មនុស្សជាច្រើនមានក្ដីប្រាថ្នាចង់ក្លាយជាអ្នកមាន ទោះមិនមានហូរហៀរក៏មានត្រឹមជីវភាពសមរម្យមួយ មានចំណូលជាក់លាក់និងមានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងនិងគ្រួសារ។ ជាមួយគ្នានេះដែរគ្មានអ្នកណាចង់ធ្វើការឱ្យគេអស់មួយជីវិតឡើយ ព្រោះតែជីវិតធ្វើការគឺជាជីវិតដែលមានសម្ពាធនិងគ្មានសេរីភាព មួយវិញទៀតប្រាក់ខែមិនអាចចិញ្ចឹមយើងបានមួយជីវិតឡើយ ព្រោះពេលណាយើងធ្វើការលែងកើត យើងនឹងលែងមានលុយជាក់ជាមិនខាន។
ហេតុនេះហើយមនុស្សយើងត្រូវបង្កើតនូវប្រភពចំណូលអកម្មផ្សេងទៀតដើម្បីអាចរក្សាស្ថេរភាពជីវិតនៅថ្ងៃខាងមុខ។ ពាក់ព័ន្ធនឹងការបង្កើតប្រភពចំណូលនេះដែរ Business Cambodia សូមលើកយកប្រភពចំណូលអកម្ម៤យ៉ាង ដែលលោកអ្នកអាចជ្រើសយកមកប្រើដើម្បីអាចគេចផុតពីជីវិតជាអ្នកធ្វើការឱ្យគេ ហើយប្ដូរទៅជាអ្នកមានស្ថេរភាពហិរញ្ញវត្ថុនៅថ្ងៃអនាគតបាន។
ការសន្សំជាមួយធនាគារគឺប្រសើរជាងការសន្សំដោយខ្លួនឯង។ ប្រសិនបើបងប្អូនមានទម្លាប់ដកលុយពីប្រាក់ចំណូលរបស់បងប្អូនទុកសន្សំ ក្នុង១ខែ២០% ហេតុនេះបើបងប្អូនមានចំណូល ១០០០$បងប្អូននឹងសន្សំបាន២០០$មួយឆ្នាំនឹងបាន២៤០០$។ ដោយឡែកប្រសិនបើបងប្អូនយកលុយនោះដាក់ធនាគារជារៀងរាល់ខែនោះមួយឆ្នាំបងប្អូននឹងបានលុយលើ២៤០០$ ព្រោះថាដាក់ធនាគារបងប្អូនបានការប្រាក់។ មួយវិញទៀតបើបងប្អូនទុកលុយ២៤០០$នៅនឹងខ្លួនមួយឆ្នាំ ឬច្រើនឆ្នាំទៅមុខទៀតក៏លុយបងប្អូននៅតែ២៤០០$ ប៉ុន្តែបើទុកនៅធនាគារបងប្អូននឹងបានលុយកើនជារៀងរាល់ឆ្នាំ។
២. សរសេរសៀវភៅ
ប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍន៍ហេតុនេះហើយយើងពិតជាត្រូវការនូវធនធានមនុស្សជាច្រើនដើម្បីជួយឱ្យសង្គមយើងឆាប់រីកចម្រើន។ ទន្ទឹមនឹងនេះដែរយើងគ្រប់គ្នាសុទ្ធតែដឹងថាចំណេះដឹងពិតជាសំខាន់ ហើយការអានគឺជាប្រភពនៃចំណេះដឹង។ ដោយឡែកប្រទេសរបស់យើងមិនសូវជាមានសៀវភៅដែលនិពន្ធដោយខ្លួនឯងឡើយ ជាពិសេសសៀវភៅអាជីវកម្ម ឬបទពិសោធន៍ជីវិត ជាធម្មតាយើងឃើញភាគច្រើនមានតែសៀវភៅបកប្រែពីបរទេស។
ដូចនេះបងប្អូនអាចសរសេរជាសៀវភៅ អំពីចំណេះដឹងបទពិសោធន៍ជំនាញដែលបងប្អូនមានក៏ដូចជាទទួលបានពីជិតដែលបងប្អូនឆ្លងកាត់។ បទពិសោធន៍ទាំងអស់របស់បងប្អូនអាចជាចំណេះដឹងល្អៗនិងជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយឬក៏រួមជំនាន់ក៏ថាបាន។ អ្វីដែលពិសេសចំណូលពីការលក់សៀវភៅគឺជាចំណូលអកម្ម បងប្អូនអាចសរសេរួចរកដៃគូរសហការមកបោះពុម្ភនិងឱ្យគេលក់ឱ្យ ហេតុនេះទោះបងប្អូនមិនលក់ខ្លួនឯងក៏នៅតែបានលុយ។
៣. វិនិយោគលើភាគហ៊ុន
ការវិនិយោគទៅលើផ្សារហ៊ុនគឺជារឿងដែលបងប្អូនត្រូវចេះនិងធ្វើវា ព្រោះថាវាជាប្រភពចំណូលរយៈពេលយូរ។ គួរបញ្ជាក់ថាមុននឹងធ្វើការទិញដូរលើផ្សាហ៊ុនបងប្អូនគួរតែឆ្លងកាត់ការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ដែលបងប្អូនអាចរៀនពីអ្នកជំនាញ ឬរកកន្លែងចុះឈ្មោះរៀន។
៤. វិនិយោគអចលនទ្រព្យ
វាជាការវិនិយោគដែលឱ្យផលនៅរយៈពេលយូរនិងទាមទារឱ្យបងប្អូនមានដើមទុនច្រើនដែរ ប៉ុន្តែការវិនិយោគនេះអាចធ្វើឱ្យបងប្អូនទទួលបានជីវិតដែលបងប្អូនប្រាថ្នា។ វិនិយោគទៅលើអចលនទ្រព្យ ដូចជាវិនិយោគជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ ឬក៏ការវិនិយោគលើទ្រព្យដូចជាដី ឬផ្ទះ វាតម្រូវឱ្យបងប្អូនសិក្សាពីក្រុមហ៊ុន ពីស្ថានភាពតំបន់ឱ្យបានល្អិតល្អន់មុនពេលធ្វើការវិនិយោគ ៕
អត្ថបទដោយ៖ សូ សុខលី