ដីជិត ១ ម៉ឺនហិកតាស្ថិតនៅខេត្ដកោះកុង នឹងត្រូវអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេសខ្នាតយក្ស
Bunthoeun KoemNOVEMBER 16 2022390 views

ផ្ទៃដីទំហំ ៩៩៦៨ ហិកតាស្ថិតនៅក្នុងឧទ្យានជាតិបុទុមសាគរ ស្រុកបូទុមសាគរ ខេត្តកោះកុង នឹងត្រូវអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេសខ្នាតធំនៅពេលខាងមុខ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Group Co.,Ltd ។

យោងតាមការចុះផ្សាយពីរដ្ឋបាលខេត្ដកោះកុងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ជាមួយក្រុមការងារក្រសួងបរិស្ថាន ដែលដឹកនាំដោយ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីចុះកំណត់ព្រំដីសម្បទាន ទំហំ ៩៩៦៨ហិកតា ដែលរាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ផ្តល់ឱ្យក្រុមហ៊ុន Royal Group Co.,Ltd សម្រាប់ការវិនិយោគនេះផងដែរ។

នៅក្នុងកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យ កំណត់និយាមកាព្រំដីសម្បទាននេះ លោក សុខ សុទ្ធី ក្នុងនាមរដ្ឋបាលខេត្តកោះកុង បានគាំទ្រលើការអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏បានស្នើសូមក្រុមហ៊ុន កុំទាន់ធ្វើការឈូសឆាយទីតាំងដីនេះ ដោយរង់ចាំឱ្យមានច្បាប់អនុញ្ញាតឱ្យឈូសឆាយជាមុនសិន និងដោះស្រាយផលប៉ះពាល់ជាយថាហេតុ ដែលកើតមានឡើងក្នុងទីតាំងដីសម្បទាននេះ៕

អត្ថបទ៖ កឹម ប៊ុនធឿន

Img 20221115 202537 909 1024x580

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia