ធនាគារ ស្ថាបនា សម្រេចបាននូវសមិទ្ធផលដ៏រឹងមាំសម្រាប់ឆ្នាំ ២០២៤ ជាមួយនឹងការបន្តជម្រុញភាពងាយស្រួលលើសេវាធនាគារ
Daneth MechJUNE 19 2025

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៥ ធនាគារ ស្ថាបនា​ មានមោទកភាពបញ្ជាក់ឡើងវិញនូវភាពជាអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាមួយរបាយការណ៍ហិរញ្ញវត្ថុដ៏ប្រសើរប្រចាំឆ្នាំ ២០២៤ ដែលឆ្លុះបញ្ចាំងពីស្ថិរភាព និងការប្តេជ្ញាចិត្តរបស់ធនាគារសម្រាប់រយៈពេលវែង។ ធនាគារ ស្ថាបនា បានដាក់ជូន និងជំរុញនូវយុទ្ធសាស្រ្តធនាគារផ្សារភ្ជាប់់ ដែលប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត បរិយាបន្នហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តផ្តោតលើអតិថិជន គាំទ្រដល់សហគមន៍ និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិទាំងមូល។​

ធនាគារ ស្ថាបនា មានស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ដែលបង្ហាញឱ្យឃើញឡើងតាមរយៈទ្រព្យសកម្មសរុប ២,៧៧៨ លានដុល្លារអាមេរិក។ ចំណែកឯផលបត្រប្រាក់បញ្ញើពីអតិថិជន បានកើនឡើងដល់ ១,៩១៦ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ដែលនេះបញ្ជាក់ឱ្យឃើញពីសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ៤៥.៨ លានដុល្លារអាមេរិក។ កំណើនជាប្រចាំ និងប្រកបដោយភាពរឹងមាំនេះ បង្ហាញពីទំនុកចិត្ត និងការជឿជាក់យ៉ាងមុតមាំរបស់អតិថិជនមកលើស្ថិរភាព និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ស្ថាបនា។​

លោក ហែន ហ្គី. ម៉ូលដឺ ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ឆ្នាំ២០២៤ គឺជាឆ្នាំនៃភាពធន់សម្រាប់ធនាគារ ស្ថាបនា។ លទ្ធផលហិរញ្ញវត្ថុរបស់យើងមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពល្អប្រសើរនៃប្រតិបត្តិការរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាបានសបង្ហាញឱ្យឃើញពីបេសកកម្មក្នុងការពង្រឹងទំនាក់ទំនងសហគមន៍ និងបន្តរីកចម្រើនជាមួយគ្នាប្រកបដោយនិរន្តរភាព។»

បើទោះបីជាស្ថិតក្នុងបរិបទដែលប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចសកលដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ធនាគារ ស្ថាបនា​ សម្រេចបាននូវប្រាក់ចំណូលសុទ្ធកើនឡើង ១២% ដែលឈានដល់ ១៦ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤។ យើងអាចទទួលបាននូវកំណើនដ៏គួរឱ្យកត់សម្គាល់នេះកំឡុងពេលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាក នេះបានឆ្លុះបញ្ចាំងអំពីភាពធន់ និងរហ័សរហួនជាយុទ្ធសាស្ត្ររបស់ធនាគារ។ លទ្ធផលទាំងនេះ មិនត្រឹមជាសក្ខីភាពបង្ហាញពីភាពជោគជ័យរបស់ធនាគារ ស្ថាបនា នៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការពង្រឹងការយកចិត្តទុកដាក់របស់ខ្លួនចំពោះកំណើនហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពសម្រាប់រយៈពេលវែងផងដែរ។

