ការរើសរបររកស៊ីពិតជាសំខាន់ខ្លាំងណាស់ ប្រសិនបើយើងមានទុនតិចហីយទៅរកស៊ីរបរណាដែលលើសពីសមត្ថភាពខ្លួនឯងពេកនោះវានឹងធ្វើឱ្យយើងខាតទាំងលុយខាតទាំងពេលវេលាផងដែរ ដូច្នេះហើយនៅក្នុងឆ្នាំថ្មី ២០២៥នេះ ប្រសិនជាបងប្អូនចង់មានមុខរបរផ្ទាល់ខ្លួនត្រូវតែសិក្សាឱ្យស៊ីជម្រៅជាមុនសិនចាំចេញរកស៊ី។ ខាងក្រោមនេះជារបរទាំង១០ ដែលបងប្អូនមានទុនស្ទើរកុំប៉ះឱ្យសោះ ៖
១. មុខរបរបុរាណ៖ មុខរបរបុរាណគឺចង់សំដៅទៅដល់មុខរបរបែបបុរាណដែលមានទីផ្សារសម្រាប់តែបច្ចុប្បន្ន ប៉ុន្តែពេលអនាគតគឺពិបាករស់ដូចជាឡានដឹកដី ចំពោះមុខរបរឡានដឹកដីនេះគឺយើងត្រូវចំណាយលុយខ្ទង់ម៉ឺនដុល្លារឯណោះសម្រាប់ទៅទិញឡានមួយ ចំណែកការទទួលបានផលចំណេញគឺតិចណាស់ ដូច្នេះសម្រាប់បងប្អូនដែលមានលុយតិចតួចចង់ចេញរកស៊ីមិនគួរចាប់របរនេះឡើយ ព្រោះមុខរបរនេះមានគេរកស៊ីយូរហើយ។
ឧទាហរណ៍៖ នៅពេលយើងមានលុយ ២ម៉ឺនដុល្លារចង់ចាប់របរឡានដឹកដីតែយើងនៅខ្វះដើមទុន ២ម៉ឺនដុល្លារទៀត យើងក៏រត់ទៅខ្ចីពីធនាគារ២ម៉ឺនដុល្លារបន្ថែម សរុបទុនយើងមាន៤ម៉ឺនដុល្លារ តែយើងត្រូវជួលបុគ្គលិកមកបើកឡានមួយខែៗនៅត្រូវដូរប្រេងបាតទៀត ងាកខូចងាកជួសជុលឡានដឹកដីរហូត ច្បាស់ណាស់យើងប្រាកដជាខាតហើយជំពាក់គេថែមទៀត ព្រោះតែយើងចាប់របរបុរាណមករកស៊ី។
២. របរលក់គ្រឿងសំណង់៖ បច្ចេកវិទ្យាកាន់តែទំនើប ចំណែកមនុស្សក៏កាន់តែជឿនលឿនទៅតាមហ្នឹងដែរ ពីព្រោះនៅពេលដែលគេចង់ទិញគ្រឿងសំណង់គេអាចហ្នឹងលេងចង់ទៅទិញតាមផ្ទះលក់សំណង់តូចៗហើយ គេអាចនឹងទៅកន្លែងលក់គ្រឿងសំណង់ធំៗអីជាដើមព្រោះកន្លែងធំមានលក់សម្ភារៈច្រើនងាយស្រួលគេជ្រើសរើសតាមចិត្ត។
ម្យ៉ាងវិញនោះ ការបើកហាងលក់គ្រឿងសំណង់គឺចំណាយទុនច្រើនណាស់ ព្រោះយើងត្រូវទិញសម្ភារៈទិញយកមកស្តុកទុក ធ្វើស្លាកយីហោ បើកហាងដេគ័រឱ្យមានភាពទាក់ទាញ ពោលការបើកហាងលក់គ្រឿងសំណង់នីមួយៗចំណាយទុនមិនក្រោមម៉ឺនដុល្លារឡើយ ដូច្នេះសម្រាប់អ្នកមានដើមទុនតិច ប្រសិនជាចង់បើកហាងលក់គ្រឿងសំណង់គួរពិចារណាឱ្យបានម៉ត់ចត់ជៀសវាងខាតពេលវេលា និងខាតលុយទទេរៗ។
