រាជរដ្ឋាភិបាលកម្ពុជា កំពុងគាំទ្រយ៉ាងពេញទំហឹងដល់បងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស ក្នុងការផ្ដល់ឱ្យមានការងារសមរម្យមួយក្នុងស្រុក ដើម្បីរក្សាបាននូវស្ថិរភាពជីវភាព និងការរស់នៅដោយមានសេរីភាព។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនឱកាសការងារជូនបងប្អូនរបស់យើងបានកាន់តែច្រើន SDF កំពុងដាក់ដំណើរការកម្មវិធីថ្មីមួយ គឺ កម្មវិធី “ជំនាញខ្ញុំ” ដែលផ្តល់ការគាំទ្រដល់ការអភិវឌ្ឍជំនាញ ទាំងជំនាញបច្ចេកទេស និងជំនាញទន់ ជូនបងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស ទាំងសម្រាប់វគ្គមុនចូលបម្រើការងារ (រៀន ហើយធ្វើការ) និងវគ្គអភិវឌ្ឍន៍ជំនាញបន្ថែមកំឡុងពេលបម្រើការងារ (ធ្វើការផង រៀនផង) ដើម្បីធានាថាគាត់នឹងមានជំនាញច្បាស់លាស់ក្នុងការចាប់យកឱកាសការងារក្នុងស្រុក និងបម្រើការងារជូនម្ចាស់រោងចក្រ-សហគ្រាស ប្រកបដោយគុណភាព ក៏ដូចជាបង្កើនទំនុកចិត្តជូនម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត ក្នុងការផ្តល់ការងារជូនបងប្អូនយើង ប្រកបដោយទំនុកចិត្ត។
កម្មវិធី ជំនាញខ្ញុំ នឹងដាក់ដំណើរការសាកល្បងរយៈពេល១២ខែ គិតចាប់ពី ខែកញ្ញា ឆ្នាំ២០២៥ ដល់ ខែកញ្ញា ឆ្នាំ២០២៦ ដោយផ្តោតលើបងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស ទាំងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ ប៉ុន្តែខ្វះជំនាញដែលត្រូវការដោយរោងចក្រ-សហគ្រាស និងបងប្អូនដែលកំពុងបម្រើការងារជូនរោងចក្រ-សហគ្រាស ប៉ុន្តែត្រូវការអភិវឌ្ឍជំនាញបន្ថែម។ រីឯម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត និងពីគ្រប់វិស័យទាំងអស់ ដែលផ្តល់ឱកាសការងារជូនបងប្អូនដែល កំពុងស្វែងរកការងារធ្វើក្រោយត្រឡប់ពីក្រៅប្រទេស រួមទាំងគ្រឹះស្ថានបណ្ដុះបណ្ដាល និងភ្នាក់ងារជ្រើសរើសបុគ្គលិក សុទ្ធតែត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងកម្មវិធី ជំនាញខ្ញុំ ដែលនឹងទទួលបានការគាំទ្រនូវកញ្ចប់ថវិកាបដិភាគពី SDF ក្នុងការបណ្ដុះបណ្ដាលជំនាញ។
ដោយឡែកសម្រាប់បងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេស ដែលមានបំណងចង់ប្រកបអាជីវកម្ម ឬមុខរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) SDF នឹងណែនាំនូវកម្មវិធី ប័ណ្ណជំនាញ (Skills Voucher) ដែលជាកម្មវិធីថ្មីមួយបន្ថែមទៀត រៀបចំឡើងសម្រាប់ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងដាក់ដំណើរការក្នុង ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
គិតមកដល់បច្ចុប្បន្ន មានពលករចំណាកស្រុកប្រមាណជិត ១លាននាក់ បានវិលត្រឡប់មកពីក្រៅប្រទេសវិញ ហើយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាននិង កំពុងខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការស្វែងរកការងារក្នុងប្រទេសជូនបងប្អូនធ្វើ។ ហេតុនេះ បងប្អូនដែលកំពុងស្វែងរកការងារធ្វើ សូមទំនាក់ទំនងទៅកាន់ NEA តាមរយៈទូរស័ព្ទឥតគិតប្រាក់ លេខ ១២៩៧ ដើម្បីប្រឹក្សាពីការស្វែងរកការងារធ្វើនៅក្នុងប្រទេស។ ដោយឡែក សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក៏អាចជួយសម្របសម្រួលក្នុងការស្វែងរកការងារជូនបងប្អូនបានដែរ ដោយគ្រាន់តែទំនាក់ទំនងទៅកាន់លេខ ០១២ ៦៣៤ ០៧៧ / ០២៣ ២៣០ ០២២ / ០២៣ ២៣០ ០២៣។
សម្រាប់ម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត និងពីគ្រប់វិស័យទាំងអស់ រួមទាំងគ្រឹះស្ថានបណ្ដុះបណ្ដាល និងភ្នាក់ងារជ្រើសរើសបុគ្គលិក ដែលមានតម្រូវការអភិវឌ្ឍជំនាញជូនបងប្អូនទើបត្រឡប់ពីក្រៅប្រទេស សូមទំនាក់ទំនង SDF តាមរយៈ ទូរស័ព្ទលេខ ០៧៧ ៣៦៥ ២៩៤ / ០២៣ ៩០១ ៥៨៣ ឬសម្រាប់ព័ត៌មានបន្ថែម អំពី SDF៖ https://s.mtrbio.com/skills-development-fund