ក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងក្រុមហ៊ុន Overenden/Smarteden ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីនាំចេញផលិតផលសក្ដានុពលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។
នៅក្នុងពិធីចុះអនុស្សរណៈខាងលើនេះ ក៏មានការអញ្ជើញជាអធិបតីពីសំណាក់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឧកញ៉ា ឡោ ងី សមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិក្រុមហ៊ុន Overenden/Smarteden ព្រមទាំងមានការចូលរួមជាភ្ញៀវកិត្តិយសផ្សេងទៀតដូចជា អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ នៃសមាគមឧកញ៉ាកម្ពុជាផងដែរ។
សូមបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់បន្ថែមទៀតនូវផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជាដូចជា អង្ករ ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទី ស្ករត្នោត ម្រេច ត្រីងៀតក៏ដូចជាស្រាបៀរ និងផលិតផលខ្មែរជាច្រើនទៀតចូលក្នុងទីផ្សារប្រទេសបារាំង និងសហគមអឺរ៉ុបដោយនឹងដាក់លក់នៅហាងជាង ៦,០០០ របស់ក្រុមហ៊ុន Smart Eden ដែលស្ថិតនៅក្នុងប្រទេសបារាំងតែម្តង៕