៣. របរសមុទ្រក្រហម៖ មុខរបរសមុទ្រក្រហមគឺមានដូចជាតែគុជ បើកហាងកាហ្វេ ផលិតឬលក់ឡេ ដោយរបរទាំងនេះអ្នករកស៊ីថ្មីថ្មោងមិនគួរទៅលូកលាន់ឡើយ ព្រោះតែបច្ចុប្បន្នទីផ្សារស្រុកខ្មែរយើងមានគេធ្វើច្រើនណាស់ ប៉ុន្តែប្រសិនជាអ្នកទាំងអស់គ្នាស្រលាញ់របរកាហ្វេ ឬតែគុជយើងអាចទៅទិញហ្រ្វេនឆាយពីយីហោណាដែលគេល្បីហើយគេលក់ដាច់ខ្លាំងនោះទើបយើងមិនងាយបរាជ័យ។
ចំណែករបរផលិតឬលក់ឡេវិញ លោកអ្នកដឹងហើយថាមានគ្នាយើងរកស៊ីច្រើនណាស់ហើយក៏មានអ្នកមួយចំនួនទៀតទើបតែបង្កើតប្រេនថ្មីៗទេតែបានដួលទៅវិញហើយ ដូច្នេះសម្រាប់របរឡេនេះបើចង់លក់យើងគួរតែរកចំណុចពិសេសនៃផលិតផលយើងឱ្យប្លែកពីគេ អស្ចារ្យជាងគេចាំរកស៊ី បើយើងផលិតឡើងធម្មតាៗដូចផលិតផលគេទេមិនគួរទៅប្រថុយខ្ចីលុយធនាគារមករកស៊ីជាដាច់ខាត។
៤. របរដើមទុនធំ៖ ចំពោះមុខរបរចុងក្រោយដែលអ្នកទើបចេញរកស៊ីហើយគ្មានបទពិសោធន៍រកស៊ីគួរតែចៀសវាងនោះគឺរបរដែលចាយទុនធំ ជាប្រភេទរបរដែលចាយទុន ២០ ៣០ម៉ឺនដុល្លារឡើង គួរតែពិចារណាឱ្យច្បាស់មុនរកស៊ី កុំមានលុយភ្លាមចាប់យករបរធំភ្លាមទាំងដែលខ្លួនឯងមិនធ្លាប់មានបទពិសោធន៍រកស៊ី ព្រោះវាជាហានិភ័យធំណាស់ បើហ៊ានប្រថុយទាំងភាពស្រពិចស្រពិល។
៥.របរផ្តល់ផលយូរ ៖ សម្រាប់អ្នកចេញរកស៊ីដំបូងៗគួរតែចៀសវាងរបរដែលហុចដល់យូរ ដូចជា ដាំកៅស៊ូ ដាំដូង ផ្ទះត្រចៀកកាំ និងរបរកសិកម្មផ្សេងទៀតដែលហុចផលយូរ ព្រោះត្រូវកប់ដើមរយៈពេលយូរទម្រាំតែបានផល ចុះបើដាំបានពាក់កណ្តាលទីយើងអស់លុយតើយើងនឹងរកទុនពីណាមកបន្ថែម។ដូច្នេះហើយមុនចាយលុយដែលខំរកទាំងលំបាកចាប់ផ្តើមរបរមួយៗត្រូវគិតគូរឱ្យបានម៉ត់ចត់។
៦. របរភ្លើងចំបើង៖ របរដែលមិនគួររកស៊ីបន្ទាប់នោះគឺរបរដែលខ្វះគុណតម្លៃ ជាប្រភេទរបរដែលមានរកស៊ីច្រើនដូចម៉ាត ២៥០០ មានគេរកស៊ីច្រើនហើយ ក៏ខ្វះគុណតម្លៃដែរ ព្រោះផលិតផលថោកនិងមិនសូវមានគុណភាព និងរបរអនឡាញមួយចំនួនដែលផលិតផលលក់ឱ្យតែបានៗមិនគិតគូរពីគុណភាព ពីសុវត្ថិភាពអ្នកប្រើប្រាស់ថានឹងរងផលប៉ះពាល់អ្វីខ្លះ ពោលគឺផ្តោតតែប្រាក់ចំណេញ។
៧. អាជីវកម្មដែលពិបាកពង្រីក៖ ចំពោះប្រភេទអាជីវកម្មដែលពិបាកពង្រីកនេះ គឺជាប្រភេទអាជីវកម្មដែលយើងមើលទៅឃើញថាអាជីវកម្មដែលប្រើម៉ាស៊ីនជំនួសអត់បាន អញ្ចឹងប្រភេទអាជីវកម្មនេះទោះបីជាចង់លក់ហ្រ្វេនឆាយបន្តក៏ពិបាកខ្លាំងដែរ ដោយសារអាជីវកម្មរបស់យើងប្រើតែកម្លាំងមនុស្សសុទ្ធមិនសូវមានខាងបច្ចេកវិទ្យាចូលទេ ដូច្នេះហើយអាជីវកម្មណាដែលគ្មានបច្ចេកវិទ្យានៅក្នុងនោះគឺជាអាជីវកម្មដែលពិបាកពង្រីកខ្លាំងបំផុត បែបនេះសម្រាប់បងប្អូនដែលកំពុងតែរកស៊ីហើយឃើញថាខ្លួនឯងកំពុងតែគ្មានបច្ចេកវិទ្យាចូលខ្លះមែនសូមប្រញាប់កែកុនទៅ។
៨. អាជីវកម្មងាយចំណេញ៖ នៅក្នុងឆ្នាំថ្មីនេះ មានអ្នករកស៊ីមួយចំនួនគាត់ចង់តែរកស៊ីរបរណាដែលឆាប់ចំណេញលឿនទេ ពោលគឺគាត់មិនខ្វល់ថារបរនោះរកស៊ីបានយូរឆ្នាំឬអត់ទេសំខាន់ឱ្យតែគាត់អាចបានលុយច្រើនៗ។ ដូចនេះហើយក្នុងនាមយើងជាអ្នករកស៊ីម្នាក់ត្រូវតែរើសមុខរបរណាដែលមិនងាយ ចំណេញ ព្រោះរបរដែលមិនងាយចំណេញគឺមិនងាយអ្នកមានរកស៊ីតាមទេ ហើយសម្រាប់អាជីវកម្មដែលពិបាកចំណេញនេះ គឺអ្នកដែលបានរកស៊ីរបរនោះពិតជាមានសំណាងខ្លាំងណាស់ព្រោះជីវិតយើងម្នាក់ៗកាន់តែជួបរឿងលំបាកៗនឹងកាន់តែសំណាង។
៩. បើកភោជនីដ្ឋាន៖ ចំពោះមុខរបរនេះ មិនមែនជាមុខរបរមិនល្អឡើយ គ្រាន់តែថាប្រសិនជាយើងមានទុនតិចតួចហើយចង់ទៅបើកភោជនីដ្ឋានធំៗដូចគេគឺទៅមិនរួចឡើយ ដោយសារតែភោជនីដ្ឋានខ្លះត្រូវការទុនរាប់ម៉ឺនដុល្លារក្នុងការដេគ័រហាង ការជួលទីកន្លែងដែលមានភាពធំទូលាយនឹងជួលបុគ្គលិកជាច្រើនផ្នែកផងដែរ។ ដូច្នេះសម្រាប់អ្នកមានទុនតិច ហើយចង់បង្កើតមុខរបរដូចគេគួរជ្រើសរើសមុខរបរណាដែលសមល្មមតាមទុនយើង ហើយគួររើសទីកន្លែងតូចសិនដើម្បីមានអតិថិជនគាំទ្រខ្លាំងសឹមយើងពង្រីកទីតាំងបន្ថែមទៀត។
១០.មុខរបរដែលចិញ្ចឹមបុគ្គលិកមិនរស់៖ មានបងប្អូនមានចំនួនចង់ប្រញាប់ចេញរកស៊ីខ្លាំងពេក ទៅចាប់របរដែលទីផ្សារកំពុងតែចង្អៀតខ្លាំង និងទីផ្សារមានតិចខ្លាំង ដូច្នេះធ្វើឱ្យគាត់មិនអាចពង្រីកអាជីវកម្មខ្លួនឯងបានតែបែរជាទៅតម្លើងតម្លៃគុណភាពផលិតផលរហូតលក់មិនបានលក់មិនដាច់ហើយប្រភេទអាជីវកម្មនេះគឺពិបាករស់ណាស់ ដែលជាហេតុធ្វើឱ្យចិញ្ចឹមបុគ្គលិកមិនរស់នោះទេ។
បែបនេះហើយមុននឹងបងប្អូនសម្រេចចិត្តរកស៊ីត្រូវគិតឱ្យច្បាស់ ហើយត្រូវចេះមើលទីផ្សារកុំរើសរបរណាដែលមើលទៅមានទីផ្សារតូច ទីផ្សារចង្អៀត ហើយកុំរើសរបរណាដែលលក់ដាច់តែ១ឆាវៗ ប្រសិនជាយើងគ្មានជំនាញខាងមើលទីផ្សារទេមុននឹងចេញរកស៊ីគួរតែស្រាវជ្រាវឱ្យច្បាស់ ឬរកអ្នកជំនាញណាមួយមកពិភាក្សាជាមួយទើបជារឿងល្អ៕