លោក យ៉ា សុផាត បច្ចុប្បន្នគឺជាប្រធានបណ្តុំបន្លែដំណាក់ហ្លួងខេត្តកំពត ដែលលោកកំពុងតែប្រកបរបរដាំដុះដំណាំបន្លែចម្រុះជាច្រើនប្រភេទនៅលើផ្ទៃដីប្រមាណជា ៦០អារ ប៉ុន្តែក្នុងមួយខែៗលោកអាចរកចំណូលវិលជុំចូលគ្រួសារបានខ្ទង់ ៥០០ដុល្លារក្នុងមួយខែ។
ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក យ៉ា សុផាត បានឱ្យដឹងថា លោកបានចាប់ផ្តើមរបរដាំដំណាំនេះអស់រយៈពេល ៦ឆ្នាំមកហើយ ហើយក្នុងរយៈពេល៦ឆ្នាំមកនេះលោកទទួលបានផលចំណេញខ្លះសម្រាប់គ្រួសារដែលអាចមានលទ្ធភាពប្តូរពីការប្រើប្រាស់គោទៅជាទិញគោយន្ត និងអាចទិញម៉ូតូឱ្យកូនជិះទៅរៀនបាន។
លោកបានបន្តថា ទន្ទឹមនឹងលទ្ធផលទាំងអស់នេះ នៅពេលចាប់ផ្តើមដំបូងៗលោកក៏ជួបប្រទះនូវបញ្ហាមួយចំនួនខ្លះដែរ ជាពិសេសទាក់ទងនិងបច្ចេសទេក្នុងការដាំបន្លែ និង ការប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវនិងសមស្រប។ប៉ុន្តែក្រោយមកបន្ទាប់ពីបានប្រើអេបចំការ ការដាំដុះរបស់លោកក៏ចាប់ផ្តើមល្អប្រសើរជាងមុន ព្រោះនៅពេលមានបញ្ហាណាមួយពាក់ព័ន្ធនឹងការដាំដុះអាចសួរនិងរកដំណោះស្រាយក្នុងអេបនេះបានយ៉ាងងាយស្រួល។
ក្រោយពីទទួលបានផលវិជ្ជមាននៅក្នុងការដាំដុះលោក យ៉ា សុផាត បានចែករំលែកនូវបទពិសោធន៍ខ្លះសម្រាប់អ្នកដំាំបន្លែផងដែរ ដោយលោកបានក្រើនរំលឹកថា ប្រសិនបើករណីដាំបន្លែទៅចាលច្រើនលក់មិនសូវចេញ អ្នកដាំបន្លែគួរតែប្តូរពេលវេលាដាំលក្ខណៈវិលជុំ ដោយត្រូវមើលទៅលើទីផ្សារនៅតំបន់ដែលយើងកំពុងដាំ នៅពេលឃើញមានបន្លែណាគេត្រូវការច្រើនហើយកំពុងចាលលើទីផ្សារកុំអាលដាំ ចាំពេលគេចាប់ផ្តើមប្រមូលផល ចាំយើងចាប់ផ្តើមដាំធ្វើបែបនេះនៅពេលគេអស់យើងបានប្រមូលផលម្តង បែបនេះគឺបន្លែនឹងមិនខ្វះទីផ្សារហើយមិនសល់ចោលទៀត។
ហេតុនេះសម្រាប់ប្អូនដែលមានដីចំការនៅជិតផ្ទះអាចសាកល្បងប្រកបរបរបន្ថែមដូចជាគាត់បានដើម្បីអាចបង្កើតប្រភពចំណូលបន្ថែម ជាពិសេសក្បួនដាំដុះត្រូវតែសង្កេតមើលពីទីផ្សារនិងអ្នកដាំដុះនៅជុំវិញយើង ហើយឆ្លាស់គ្នាដាំវិលជុំកុំដាំស្របពេលគ្នាហើយប្រមូលផលក្នុងពេលតែមួយវាអាចធ្វើឱ្យបន្លែចាលចោល ម្យ៉ាងវិញទៀតគួរដាំដំណាំឱ្យបានច្រើនប្រភេទតាមដែលអាចធ្វើទៅបានដើម្បីអស់ផលមួយបានមួយដើម្បីបានចំណូលវិលជុំរាល់ថ្ងៃ។ដោយឡែកចំពោះបច្ចេកទេសដាំដុះបងប្អូនអាចធ្វើការរៀន និងសាកសួរព័ត៌មានបន្ថែមតាមរយៈអេប ចំការ បាន ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការដាំដុះរបស់បងប្អូន៕
សម្រាប់បងប្អូនដែលចង់រកស៊ីក្នុងវិស័យកសិកម្មប៉ុន្តែ ខ្វះគំនិត ជំនាញ និងដើមទុន កុំភ្លេចចូលរួមវគ្គខ្លី "គំនិតរកចំណូលក្នុងវិស័យកសិកម្ម" ចុះឈ្មោះតាមតេឡេក្រាម 081 68 82 28
អត្ថបទដោយ៖សម្បត្តិ សុខឡាង