លុយ១ពាន់ដុល្លារវាមិនច្រើនទេសម្រាប់អ្នកដែលមានចំណូលរាប់ម៉ឺនដុល្លារ តែសម្រាប់អ្នកមានប្រាក់ចំណូលតិច ពួកគាត់ខំតាំងចិត្តសន្សំណាស់ទម្រាំបានលុយសន្សំទុកក្នុងកុងធនាគារចំនួន១ពាន់ដុល្លារនេះ។ បើអ្នកជាអ្នកធ្វើការសន្សំលុយបាន១ពាន់ដុល្លារ តើគួរយកធ្វើអ្វីខ្លះ ដើម្បីឲ្យលុយសន្សំរបស់អ្នកកាន់តែកើនឡើងជាលំដាប់?
ខាងក្រោមនេះខ្ញុំសូមបង្ហាញនូវគំនិតខ្លះៗដែលបងប្អូនគួរធ្វើបើចង់ឲ្យលុយសន្សំ១ពាន់ដុល្លារេបស់អ្នកកាន់តែកើតកូនកើតចៅបន្ថែមទៀត។
១. ដកមួយផ្នែកសន្សំទុកពេលមានអាសន្ន
លុយបម្រុងទុកពេលមានអាសន្នពិតជាសំខាន់ ព្រោះវាជួយអ្នកឲ្យចៀសផុតពីបញ្ហាលុយកាក់ក្នុងការរស់នៅ។ តែយ៉ាងណាមិញមនុស្សមួយចំនួនមើលរំលងដែលធ្វើឲ្យពួកគាត់ជួបបញ្ហាហើយពេលខ្លះធ្លាក់ខ្លួនទៅក្នុងបញ្ហាបំណុលទៀតផង។ អ៊ីចឹងបើអ្នកសន្សំបាន១ពាន់ដុល្លារ អ្នកមិនគួរយកលុយអស់ពីខ្លួនទៅវិនិយោគឬរកស៊ីនោះទេ។ អ្នកគួរដកមួយផ្នែកមកសន្សំទុកបន្តទៀតដើម្បីទុកជាកញ្ចប់លុយសម្រាប់ប្រើការពេលមានអាសន្នឬហេតុការណ៍ផ្សេងៗដែលយើងត្រូវការលុយជាចាំបាច់បន្ទាន់ដើម្បីដោះស្រាយ។
២. វិនិយោគលើខ្លួនឯង
ការវិនិយោគលើខ្លួនឯងឬយើងហៅម្យ៉ាងទៀតថាវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដែលធ្វើឲ្យអ្នកចំណេញលុយច្រើនបំផុត នេះបើតាមសម្ដីរបស់លោកតា Benjamin Franklin ដែលតាស្ថិតនៅក្នុងក្រដាសប្រាក់១០០ដុល្លារ។ ពិតណាស់ការវិនិយោគលើខ្លួនឯងគឺជាការបង្កើនឥទ្ធិពលក្នុងការកសាងចំណូលនិងទ្រព្យនាពេលអនាគត។ បងប្អូនមួយចំនួនប្រហែលជាមិនទាន់យល់ទេថាតើវិនិយោគលើចំណេះមានន័យដូចម្ដេច។ ការវិនិយោគលើចំណេះសំដៅដល់ការដុសខាត់សមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំងដើម្បីឲ្យខ្លួនមានជំនាញកាន់តែច្បាស់ហើយអាចបង្កើតចំណូលបានកាន់តែច្រើន។
លើសពីនេះការវិនិយោគលើចំណេះដឹងគឺអាចជួយអ្នកកាត់បន្ថយហានិភ័យឲ្យនៅទាបពេលអ្នកយកលុយទៅរកស៊ីឬវិនិយោគលើអ្វីមួយ ព្រោះពេលអ្នកមានចំណេះដឹងទៅលើអ្វីដែលអ្នករកស៊ីនិងវិនិយោគ ឱកាសបរាជ័យនឹងមានតិចជាងជោគជ័យ។
ខ្ញុំសុំលើកយកឧទាហរណ៍ពីការវិនិយោគលើចំណេះដឹងដើម្បីឲ្យបងប្អូនយល់ច្បាស់។ ឧទាហរណ៍ថាបងប្អូនចង់ចាប់ផ្ដើមវិនិយោគលើអចលនទ្រព្យ ដូច្នេះបងប្អូនបងត្រូវមានចំណេះដឹងទាក់ទងនឹងការវិនិយោគលើអចលនទ្រព្យជាមុនសិន។ ត្រង់នេះបងប្អូនមិនចាំបាច់ដឹងគ្រប់យ៉ាងពីអចលនទ្រព្យនោះទេ ប៉ុន្ដែត្រូវដឹងរឿងមួយចំនួនដែលជាមូលដ្ឋានគ្រឹះនៃការវិនិយោគលើអចលនទ្រព្យ។ ឧទាហរណ៍ បើចង់ទិញដីមួយកន្លែង អនាគតទៅលក់បានថ្លៃងាយស្រួលទិញលក់តើយើងគួរមើលលើកត្តាអ្វីខ្លះ។
