ស្របពេលដែលប្រជាជនកសិករ កំពុងធ្វើការប្រមូលផលស្រូវនារដូវថ្មីនេះ ពេលនេះ អង្កររបស់កម្ពុជា បានឈ្នះជ័យលាភីជា អង្ករល្អដាច់គេ ប្រចាំឆ្នាំ២០២២។ នេះបើយោងតាមការបង្ហោះនៅលើហ្វេសប៊ុក របស់លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាពេលមុននេះបន្តិច។
បើតាមលោកឧកញ៉ា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរថា ការឈ្នះជ័យលាភីជា អង្ករល្អដាច់គេ ប្រចាំឆ្នាំ ២០២២ ខាងលើនេះ ធ្វើឡើង នៅវេទិការអង្ករពិភលោក ទីក្រុង ភូកេត ប្រទេសថៃ នាថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២២ ។
គួរបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអង្ករបស់កម្ពុជាឈ្នះជ័យលាភីលេខ១។ ចំពោះអង្ករដែលបានឈ្នះជ័យលាភីលេខ១ នៅក្នុងឆ្នាំ២០២២នេះ គឺជាប្រភេទអង្ករកម្ពុជា "ផ្ការំដួល"។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន នៅថ្ងៃនេះ ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង