានក្នុងជីវិត៖
១.សម្រេចគ្រប់យ៉ាងជំនួស៖ឪពុកម្តាយនឹងមិនមានអារម្មណ៍ស្រួលក្នុងចិត្តទេ ដែលអនុញ្ញាតឱ្យកូនជំទង់ ធ្វើការសម្រេចចិត្តគ្រប់យ៉ាងដោយខ្លួនឯងនោះ តែអាប្បកិរិយានេះនឹងធ្វើឱ្យកូនវ័យជំទន់របស់អ្នក គ្មានផ្នត់គំនិតឯករាជ្យ។ ដូច្នេះឪពុកម្តាយគួរទុកឱកាសឱ្យកូនវ័យជំទង់ អាចសម្រេចចិត្តដោយខ្លួនឯង លើបញ្ហារបស់ពួកគេ តែគឺអ្នកជាឱពុកម្តាយត្រូវចូលរួមជាការផ្តល់យោបល់នឹងបង្ហាញអំពីដំណោះស្រាយវិញ។
២.ប្រៀបធៀបជាមួយកូនគេដទៃ៖ ឪពុកម្តាយទោះបីជាប្រៀបធៀបកូនគេនិងកូនខ្លួន ដើម្បីជាជំរុញទឹកចិត្តឱ្យកូនពូកែដូចកូនគេក្តី។ ដូច្នេះការប្រៀបធៀបមួយចំនួននេះនឹងអាចធ្វើឱ្យកូនអ្នកមានអារម្មណ៍ថាអន់ជាងមុន ធ្វើឱ្យពួកគេមានអារម្មណ៍មិនពេញចិត្តខ្លួនឯង គិតថាខ្លួនឯងគ្មានទេពកោសល្យពីកំណើត ពិតជាមិនអាចជោគជ័យក្នុងជីវិតជាដើម។
ហេតុនេះឪពុកម្តាយគួរឱ្យតម្លៃលើភាពជាបុគ្គលរបស់ពួកគេ ជាជាងការប្រៀបធៀបពួកគេទៅនឹងកូនអ្នកដទៃ ដើម្បីជំរុញពួកគេឱ្យមានទំនុកចិត្ត និងលើកទឹកចិត្តពួកគេឱ្យចេះទទួលយកចំណុចពិសេសរបស់ខ្លួនឯង ដើម្បីពង្រឹងភាពជោគជ័យក្នុងជីវិត។
៣.ការពារកំហុសកូនជ្រុលពេក៖ ការការពារកូនហួសហេតុជាសញ្ញាមួយ ដែលឪពុកម្តាយកំពុងផ្តល់អារម្មណ៍សុវត្ថិភាព ដល់កូនរបស់អ្នកដោយអចេតនាថាកូនតែងធ្វើត្រូវគ្រប់កាលៈទេសៈ ហើយពួកគេមិនគួរជួបបញ្ហាក្នុងជីវិតនោះទេ ពោលគឹកាន់ជើងកូនជ្រុលពេក។ ដូច្នេះកូនជំទង់ របស់អ្នកនឹងបាត់ឱកាសក្នុងការយល់ដឹងអំពីសារៈសំខាន់ក្នុងការប្រឈមមុខនឹងបញ្ហាជីវិត ហើយរៀនពីកំហុសរបស់ពួកគេផ្ទាល់។
ពិតណាស់ថ្វីបើយើងជាឪពុកម្តាយមានបំណងល្អបំផុតចំពោះកូនក៏ដោយ ក៏អាកប្បកិរិយាមួយចំនួនដែលអាចប៉ះពាល់ដោយប្រយោលដល់អនាគតកូនៗ ជាពិសេសនៅពេលពួកគេកំពុងមានវ័យជំទង់តែម្តង។ ដូច្នេះឪពុកម្តាយឬអាណាព្យាបាលគួរតែអាចកាត់បន្ថយបន្តិចម្តងៗ ហើយអនុញ្ញាតឱ្យកូនៗរបស់លោកអ្នក លូតលាស់តាមអាយុនិងធម្មជាតិនៃកុមារ កុំបង្ខំឱ្យពួកគេធ្វើជាមនុស្សធំលឿនពេក៕
អត្ថបទដោយ៖ ពីង ជូអេង