កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលជាអាកាសយានដ្ឋានធំ និងទំនើបជាងគេនៅកម្ពុជា បានបើកដំណើរការទទួលការហោះហើរជាផ្លូវការហើយ (សម្រាប់ដំណាក់កាលទី១) បន្ទាប់ពីបានបើកដំណើរការសាងសង់ចាប់ពីមិថុនា ឆ្នាំ២០២០ មក។ ខណៈគម្រោងនេះត្រូវបានវិនិយោគសាងសង់ដោយជនខ្មែរសុទ្ធ ១០០ ភាគរយ។
យោងតាមវីដេអូស្ដីពី៖ វឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលចេញផ្សាយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា កាលទី១៨ ខែសីហា បានបញ្ជាក់ថា អាកាសយានដ្ឋានថ្មីនេះត្រូវបានសាងសង់ដោយឡើងដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនចម្រុះរដ្ឋនិងឯកជន ដែលកាន់កាប់ភាគហ៊ុនធំដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ និងភាគហ៊ុនមួយផ្នែកកាន់កាប់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ក្នុងនោះដែរក្រុមហ៊ុន OCIC មានភាគហ៊ុន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានចំនួន ១០ ភាគរយ។
តាមការប៉ាន់ស្មាន អាកាសយានដ្ឋានអន្ដរជាតិតេជោ (សម្រាប់ដំណាក់ទី១) គ្រោងនឹងចំណាយទុនប្រមាណ ១.៥ ពាន់លានដុល្លារ។ ប៉ុន្ដែទោះជាយ៉ាងណាតាមការបញ្ជាក់ពីអ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យថា អាកាសយានដ្ឋានអន្ដរជាតិតេជោ បានចំណាយទុនសាងសង់រហូតដល់ជាង ២ ពាន់លានដុល្លារ ឯណោះសម្រាប់ដំណាក់កាលទី១នេះ។
សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដី ២ ៦០០ ហិកតា មានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងខេត្ដកណ្ដាល និងផ្អែកខ្លះនៃស្រុកបាទី ខេត្ដតាមកែវ។ អាកាសយានដ្ឋានថ្មីនេះ គឺជាប្រភេទ 4F ដែលអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747។ ចំពោះការសាងសង់ត្រូវបានបែងចែកជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ ដែលបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា នេះ មានសមត្ថភាពទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុង ១ ឆ្នាំ, ដំណាក់កាលទី២ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរបានចំនួន ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន ៥០លាននាក់ក្នុង១ឆ្នាំឯណោះ៕