ជិតដាច់ឆ្នាំ២០២៥ហើយ បើឆ្នាំថ្មីចង់ផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុពោលគឺចង់សល់លុយ ចង់កើនទ្រព្យ អ្នកត្រូវតែផ្លាស់ប្ដូរពីរបៀបចាយលុយបែបថ្មីដើម្បីសល់លុយហើយរស់នៅមិនខ្វល់ខ្វាយរឿងលុយកាក់រស់នៅស្រណុកចិត្ត។
ខាងក្រោមនេះគឺជារឿងសំខាន់ៗដែលអ្នកគួរចាប់ផ្ដើមធ្វើជាមួយលុយរបស់អ្នកនៅក្នុងឆ្នាំ២០២៥ ដើម្បីឲ្យសល់លុយហើយរស់នៅស្រណុកចិត្ត។
១. ធ្វើផែនការចំណាយប្រចាំខែ
ចំណុចនេះអ្នកត្រូវផ្ដើមចេញពីការកត់ត្រាចំណូលនិងចំណាយប្រចាំខែដើម្បីឈានដល់ការធ្វើផែនការចំណាយប្រចាំខែបាន។ នៅពេលដែលអ្នកបានតាមដានចំណាយប្រចាំខែច្បាស់ហើយនោះអ្នកអាចធ្វើផែនការចំណាយប្រចាំខែបាន។ ឧទាហរណ៍បន្ទាប់ពីតាមដានចំណាយប្រចាំខែអ្នកឃើញថាចំណាយលើម្ហូបអាហារប្រចាំខែគឺអស់១២០ដុល្លារ ដូច្នេះអ្នកកំណត់ការចាយលើអាហារខ្ទង់១២០ដុល្លារក្នុងមួយខែក្នុងការរស់នៅ។
២. មើលពីទម្លាប់ចាយរបស់អ្នកតាមអនឡាញ
អ្នកត្រូវមើលទៅទម្លាប់ចាយរបស់អ្នកលើអនឡាញព្រោះទម្លាប់នៃការចាយតាមអនឡាញនេះធ្វើឲ្យអ្នកចាយលុយអស់លឿនដោយមិនដឹងខ្លួន។ ដើម្បីកាត់បន្ថយការចាយលើអនឡាញដែលធ្វើឲ្យអ្នកចាយលុយអស់លុយលឿន អ្នកគួរលុបចោលShopping App ជាពិសេសត្រូវយកពេលគិតមុនចង់ទិញអ្វីមួយ។
៣. សន្សំលុយបម្រុងទុកពេលមានអាសន្ន
ការមានលុយបម្រុងទុកពេលមានអាសន្នគឺធ្វើឲ្យអ្នករស់នៅមិនព្រួយរឿងខ្វះខាតលុយ នៅពេលដែលអ្នកជួបហេតុការណ៍ដែលមិនអាចដឹងមុនហើយហេតុការណ៍ទាំងនោះសុទ្ធតែត្រូវចំណាយលុយ ដូចជាធ្លាក់ខ្លួនឈឺឬបាត់បង់ការងារជាដើម។ បើយោងតាមការណែនាំរបស់អ្នកជំនាញហិរញ្ញវត្ថុបានផ្ដល់យោបល់ថាអ្នកត្រូវមានលុយបម្រុងទុកសម្រាប់ចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ។ ឧទាហរណ៍បើមួយខែអ្នកចំណាយ៥០០ដុល្លារក្នុងការរស់នៅ អ្នកគួរមានលុយសន្សំបម្រុងទុកពី១៥០០ទៅ៣០០០ដុល្លារ។
៤. បើកកុងធនាគាររួមគ្នា
បើអ្នកទើបរៀបការជាមួយប្ដីប្រពន្ធ អ្នកត្រូវតែបើកកុងធនាគារួមគ្នាជាពិសេសកុងសន្សំនិងកុងចំណាយប្រចាំខែព្រោះការមានកុងសន្សំរួមគ្នាធ្វើឲ្យអ្នកងាយសម្រេចគោលដៅហរញ្ញវត្ថុហើយធ្វើឲ្យជីវភាពអ្នកឆាប់ធូរធា។