មនុស្សជាច្រើនតែងតែរអ៊ូរឿងចាយលុយមិនដែលសល់ឬចាយលុយសល់ថ្ងៃ ពោលគឺមិនទាន់ដល់ថ្ងៃបើកលុយផង ចាយលុយអស់មុនបាត់។ ដើម្បីជាដំណោះស្រាយ ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកនូវរឿងមួយចំនួនដើម្បីឲ្យបងប្អូនរៀបចំចាត់ចែងលុយឡើងវិញជៀសវាបញ្ហាលុយហើយសល់លុយចាយមិនចេះអស់។
១. ចេះសន្សំ
មនុស្សជាច្រើនចេះរកលុយតែមិនចេះចាត់ចែងលុយជាពិសេសគឺមិនចេះសន្សំលុយ។ ការមិនចេះសន្សំលុយនេះគឺជាឬគលដែលធ្វើឲ្យអ្នកអាចជួបបញ្ហាដាច់លុយព្រោះតែចាយលុយអស់ៗពីដៃ។ ដូច្នេះអ្នកត្រូវចេះសន្សំ ពោលគឺរកលុយបានត្រូវដកមួយផ្នែកមកសន្សំសិន មុននឹងយកលុយទៅចំណាយលើរឿងផ្សេងៗក្នុងការរស់នៅ។ ឧទាហរណ៍ប្រាក់ខែ៥០០ដុល្លារ អាចដកសន្សំ១០ឬ២០% ហើយអនុវត្តន៍វាជារៀងរាល់ខែ អ្នកនឹងសល់លុយមិនខាន។
២. បង្កើនចំណូល
បើដឹងថាអ្នកចាយមិនគ្រប់គ្រាន់ អ្នកត្រូវប្រឹងប្រែងធ្វើការដើម្បីបង្កើនចំណូលកាន់តែច្រើន។ ពេលខ្លះបើយើងធ្វើការលេងៗលំៗ មិនប្រឹងប្រែងយើងត្រឹមតែបានលុយសម្រាប់ចាយគ្រប់គ្រាន់ហើយពេលខ្លះអាចខ្វះខាតលុយក្នុងការរស់នៅទៀតផង។ អ៊ីចឹងបើចំណូលទាបព្យាយាមបង្កើនចំណូលបន្ថែមដើម្បីដោះស្រាយបញ្ហាខ្វះលុយ។
៣. សន្សំលុយបម្រុងពេលមានអាសន្ន
នៅក្នុងការរស់នៅមានរឿងរ៉ាវច្រើនដែលកើតឡើងដោយយើងមិនអាចដឹងមុនហើយរឿងទាំងនោះទៀតសោតគឺធ្វើឲ្យយើងត្រូវចំណាយលុយ ដូចជាការឈឺថ្កាត់ និងការបាត់បង់ការងារជាដើម។ ដូច្នេះដើម្បីកុំឲ្យអ្នកជួបបញ្ហាលុយ អ្នកគួរមានកញ្ចប់សន្សំសម្រាប់បម្រុងពេលមានអាសន្ន។ ការធ្វើបែបនេះគឺជារឿងដ៏ល្អព្រោះយើងមិនងាយមានបញ្ហារឿងលុយឡើយ។
៤. វិនិយោគលុយរបស់អ្នក
ចំណុចនេះពិតជាសំខាន់ ហើយបើអ្នកធ្វើបាន អ្នកនឹងចាយលុយមិនចេះអស់នោះទេ។ គេថាបើចង់មានត្រូវចេញរកស៊ី និងត្រូវចេះប្រើលុយទៅបង្កើតលុយបន្តតាមរយៈការវិនិយោគ។ ការវិនិយោគនេះទៀតសោត វាទាមទារឲ្យអ្នកសិក្សាស្វែងយល់ពីឱកាសវិនិយោគនីមួយៗដើម្បីឲ្យអ្នកថាតើឱកាសវិនិយោគណាសមស្របសម្រាប់អ្នក ហើយបើកាលណាអ្នកសិក្សាស្វែងបានច្បាស់លាស់អ្នកអាចចាត់បន្ថយហានិភ័យឲ្យនៅទាបបាន។ ឱកាសវិនិយោគអាចមានច្រើន ដូចជា អចលនទ្រព្យ ការចូលហ៊ុនវិនិយោគក្នុងអាជីវកម្ម ការ វិនិយោគលើហាងឆេងមាស វិនិយោគលើចំណេះជំនាញនិងវិនិយោគលើផ្សារហ៊ុនជាដើម៕