រាជរដ្ឋាភិបាលប្រទេសថៃ ក្រោមការដឹកនាំពីលោក ប្រាយុធ ចានអូចា គ្រោងសាងសង់ទីក្រុងSmart City ដែលមានតម្លៃ ៣៧ ពាន់លានដុល្លារ លើទំហំដី ២,៣៤០ហិកតា នៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មនៅជិតទីក្រុងបាងកក។ នេះបើយោងតាមការដកស្រង់ពីសារព័ត៌មាន The Star ដែលចេញផ្សាយកាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅ។
លោក Kanit Sangsubhan អគ្គលេខាធិការនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើត បានបញ្ជាក់ថា គម្រោងទីក្រុងទំនើបនេះនឺងត្រូវសាងសង់នៅក្នុងស្រុកហួយ៉ៃនៃខេត្តឈុនបុរី ដែលមានចម្ងាយប្រហែល ១៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងបាងកក ហើយគម្រោងនេះនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួនប្រាំសម្រាប់ក្រុមហ៊ុនដែលជួលជាតំបន់ពាណិជ្ជកម្ម។
លោកបានបន្តថា ទាំងនេះនឹងរួមបញ្ចូលមជ្ឈមណ្ឌលសម្រាប់បង្កើតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងតំបន់ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងតំបន់សម្រាប់វេជ្ជសាស្ត្រច្បាស់លាស់ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍អន្តរជាតិ និងឧស្សាហកម្មនាពេលអនាគតដូចជាថាមពលស្អាត និងបច្ចេកវិទ្យា 5G ផងដែរ។ ។
គួរបញ្ជាក់ផងដែរថាអនាគតរបស់ Smart City នឹងអាចឲ្យមនុស្សជំនាន់ថ្មីប្រមាណ ៣៥ ម៉ឺននាក់រស់នៅ ព្រមទាំងបង្កើតការងារបានចំនួនជាង ២ សែនកន្លែង។ ជាមួយគ្នានេះដែរ លោក kanit Sangsubhan ក៏បានរំពិងថាប្រជាជនភាគច្រើនដែលរស់នៅ Smart City នេះនឹងក្លាយជាអ្នកធ្វើការនៅក្នុងតំបន់ឧស្សាហកម្មដែលគ្រោងនឹងទាក់ទាញការវិនិយោគប្រហែល ២,២ទ្រីលានបាតក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