យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ៤ ខែ តុលា ម្សិលមិញនេះបានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ធំកំពុងមានការកើនឡើង ដែលធ្វើឱ្យ ស្រុកចំនួន ៧ ត្រូវរងផលប៉ះពាល់ និងសាលារៀនចំនួន ៥០ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។
បើតាមការឱ្យដឹងពីលោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា “គិតត្រឹមព្រឹកថ្ងៃទី ៤ខែ តុលា ម្សិលមិញស្ថានភាពទឹកជំនន់នៅស្ទឹងសែនមានការកើនឡើង បើធៀបទៅនឹងថ្ងៃទី ៣ ខែតុលាកន្លងទៅគឺមានការកើនឡើងខ្ទង់៥ហ៊ុន” លោកបានបន្តថា ការកើនឡើងនេះបានធ្វើឱ្យលិចស្រូវរបស់ប្រជាពលរដ្ឋប្រមាណជា ២ពាន់ហិកតា ចំណែកឯការខូចខាតមានប្រមាណជា ២០ហិកតា។
លោក សុខ ហៃ បានបន្ថែមទៀតថា ប្រសិនបើទឹកនៅតែបន្តឡើងទៀត វាអាចនឹងធ្វើឱ្យមានផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត និងសាលារៀនមួយចំនួនក៏ត្រូវផ្អាក ដោយបច្ចុប្បន្នមានសាលាចំនួន ៥០ ហើយបានផ្អាកជាបណ្តោះអាសន្ន ក្នុងចំណោមសាលារៀន ៧៦ សាលាដែលបានលិច។ក្នុងនោះមានស្រុកចំនួន ៧ក៏កំពុងតែរងផលប៉ះពាក់ដោយសារទឹកជំនន់ជនលិចផងដែរ ដែលរួមមាន ៖ ស្រុកសណ្តាន់ ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបាល័ង្គ ស្រុកស្ទោង ស្រុកតាំងគោក និងក្រុងស្ទឹងសែន។
គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងគ្រាអាសន្ននេះ អាជ្ញាធរខេត្តក៏បានធ្វើការអំពាវនាវនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជានិច្ចពីការការពារខ្លួនពីទឹកជំនន់ ក៏ដូចការស្វែងរកទីទួលសុវត្ថិភាពជាដើម៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022