កូរ៉េខាងត្បូងឈរលេខ១ក្នុងលោកមានពលរដ្ឋជំពាក់បំណុលច្រើនបំផុត បំណុលដល់១.៣ពាន់ពាន់លាន$
Toeuy HongJUNE 29 2023580 views

បើនិយាយពីប្រទេសដែលមានប្រជាជនជំពាក់បំណុលច្រើនជាងគេ យើងឃើញតែប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងចំណោមប្រទេសដែលមានប្រជាជនជំពាក់បំណុលគេច្រើនបំផុតក្នុងលោក។ ជាក់ស្ដែងគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣នេះបំណុលសរុបរបស់ពលរដ្ឋកូរ៉េបូកបញ្ចូលគ្នាមានរហូតដល់ទៅ១០២%នៃផលិតផលក្នុងស្រុកសរុប(GDP)របស់កូរ៉េពោលគឺជាប់ជាប្រទេសដែលមានប្រជាជនជំពាក់បំណុលគេច្រើនបំផុត។

បើយោងតាមទិន្នន័យរបស់Bloomberg ដែលបានចុះផ្សាយកាលពីខែមករាឆ្នាំ២០២៣កន្លងទៅនេះបានបង្ហាញថាត្រឹមដំណាច់ឆ្នាំ២០២២បំណុលប្រជាជនកូរ៉េសរុបមានចំនួន១៧៤៩ពាន់ពាន់លានវ៉ុនដែលស្មើនឹង១.៣ពាន់ពាន់លានដុល្លារ។ តួចលេខបំណុលធ្លាក់ចុះបន្តិចពិតមែនប៉ុន្ដែវាស្ថិតនៅក្នុងអត្រាមួយដ៏ខ្ពស់ពោលគឺខ្ពស់ជាងផលិតផលក្នុងស្រុកសរុបបាត់ទៅហើយ។

 តាមការចុះផ្សាយរបស់សារព័ត៌មានKoreatimes នៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាចំនួនបំណុលប្រជាជនកូរ៉េធៀបនឹងផលិតផលក្នុងស្រុកសរុបគឺខ្ពស់បំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលចំនួន៣៤លើពិភពលោកពោលគឺកូរ៉េខាងត្បូងឈរលេខមួយដែលជាប្រទេសមានប្រជាជនជំពាក់បំណុលគេច្រើនបំផុតក្នុងលោក។

បំណុលពលរដ្ឋកូរ៉េកើនឡើងខ្ពស់ជាងGDP បែបនេះបានបង្កជាក្ដីបារម្ភថាធនាគារនិងក្រុមហ៊ុនបម្រើសេវាកម្មហិរញ្ញវត្ថុអាចនឹងប្រឈមនឹងបញ្ហាកម្ចីខូចឬគ្មានលទ្ធភាពសងបំណុលអំឡុងពេលដែលអត្រាការប្រាក់កាន់តែខ្ពស់ហើយសញ្ញាសេដ្ឋកិច្ចមិនសូវល្អ។

កូរ៉េមិនត្រឹមតែមានពលរដ្ឋជំពាក់បំណុលគេច្រើននោះទេតែអ្វីដែលជាក្ដីបារម្ភមួយទៀតនោះគឺក្រុមហ៊ុនសាជីវកម្មនៅកូរ៉េជំពាក់បំណុលគេក៏ច្រើនដូចគ្នា។ បំណុលសរុបក្រុមហ៊ុនក្នុងស្រុកនៃប្រទេសកូរ៉េដកតែក្រុមហ៊ុនក្នុងវិស័យហិរញ្ញវត្ថុចេញគឺទំហំបំណុលស្ថិតនៅ១១៨.៤%នៃផលិតផលក្នុងស្រុកសរុបដែលតួលេខនេះឈរលេខ៤នៅលើពិភពលោក។

ជុំវិញបំណុលរបស់ប្រជាជនកូរ៉េនេះដែរ ត្រូវបានអ្នកជំនាញផ្ដល់យោបល់ថារដ្ឋាភិបាលរបស់កូរ៉េគួរយកចិត្តទុកដាក់និងមានយន្តការធ្វើម៉េចឲ្យកម្រិតបំណុលពលរេដ្ឋកាន់តែទាបបើមិនដូច្នេះទេនោះវាអាចផ្ដល់ផលវិជ្ជមាននិងមានហានិភ័យដល់សេដ្ឋកិច្ចក្នុងរយៈពេលវែង។

 គួរបញ្ជាក់ផងដែរថាបើយោងតាមចុះផ្សាយរបស់ Korea JoongAng Daily បានឲ្យដឹងថាត្រឹមដំណាច់ឆ្នាំ២០២២កន្លងទៅគឺជាលើកដំបូងក្នុងរយៈពេល១៩ឆ្នាំដែលបំណុលរបស់ពលរដ្ឋកូរ៉េក្នុងមួយគ្រួសារធ្លាក់មកត្រឹម៦៦,០០០ដុល្លារ ហើយគិតក្នុងមនុស្សម្នាក់គឺក្នុងពលរដ្ឋម្នាក់ជាមធ្យមជំពាក់បំណុលគេប្រមាណជាង២៧,០០០ដុល្លារ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia