ប្រជាជនវៀតណាមរាប់ពាន់នាក់កំពុងរងការខ្វះខាតទឹកសាបប្រើប្រាស់យ៉ាងធ្ងន់ធ្ងរដោយសារជួបគ្រោះរាំងស្ងួត និងការបញ្ចេញជាតិប្រៃ ដែលជំរុញឱ្យអាជ្ញាធរវៀតណាមបានប្រកាសអាសន្នក្នុងខេត្ត Tien Giang ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីក្រុងហូជីមីញតែម្តង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietam Plus ។
ប្រភពដដែលបានឱ្យដឹងទៀតថា ការបញ្ចេញជាតិអំបិល ដែលជាការជ្រៀតចូលនៃទឹកអំបិលពីសមុទ្រនេះបានប៉ះពាល់ដល់ដំណាំយ៉ាងធ្ងន់ធ្ងរហើយផ្ទះរាប់ពាន់គ្រួសារក្នុងចំណោមប្រជាជន ៤៣,០០០ ដែលរស់នៅក្នុងតំបន់នោះកំពុងតែជួបនៅវិបត្តិគ្មានទឹកប្រើប្រាស់ផងដែរ។
គួរបញ្ជាក់ថា ក្នុងរដូវប្រាំងនេះ គ្រោះរាំងស្ងួតបានអូសបន្លាយយ៉ាងយូរនៅវៀតណាម ហើយការបញ្ចៀតចូលទឹកប្រៃកាន់តែជ្រៅនៅក្នុងទន្លេ Tien ខាងលើ បានឡោមព័ទ្ធសហគមន៍ពោរពេញដោយទឹកប្រៃដូច្នេះដីសណ្ដទន្លេមេគង្គប្រឈមមុខនឹងការជ្រៀតចូលទឹកប្រៃជារៀងរាល់ឆ្នាំ ហើយអាកាសធាតុក្តៅខ្លាំង និងការកើនឡើងកម្រិតទឹកសមុទ្រ ដែលទាំងជំរុញដោយការប្រែប្រួលអាកាសធាតុ កំពុងបង្កើនហានិភ័យក្នុងខេត្ត Tien Giang នៃវៀតណាមផងដែរ៕