អ៊ីចឹងបងប្អូនត្រូវមានចេះណេះដឹងលើកិច្ចការវិនិយោគលើអចលនទ្រព្យ ហើយដើម្បីបានចំណេះដឹងលើការវិនិយោគលើអចលនទ្រព្យបងប្អូនត្រូវអានអត្ថបទ អានសៀវភៅទាក់ទងនឹងអចលនទ្រព្យ។ លើសពីនេះ ត្រូវស្រាវជ្រាវខ្លួនឯងបន្ថែម ចូលរួមវគ្គបណ្ដោះបណ្ដាលទាក់ទងនឹងអចលនទ្រព្យ ជាពិសេសគឺសុំយោបល់ពីអ្នកដែលមានបទពិសោធន៍វិនិយោគលើអចលនទ្រព្យកាន់តែល្អ។
៣. វិនិយោគ
លុយ១ពាន់ដុល្លារ ពេលខ្លះបងប្អូនគិតថាតិចពេក វិនិយោគមិនបានផ្លែផ្កាឬមិនអាចវិនិយោគបាន។ ប៉ុន្ដែមានរឿងមួយចំនួនដែលយើងនៅតែអាចវិនិយោគបាន។ ក្រៅពីការវិនិយោគលើខ្លួនឯង ដោយយើងមិនចាំបាច់ត្រូវការដើមទុនច្រើន អ្នកអាចចាប់ឱកាសវិនិយោគលើផ្សារភាគហ៊ុនខ្មែរបាន។ ផ្សារហ៊ុនខ្មែរយើងមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា”។
បើនិយាយពីផ្សារភាគហ៊ុន ប្រទេសគេដែលមានសេដ្ឋកិច្ចជឿនលឿនគេមានផ្សារហ៊ុនរាប់សិបឆ្នាំមកហើយ តែនៅកម្កុជាផ្សារទើបបង្កើតបានខ្ទង់ជាង១០ឆ្នាំ។ ត្រូវចាំបានប្រទេសយើងកំពុងអភិវឌ្ឍន៍ ដូច្នេះផ្សារហ៊ុននឹងមានឱកាសកាន់តែរីកចម្រើនទៅមុខបន្ត ហើយអ្នកគួរតែចាប់ឱកាសរៀនវិនិយោគលើផ្សារហ៊ុនព្រោះវាជាកន្លែងដែលអ្នកអាចបង្កើតចំណូលបន្ថែមក្រៅពីប្រាក់ខែនិងចំណូលពីការរកស៊ីរបស់អ្នក ជាពិសេសអ្នកអាចបង្កើតចំណូលអកម្ម។
បើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ចនិងវិនិយោគបានឲ្យដឹងនៅក្នុងបរិបទបច្ចុប្បន្ននិងអនាគត បើអ្នកចង់កសាងទ្រព្យរយៈពេលវែង ការវិនិយោគលើអចលនទ្រព្យនិងការវិនិយោគលើផ្សារហ៊ុនគឺជាការវិនិយោគដែលអ្នកមិនគួរមើលរំលងឡើយ។ អ៊ីចឹងបងប្អូនគួរចាប់ឱកាសវិនិយោគលើផ្សារមូលបត្រកម្ពុជាដែលជាផ្សារភាគហ៊ុនខ្មែរ។
ចំពោះដើមទុនក្នុងការវិនិយោគមិនចោទជាបញ្ហានោះទេសម្រាប់ពលរដ្ឋយើង ព្រោះអ្នកចំណូលទាបក៏អាចវិនិយោគបានដែរ។ អ្នកអាចចាប់ផ្ដើមវិនិយោគពីដើមទុន២ម៉ឺនរៀលក៏បាន ៤ម៉ឺនរៀលក៏បានឬ ៤០ម៉ឺនរៀលក៏បានទៅតាមលទ្ធភាពរបស់អ្នក។
ការវិនិយោគភាគហ៊ុន អ្នកទទួលបានចំណូល២ផ្លូវគឺទីមួយពីចំណេញមូលធន។ ឧទាហរណ៍ អ្នកទិញហ៊ុនរដ្ឋករទឹកក្រុងភ្នំពេញតម្លៃ ៥ពាន់រៀល ក្នុងមួយហ៊ុន ពេលហ៊ុននេះឡើងដល់៧ពាន់រៀល អ្នកចំណេញ២ពាន់រៀល អាចលក់យកប្រាក់ចំណេញបាន។
មួយវិញទៀតគឺចំណូលពីភាគលាភ។ ឧទាហរណ៍ បើអ្នកទិញហ៊ុន ធនាគារ អេស៊ីលីដាចំនួន ១ម៉ឹនហ៊ុន ហើយធនាគារ អេស៊ីលីដាចែកភាគលាភ ១,០០០រៀលក្នុងមួយហ៊ុន នោះអ្នកនឹងបានចំណូលភាគលាភចំនួន១០លានរៀល ហើយចំណូលពីភាគលាភគឺជាចំណូលអកម្មទោះដេកលក់ឬដើរលេងក៏នៅតែបានចំណុល។
យ៉ាងណាមិញគ្រប់ការវិនិយោគសុទ្ធតែមានហានិភ័យ ហើយភាគហ៊ុននេះគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាយើង ដូច្នេះមុននឹងវិនិយោគ អ្នកត្រូវសិក្សាស្វែងយល់ជាមុនសិន។ ចង់រៀនវិនិយោគលើផ្សារហ៊ុន អាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុងឬ ចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong