មិនថាអាជីវកម្មរបស់អ្នក ជាអាជីវកម្ម ខ្នាតតូចឬក៏ធំនោះទេ ការជួបភ្ញៀវពិបាកវាតែងតែជួបមិនអត់ទេ បើភ្ញៀវមិនខឹងរឿងនេះទេ ក៏ខឹងរឿងនោះដែរ។ ទាក់ទងទៅនឹងបញ្ហាជាមួយភ្ញៀវត្អូញត្អែនេះដែរ ថ្ងៃនេះ Business Cambodia ប្រាប់ថ្នាំទិព្វ៣ ភ្ញៀវហូបហើយឈប់ខឹង មិនតែប៉ុណ្ណោះទេ ភ្ញៀវថែមទាំងរីករាយទៀត។ ដោយក្នុងនោះរួមមាន៖
១. ទទួលស្គាល់ការខកចិត្តរបស់ពួកគេ៖
ប្រាប់ពួកគេថាអ្នកយល់ថាពួកគេខកចិត្ត និយាយរឿងដូចជា "ខ្ញុំយល់ទាំងស្រុងថាហេតុអ្វីបានជាអ្នកខកចិត្ត" ឬ "ខ្ញុំសុំទោសដែលបានកើតឡើងចំពោះអ្នក" ។
បន្ថែមពីនេះអ្នកត្រូវស្តាប់ភ្ញៀវដោយប្រឹងប្រយ័ត្ន ស្តាប់ឱ្យសកម្ម៖ កុំរំខានពេលភ្ញៀវកំពុងនិយាយ មើលភ្នែកភ្ញៀវ ងក់ក្បាល(បង្ហាញថាអ្នកយល់អ្វីដែលភ្ញៀវចង់មានន័យ) និងប្រើឃ្លាដូចជា "ចា" “បាទ” ឬ "ខ្ញុំយល់" ដើម្បីបង្ហាញថាអ្នកកំពុងយកចិត្តទុកដាក់។
២. មានទំនួលខុសត្រូវ
មិនថាអ្នកកំពុងធ្វើការងារអ្វី ឬរកស៊ីអ្វីនោះទេ ទំនួលខុសត្រូវពិតជាមានតម្លៃណាស់។ មនុស្សម្នាក់បើចង់ឱ្យគេគោរពលុះត្រាតែ មនុស្សម្នាក់នោះជាមនុស្សមានគុណតម្លៃ ហើយអាជីវកម្មមួយអាចឱ្យភ្ញៀវស្រលាញ់បាន លុះត្រាតែអាជីវកម្មនោះប្រកបដោយទំនួលខុសត្រូវ។
ឧទាហរណ៍ជាក់ស្តែង អ្នកជាអ្នកលក់កាហ្វេ ហើយអ្នកបានធ្វើខុសពីអ្វីដែរអតិថិជនកម្មង់ ដូច្នេះអ្នកត្រូវប្រញាប់ធ្វើថ្មីជូនគាត់វិញភ្លាមៗ នោះអតិថិជននឹងមានអារម្មណ៍ថា យើងជាអ្នកលក់ដែលមានទំនួលខុសត្រូវខ្ពស់ រហូតអាចធ្វើឱ្យគាត់ប្តូរពីចិត្តខឹងច្រឡោតមកត្រជាក់វិញ។
៣. គោរពតាមយោបល់របស់ភ្ញៀវ
អ្នកលក់ត្រូវប្រកាន់ពាក្យមួយថា “ផ្តល់នៅសេវាកម្មអតិថិជនដែលល្អឥតខ្ចោះ” ដោយផ្តល់ឱ្យភ្ញៀវ នៅអារម្មណ៍មួយថា ភ្ញៀវចូលមកទីនេះ ប្រៀបបានជាការចូលមកកាន់ផ្ទះរបស់ខ្លួនអញ្ចឹងដែរ។
ដូច្នេះហើយនៅពេលដែលអ្នកជួបភ្ញៀវពូកែខឹង ពូកែរករឿង រឿងដែលអ្នកលក់ត្រូវធ្វើនោះ គឺស្តាប់គាត់ ហើយនៅពេលដែលយើងស្តាប់គាត់ គាត់នឹងគិតថាយើងគោរពគាត់ ហើយពេលយើងគោរពគាត់ នាំឱ្យមានទំនាក់ទំនង ហើយនៅពេលដែលមានទំនាក់ទំនងនោះហើយ ធ្វើឱ្យគាត់បើកចិត្តទិញ ហើយស្រលាញ់យើងលើសដើម៕