ពិតជារឿងដ៏គួរឱ្យសរសើរមួយ សម្រាប់យុវជន២រូប មានអាយុ២៣ឆ្នាំសោះ តែពួកគាត់ខំប្រឹងតស៊ូគ្រប់បែបយ៉ាងរហូតអាចមានអាជីវកម្ម៣ក្នុងដៃតម្លៃរាប់ម៉ឺនដុល្លារ។ បុរសវ័យក្មេងទាំង២រូប ដែល Business Cambodia បានរៀបរាប់នោះគឺលោក អួន ចាន់ណា និងលោក ស៊ីង រ៉ាមី ។
នៅក្នុងបទសម្ភាន៍ លោក អួន ចាន់ណា បាននិយាយថាបច្ចុប្បន្ននេះលោកមានអាជីវកម្ម៣នៅក្នុងដៃ ត្រឹមវ័យ២៣ ឆ្នាំ ដោយជំនួញទី១របស់លោកគឺមានក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងកសិកម្ម ជំនួញទី២គឺក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍សំណង់ ចំណែកជំនួញទី៣វិញជាក្រុមហ៊ុនម៉ាស៊ីនភ្លើង។
លោកចាន់ណា បានបន្ថែមថា ទម្រាំលោកមានអាជីវកម្ម៣ក្នុងដៃដូចសព្វថ្ងៃគឺមិនងាយស្រួលឡើយ ដោយសារតែលោកជាកុមារម្នាក់ដែលកើតមកមិនដែលបានជួបឪពុកឡើយហើយពេលដល់វ័យ៩ឆ្នាំក៏ត្រូវកំព្រាម្តាយថែមទៀត។
បុរសខាងលើបាននិយាយបន្តទៀតថា បន្ទាប់ពីក្លាយជាកូនកំព្រាលោកបានផ្ញើជីវិតជាមួយអ្នកដទៃដើម្បីប្រើជីវិតឱ្យរស់នៅបន្តទៀតនិងដើម្បីសិក្សារៀនសូត្រ។ លុះនៅអាយុ១១ ឆ្នាំលោកក៏បានផ្លាស់ប្តូរទីលំនៅទៅរស់នៅខេត្តរតនគិរីដើម្បីប្រើជីវិតឱ្យមានភាពប្រសើរជាងមុន។ តែពិតជាសំណាងល្អនៅពេលដែលចាកចេញពីស្រុកកំណើតលោកបានជួបមនុស្សល្អម្នាក់ដែលគាត់បានផ្តល់ឱកាសការងារឱ្យលោកធ្វើជាជាងម៉ាស៊ីនត្រជាក់ផ្តល់ដំបូន្មានល្អៗ ក៏ដូចជាការលើកទឹកចិត្តចំណែកការងារជាជាងម៉ាស៊ីនត្រជាក់នេះគឺលោកធ្វើដើម្បីយកតែបាយហូបនឹងរៀនតែប៉ុណ្ណោះ។
លោកអួន ចាន់ណា បានបញ្ជាក់ថា បច្ចុប្បន្ននេះសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងកសិកម្ម គឺលោកមានលក់ម៉ាស៊ីនកិនស្រូវខ្នាតតូច ម៉ាស៊ីនធ្វើចំណីសត្វ ម៉ាស៊ីនធ្វើជី ម៉ាស៊ីនហាន់ដើមចេក ម៉ាស៊ីនសូនចំណីត្រី ម៉ាស៊ីនហាន់ស្មៅគោ ពពែ ជ្រូក មាន់ ទានិងគ្រឿងកសិកម្មជាច្រើនទៀត ។ ចំណែកក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍សំណង់វិញមានលក់ដូចជាឧបករណ៍ប្រើប្រាស់ គ្រឿងជាង ម៉ូទ័រកាត់ដែក ម៉ូទ័រស្វានម៉ូទ័រ បុកដីនិងបង្ហាប់ដី និងឧបករណ៍ជាច្រើនមុខទៀតរហូតដល់៣ពាន់មុខ។ សម្រាប់ក្រុមហ៊ុនម៉ាស៊ីនភ្លើងគឺមានផ្គត់ផ្គង់ម៉ាស៊ីនពី 10KVA ដល់ 1000KVA។
ជាមួយគ្នានោះដែរ យុវជនវ័យ២៣ឆ្នាំ លោក ស៊ីង រ៉ាមី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយចាបក្រហមថា ពីដំបូងឡើយលោកបានសម្រេចចិត្តចិញ្ចឹមមាន់៣០០ក្បាល ដើម្បីបង្កើតដើមទុនចេញរកស៊ី រហូតអាចបង្កើតកសិដ្ឋានចិញ្ចឹមសត្វផ្ទាល់ខ្លួនចំនួនពីរកសិដ្ឋាន និងខ្ចីលុយពុកម្ដាយបើកឃ្លាំងលក់គ្រឿងយន្តកសិកម្មតម្លៃខ្ទង់ម៉ឺនដុល្លារអាមេរិក។
សហគ្រិនខ្មែរទើបតែមានអាយុត្រឹមតែ២៣ឆ្នាំ មានមុខរបរបីក្នុងដៃតម្លៃរាប់ម៉ឺនដុល្លារដោយលោកមិនមានសញ្ញាប័ត្របរិញ្ញាប័ត្រកសិកម្មឬជំនាញអ្វីឡើយ ប៉ុន្តែយុវជនចិត្តធ្ងន់រូបនេះ មានបេះដូចជាសហគ្រិន ហានសាកចេញរកស៊ីដោយមិនខ្លាចពីភាពបរាជ័យឡើយ។ លោក រ៉ាមី បាននិយាយថា ក្រោយពេលដែលលោកបានជួបលោកអ៊ំ ម៉ុង ឫទ្ធី រូបលោកហាក់មាននិស្ស័យស្រឡាញ់របរកសិកម្មកាន់តែខ្លាំងឡើងៗ ខណៈកាលពីមុនលោកមិនដឹងចាប់យករបរអ្វីដើម្បីសាងផ្លូវអាជីវកម្មឡើយ។
គិតរហូតមកដល់ពេលនេះ លោក ស៊ីង រ៉ាមី មានកសិដ្ឋានចិញ្ចឹមគោមួយកន្លែងដែលមានមេគោពូជប្រាម៉ាន់ចំនួន១០ក្បាលតម្លៃខ្ទង់ម៉ឺនដុល្លារ ហើយខែក្រោយនេះ មេគោមួយចំនួននឹងទម្លាក់កូនបន្តទៀត ហើយចំនួនគោនឹងកើនឡើងដល់១៥ក្បាល។ បន្ថែមពីនេះ លោកក៏បានបង្វះគោខ្មែរចំនួន១០ក្បាលថែមទៀតជាមួយដៃគូរកស៊ីរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ រ៉ាមីមានកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងទៀតមានមេជ្រូកសរុបចំនួន ២៥មេ និងមានឃ្លាំងលក់គ្រឿងកសិកម្មដូចជាម៉ាស៊ីនកិនចំណី ម៉ាស៊ីនហាន់ចំណី និងម៉ាស៊ីនផ្សេងៗទៀត កំពុងលក់សព្វថ្ងៃនេះ៕
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022
អត្ថបទ៖ ធី ស្រីល័ក្ខ