Taylor Swift ទៅសម្តែង នៅសិង្ហបុរី៦ថ្ងៃពេញ នាំឱ្យសេដ្ឋកិច្ចប្រទេសសិង្ហបុរី ចំណេញរឿង៣យ៉ាងនេះ
Ping Chou EngMARCH 4 20241.9 K views

កំពូលតារាចម្រៀង និងជាសេដ្ឋីនិពន្ធដ៏មានឥទ្ធិពលលំដាប់ពិភពលោក កញ្ញា​ Taylor Swift កំពុងធ្វើការប្រគុំតន្រ្តីទេសចរណ៍ Eras Tour​ របស់ខ្លួន ក្នុងប្រទេសសិង្ហបុរីចំនួន៦ថ្ងៃពេញ ដោយចាប់ផ្តើមពីថ្ងៃទី ០២-០៣-០៤ និងថ្ងៃទី ០៧-០៨-០៩ ខែមីនា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិសិង្ហបុរី។

 

ក្នុងនោះប្រភពពីសារព័ត៌មានរបស់សិង្ហបុរី ​​​CNA បានចុះផ្សាយថា រដ្ឋាភិបាលសិង្ហបុរី ត្រូវចំណាយថវិកាប្រមាណជាង ៣លានដុល្លារលើការសម្តែងរបស់នាងក្នុង ១ថ្ងៃ ចំពោះការផ្តាច់មុខកម្មវិធីសម្តែងចម្រៀងរបស់នាងសម្រាប់តំបន់អាស៊ី។

 

A5c4ff27dcaf239da02b757306206429

 

យ៉ាងណាមិញបើតាមអ្នកវិភាគសេដ្ឋកិច្ចរបស់សិង្ហបុរីបានឱ្យដឹងថា​ វត្តមានរបស់កំពូលតារា Taylor Swift លើទឹកដីសិង្ហបុរី បានទាញផលចំណេញប្រមាណកន្លះពាន់លានដុល្លារចូលសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ និង បដិសណ្ឋាកិច្ច។ ខាងក្រោមនេះគឺជាផលចំណេញធំៗ៣យ៉ាង ដែលសិង្ហបុរីអាចទទួលបានពី ការប្រគុំតន្រ្តីទេសចរណ៍របស់កញ្ញា Taylor Swift។

 

. ចំណូលនិងសេដ្ឋកិច្ចជាតិកើនឡើង៖ ក្រុមប្រឹក្សាទេសចរណ៍របស់សិង្ហបុរីបានឱ្យដឹងថា ការប្រគុំតន្រ្តីនេះទំនងជានឹងបង្កើតអត្ថប្រយោជន៍យ៉ាងសំខាន់ដល់សេដ្ឋកិច្ចសិង្ហបុរី  ជាពិសេសចំពោះសកម្មភាពទេសចរណ៍ដែលមានការកើនឡើងជាង៣០% និងការប៉ាន់ស្មានចំនួនទឹកប្រាក់ប្រមាណ៥០០លានដុល្លារ ។

 

ក្នុងនោះសេវាកម្មបដិសណ្ឋាកិច្ច សណ្ឋាគារ មធ្យាបាយដឹកជញ្ជូន និងការបរិភោគអាហារ មានតម្រូវការខ្លាំង ដោយសំបុត្រប្រគុំតន្រ្តីជាង ៣០០០០០​ត្រូវបានលក់ដាច់អស់ ជាមួយនឹងចំនួនអ្នកគាំទ្រដែលធ្វើដំណើរមកពីប្រទេសផ្សេងៗគ្នាជាច្រើន ខណៈសំបុត្រដែលមានតម្លៃថ្លៃបំផុតក្នុង១នាក់ ១២២៨ដុល្លារសិង្ហបុរី។

 

. លើកមុខមាត់សិង្ហបុរី ជាគោលដៅទេសចរ៖ នៅក្នុង​សម្តែងនៅថ្ងៃទី១របស់ Taylor Swift នាងបាននិយាយថា “ខ្ញុំបានឮពីសិង្ហបុរី ស្ទើរពេញមួយជីវិតរបស់ខ្ញុំហើយ ព្រោះម្តាយរបស់ខ្ញុំបានធំធាត់ឡើងនៅទីនេះ ហើយនៅតាមផ្លូវជិះដែលយើងជិះមកប្រគុំតន្រ្តីនេះ យើងបានជិះកាត់ផ្ទះចាស់និងសាលាដែលម៉ាក់ធ្លាប់រៀនកាលនៅសិង្ហបុរីកំឡុងពេលដែលលោកតាលោកយាយមកចុះបំពេញបេសសកម្មការងារនៅទីនេះ”។

 

តាមរយៈការលើកឡើងរបស់កញ្ញា Taylor នៅក្នុងការប្រគុំតន្រ្តីដែលមានមនុស្សមកពីជុំវិញពិភពលោក​នេះ គេជឿជាក់ថាសិង្ហបុរីនឹងក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលសម្រាប់អ្នកដំណើរ ដែលស្រឡាញ់និងគាំទ្រ Taylor ព្រោះគេជឿជាក់ថាសូម្បីតែតារាលំដាប់ពិភពលោកក៏ជាប់ចិត្តនឹងប្រទេសតូចច្រឡឹងលើដែនកោះកណ្តាលសមុទ្រមួយនេះដែរ។

 

. ការកើនឡើងពីការលក់សម្ភារៈ iconic ៖ការលក់រាយនិងអាជីវកម្មដែលកំពុងដំណើរការនៅជុំវិញទីតាំងប្រគុំតន្រ្តីរបស់ Taylor Swift គេបានរំពឹងថានឹងមានការកើនឡើងប្រាក់ចំណេញខ្លាំង ជាពិសេសអ្នកដែលលក់សម្ភារៈធ្វើខ្សែដៃឈ្មោះ និងការចងមិត្ត ដែលជានិមិត្តសញ្ញា ( iconic) របស់ Taylor Swift ដោយត្រូវបានអ្នកគាំទ្ររបស់នាងសម្រុកទិញយ៉ាងច្រើនកុះករ​ ដើម្បីទុកជានិមិត្តសញ្ញាថាពួកគេបានមកលេងប្រគុំតន្រ្តីនេះ។​

 

Taylor Swift Poster

 

គួររំលឹកផងដែរថាការប្រគុំតន្រ្តីទេសចរណ៍របស់កំពូលតារា Taylor Swift ធ្លាប់បានបំបែកកំណត់ត្រាខ្ពស់បំផុតលើពិភពលោក ជាកម្មវិធីតន្រ្តីដែលរកប្រាក់ចំណូលបាន១ពាន់លានដុល្លារនៅអាមេរិក ពីការលក់សំបុត្រ, ទទួលប្រាក់ចំណូល៥ពាន់លានដុល្លារចូលសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដោយគេប៉ាន់ស្មានថាមនុស្សម្នាក់បានចំណាយលុយ១៣០០ដុល្លារក្នុងការទៅលេងកម្សាន្តកម្មវិធីប្រគុំតន្រ្តីរបស់នាង៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia