ក្រសួងកសិកម្ម បានប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់រហូតដល់ទៅ ៨តោន ខណៈរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២គ្រឿងបានដឹកបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ចំពោះការប្រមូលទិញបន្លែងពីកសិករនេះដែរ គឺធ្វើឡើងក្រោមស្មារតី “ខ្មែរជួយខ្មែរ” ការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់បងប្អូនកងកម្លាំងជួរមុខដែលបានពលិកម្មក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។
បន្ថែមពីលើនេះការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានស្ម័គ្រចិត្តជួយធ្វើការដឹកជញ្ជូននេះដោយឥតគិតថ្លៃ។ ក្រសួង នឹងបន្តប្រមូលទិញ និងដឹកជញ្ជូនបន្លែចំនួន ៧ តោនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥៕