ក្រោយជួយរកចំណូលឲ្យក្រុមហ៊ុនអស់រយៈពេល១៤ឆ្នាំ លោកស្រី Sheryl Sandberg ដែលជាប្រធាននាយកប្រតិបត្តិ (COO) របស់ Facebook និងជាមនុស្សជំនិតបំផុតរបស់លោក Mark Zuckerberg បានសម្រេចចិត្តលាឈប់ពីក្រុមហ៊ុន និងជាប់ឈ្មោះជាបុគ្គលិកមានឥទ្ធិពលបំផុត ថែមទាំងបានក្លាយជាមហាសេដ្ឋីមានទ្រព្យខ្ទង់ពាន់លានដុល្លារឯណោះ។ ខាងក្រោមនេះគឺជា របៀបធ្វើការធំៗ៣ ជួយឲ្យលោកស្រីកសាងខ្លួនមកដល់ចំណុចកំពូល៖
១/. ទៅធ្វើការទៀងទាត់៖ ក្នុងរយៈកាល១៤ឆ្នាំ កន្លងមកនេះសេដ្ឋិនីទ្រព្យពាន់លានរូបនេះតែងតែចេញដំណើរទៅធ្វើការនៅម៉ោង ៥កន្លះព្រឹកនិងទៅដល់កន្លែងធ្វើការនៅម៉ោង៧ព្រឹកជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ សូម្បីតែម៉ោងចេញពីធ្វើការក៏ទៀងទាត់ដែរបើទោះបីជាមានការងារមមាញឹកយ៉ាងណាក្តីព្រោះលោកស្រីឱ្យតម្លៃការងារនិងគ្រួសារស្មើគ្នា។
២/. កិច្ចព្រមព្រៀងច្បាស់ការ៖ មុនចាកចេញពីក្រុមហ៊ុន Google មករួមការងារជាមួយមហាសេដ្ឋីបច្ចេកវិទ្យា Mark Zuckerberg ស្រី្តមានឥទ្ធិពលរូបនេះបានដាក់លក្ខខណ្ឌ៣យ៉ាងជាមួយមេធំថា សុំឱ្យខ្លួនអាចធ្វើការរួមជាមួយដោយអង្គុយជិតនិងមានការជួបសំណេះសំណោលរៀងរាល់មួយអាទិត្យម្តងយ៉ាងទៀងទាត់។ លើសពីនេះ លោកស្រីចង់ឱ្យមេរបស់ខ្លួនធ្វើរឿងដែលមនុស្សមួយចំនួនមិនចង់ជួប គឺការស្តីបន្ទោសចំៗមកកាន់ខ្លួននៅចំពោះមុខភ្លាមៗពេលឃើញអំពីកំហុស។
៣/. រៀបចំថ្ងៃរបស់ខ្លួន៖ ក្នុងកំឡុងពេលសប្តាហ៍ ថ្ងៃនីមួយៗរបស់លោកស្រីត្រូវបានគ្រោងជាមួយការនាំកូនទៅសាលារៀន និងទៅធ្វើការនៅ Facebook និងធ្វើការឱ្យមានប្រសិទ្ធភាពតាមកាលវិភាគដែលបានចែងតាមដែលអាចធ្វើបាន ព្រមទាំងត្រលប់ទៅផ្ទះវិញឱ្យទាន់ពេលសម្រាប់អាហារពេលល្ងាចជាមួយគ្រួសារ។ នេះបើយោងតាមសម្តីដែលលោកស្រីបានលើកឡើងដោយផ្ទាល់។
គួរជម្រាបផងដែរថា បើទោះបីជីវិតការងារឡើងដល់កម្រិតកំពូលក្តី ក៏លោកស្រី Sheryl Sandberg សម្រេចចិត្តលាឈប់ ព្រោះចង់មានពេលវេលាច្រើនផ្ទាល់ខ្លួននិងដើរទៅជំហានបន្ទាប់នៃជីវិត ដោយនៅរក្សាជំហរជាមួយ Facebook ដដែលគ្រាន់តែក្នុងនាមជា ក្រុមប្រឹក្សាភិបាល។ ក្នុងរយៈពេលធ្វើការអស់ជាច្រើនឆ្នាំ បច្ចុប្បន្នលោកស្រីសល់ទ្រព្យសម្បត្តិប្រមាណ ២.២៨ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Wallmine គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