នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុន Toyota (Cambodia) នឹងបើកសាខាលក់រថយន្ដរបស់ថ្មីមួយទៀត ដែលមាននេះតាំងនៅក្នុងទឹកដីខេត្ដកំពង់ចាម លើបណ្ដោយផ្លូវជាតិលេខ ៧ ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
ដោយក្នុងនោះក្រុមហ៊ុនបានបញ្ជាក់យ៉ាងដូច្នេះថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជម្រាបជូនដំណឹងពិសេសទៅកាន់អតិថិជនដែលរស់នៅខេត្តកំពង់ចាម អោយបានជ្រាបថា៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តកំពង់ចាម នឹងសម្ពោធជាផ្លូវការនូវថ្ងៃទី 31 ខែ កក្កដា ឆ្នាំ 2023 នេះ ព្រមនឹងបើកបម្រើជូននូវសេវាលក់រថយន្តថ្មី ដោះដូររថយន្តចាស់យករថយន្តថ្មី និង សេវាកម្មបង់រំលស់ ចាប់ពីថ្ងៃទី ១ ខែសីហា តទៅ”។
ក្រុមហ៊ុនបានបន្ដថា “សាខាថ្មីនេះមានអាស័យដ្ឋានស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម”។
សូមជម្រាបផងដែរថា ក្រោយមានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសកម្ពុជា កន្លងទៅនេះក្រុមហ៊ុន Toyota ក៏បានធ្វើការបោះទុនវិនិយោគជាង ៣៦.៧ លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។ តាមការបញ្ជាក់ពីក្រុមហ៊ុន នៅពេលរោងចក្រនេះបើកដំណើរការ ក្រុមហ៊ុននឹងធ្វើការដំឡើងរថយន្ដ TOYOTA HILUX ដែលជាប្រភេទ Pick Up និង TOYOTA FORTUNER ដែលជាប្រភេទ SUV មុនគេផងដែរ៕