ជាដំណឹងដ៏រីករាយ សម្រាប់អ្នកស្រឡាញ់ និងចង់បម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋ ព្រោះនាពេលនេះក្រសួងធំៗ២ បានប្រកាសជ្រើសរើសអ្នកចង់ធ្វើការរដ្ឋជាច្រើនអ្នកដើម្បីត្រៀមបណ្តុះបណ្តាលប្រឡងចូលផងដែរ។
កាលពីកន្លងទៅនេះ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសសិស្ស និស្សិត ចំនួន ៦២០នាក់ ចូលបណ្តុះបណ្តាលនាយទាហាននៃកងយោធពលខេមរភូមិន្ទសម្រាប់ឆ្នាំសិក្សា ២០២៣ តទៅ។
ក្នងនោះរួមមាន នាយទាសកម្មចំនួន ២០០នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោកចំនួន ២៥០នាក់ និងនាយទាហានបន្តវេនចំនួន ១៧០នាក់ នៅវិទ្យាស្ថានទ័ពជើងគោកជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០២៣នេះតទៅ។
អាស្រ័យហេតុនេះចំពោះបងប្អូនសិស្ស និស្សិត ដែលមានបំណងចូលបណ្តុះបណ្តាលនាយទាហានសកម្ម នាយទាហានបន្តវេន និងនាយទាហានជើងគោក អាចត្រៀមធ្វើការដាក់ពាក្យចូលវគ្គបណ្តុះបណ្តាលនេះបាន។
ជាមួយគ្នានោះដែរ ក្រសួងរ៉ែ និងថាមពល បានធ្វើការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា បម្រើការងារនៅទីស្ដីការក្រសួងសម្រាប់ឆ្នាំ២០២៣ ចំនួន ៩០ រូប ក្នុងមុខតំណែងជាជំនួយការអង្គភាព។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសរួមមាន៖
១.បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ
២.បេក្ខជនត្រូវមានចំណេះដឹងផ្នែករដ្ឋបាល សេដ្ឋកិច្ច គណនេយ្យ ហិរវត្ថុ នីតិសាស្រ្ត រដ្ឋបាលសាធារណៈ និងជំនាញផ្សេងៗពាក់ព័ន្ធ នឹងវិស័យតរ៉ែ ថាមពល ឬប្រេងកាត។
សម្រាប់ការទទួលពាក្យ និងទីកន្លែងដាក់ពាក្យស្នើសុំចូលបម្រើការងារ បេក្ខជនទាញគំរូពាក្យស្នើសុំចូលបម្រើការងាររយៈ QR Code នៅផ្នែកខាងក្រោមលិខិត ឬបេក្ខជនអាចមកដាក់ពាក្យនៅអាគារC សាលប្រជុំបន្ទប់CO១ នៃទីស្ដីការក្រសួងរ៉ែ និងថាមពល ដែលមានទីតាំងស្ថិតនៅ មហាវិថីព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
អត្ថបទ៖ ធី ស្រីល័ក្ខ