ក្រោយការជាប់ឆ្នោតរបស់លោក Donald Trump ជាប្រធានាធិតីអាណត្តិទី៤៧ លោក Biden ក៏ត្រូវចុះពីតំណែងមួយនេះ។ ប៉ុន្តែមុននឹងចុះពីតំណែងលោក Biden បានធ្វើរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយគឺអនុគ្រោះប្រាក់កម្ចីសិក្សាចំនួន៤.២៨ពាន់លានដុល្លារត្រូវបានខ្ចីដោយមនុស្ស៥៤៩០០នាក់ដែលជាអ្នកបម្រើការក្នុងសេវាសាធារណ:ឬហៅថាអ្នកធ្វើការរដ្ឋ។
យោងតាមការចុះផ្សាយរបស់ Yahoo កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០២៤បានអោយដឹងថាមន្ត្រីរាជការសាធារណៈដែលត្រូវបានអនុម័តសម្រាប់ការអនុគ្រោះបំណុលនេះ រួមមានគ្រូបង្រៀន គិលានុបដ្ឋាយិកា សមាជិកសេវាកម្ម មន្ត្រីអនុវត្តច្បាប់ និងបុគ្គលិកសេវាសាធារណៈផ្សេងទៀត ដែលបានលះបង់ជីវិតរបស់ពួកគេក្នុងការផ្តល់សេវាកម្មដល់សហគមន៍របស់ពួកគេ ហើយចុងក្រោយគេទទួលបានជំនួយសង្គ្រោះដែលសាកសមទៅនឹងការលះបង់របស់ពួកគេ។
ក្រោយមកកាលពីខែសីហា តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានស្ទាក់ស្ទើរក្នុងការយល់ព្រមទៅដល់គម្រោងរបស់លោក Biden ក្នុងការអនុម័តច្បាប់ដែលនឹងលុបចោល ឬលើកលែងបំណុលប្រាក់កម្ចីនិស្សិតសម្រាប់អ្នកខ្ចីអាមេរិករាប់លាននាក់។ប៉ុន្តែលោក Biden មិនបានបញ្ឈប់នោះទេ គាត់គ្រាន់តែរឹតបន្ទឹងក្នុងការអនុញ្ញាតនេះប៉ុណ្ណោះ។
គួរបញ្ចាក់ផងដែរថាគម្រោងអនុគ្រោះប្រាក់កម្ចីដល់សិស្សដែលបម្រើការរដ្ឋនេះមានឈ្មោះថា Public Service Loan Forgiveness program ត្រូវបានចុះហត្ថលេខាជាច្បាប់ដោយប្រធានាធិបតីលោក George W. Bush ក្នុងឆ្នាំ ២០០៧ ។