ផលបត្រឥណទានសរុបរបស់ធនាគារ ស្ថាបនា គឺមានចំនួន ២,០២៧ លានដុល្លារអាមេរិក ដែលមួយភាគធំផ្តោតលើឥណទានអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម។ តួលេខនេះឆ្លុះបញ្ចាំងអំពីតួនាទីដ៏សំខាន់របស់ធនាគារក្នុងការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ ជាយុទ្ធសាស្រ្តនៃឆ្នាំ ២០២៤ របស់ធនាគារ សមិទ្ធផលនេះគឺមានការរួមចំណែកពីវិស័យសំខាន់ៗដូចជា ទេសចរណ៍ ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម និងសំណង់/ផលិតកម្ម មាននាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ស្របតាមយុទ្ធសាស្រ្តនៃការធ្វើបរិវត្តកម្មឌីជីថលរបស់កម្ពុជា ធនាគារ ស្ថាបនា ខិតខំបន្តអភិវឌ្ឍខ្លួនដើម្បីបង្កើនបទពិសោធឌីជីថលសម្រាប់អតិថិជន ដែលនេះគឺជាសសរស្តម្ភស្នូលសម្រាប់ការអភិវឌ្ឍរយៈពេលវែងប្រកបដោយនិរន្តរភាព។ ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការផ្លាស់ប្តូរឌីជីថលរបស់ធនាគារ ស្ថាបនា គឺការធ្វើឱ្យប្រសើរឡើងប្រកបដោយជោគជ័យនៃប្រព័ន្ធធនាគារស្នូល រួមមានការធ្វើឱ្យប្រសើរឡើងនៃកម្មវិធី Sathapana Mobile ការផ្តល់ជូននូវដំណោះស្រាយបែបឌីជីថលសម្រាប់ដៃគូអាជីវកម្ម និងការអភិវឌ្ឍទៅលើប្រព័ន្ធ S2Biz ដែលជាប្រព័ន្ធផតថលតែមួយជួយគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុអាជីវកម្មដ៏មានប្រសិទ្ធភាព។ គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីការផ្តោតជាយុទ្ធសាស្រ្តរបស់ខ្លួនលើការបង្កើតបទពិសោធធនាគារដែលមានភាពងាយស្រួល និងជ្រើសអតិថិជនជាចម្បង។

សុវត្ថិភាពនៅតែជាអាទិភាពកំពូលមួយរបស់យើងជានិច្ច។ ដើម្បីការពារសុវត្ថិភាពនៃប្រតិបត្តិការ ធនាគារ ស្ថាបនា ​សម្រេចបានវិញ្ញាបនបត្រស្តង់ដារសកលរួមមាន វិញ្ញាបនបត្រទទួលស្គាល់ស្តង់ដារសុវត្ថិភាពទិន្នន័យឧស្សាហកម្មប័ណ្ណទូទាត់​ (PCI-DSS) និង វិញ្ញាបនបត្រទទួលស្គាល់លេខអត្តសញ្ញាណផ្ទាល់ខ្លួន (PCI-PIN)។ 

ធនាគារ ស្ថាបនា មានបណ្តាញសាខាសរុប ១៧៥ សាខា ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុរហ័ស បែបឌីជីថល សម្រាប់អតិថិជនទូទាំងប្រទេសកម្ពុជា។ ភាគហ៊ុនិកដែលជាជនជាតិជប៉ុនរបស់យើងបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងរឹងមាំ និងឆន្ទៈដ៏មោះះមុតក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជារយៈពេលវែង។

អំពី ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង 2.7 ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 3,500 នាក់។ ធនាគារ មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាចំនួន175 ស្ថាបនាព្រីមារណ៍ ចំនួន4  និងម៉ាស៊ីនអេធីអឹមជាង 280កន្លែង។ យើងផ្តល់ជូននូវ សេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាបើកប្រាក់បៀវត្សរ៍ សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT វីសា B2B Connect, VISA Direct, បាគង សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត។   

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យសហគ្រាស ធុនតូច និងមធ្យមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយក្នុងការទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway, S2Biz, Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។ 
ថ្មីៗនេះ ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រកម្រិតមាសក្នុងការអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕

បន្ថែមពីលើនេះ ធនាគារ ក៏ត្រូវបានជ្រើសរើស និងទទួលពានរង្វាន់ឆ្នើម 2នោះគឺ “Most Innovative Mobile Banking App – Cambodia 2024” ពីស្ថាប័ន International Finance និង “Best Retail Banking -  Cambodia 2024” ពី Global Retail Banking Rankings ។ ពានរង្វាន់នេះសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ធនាគារ ស្ថាបនា ក្នុងការផ្តល់ជូនអតិថិជន និងប្រជាជនកម្ពុជានូវបទពិសោធធនាគារចល័តប្រកបដោយភាពច្នៃប្រឌិត និងល្អបំផុត។ 

ហើយក្នុងឆ្នាំ 2024 ធនាគារ ស្ថាបនា ក៏ទទួលបាននូវពានរង្វាន់ឆ្នើមចំនួន 3 សម្រាប់ឆ្នាំ2024 ពីក្រុមហ៊ុន VISA រួមមាន ពានរង្វាន់ “Leadership in Consumer Debit Payment Volume”, “Leadership in Total Merchant Sales Volume Growth” និងពានរង្វាន់ “Leadership in Active Net New Acceptance Location”។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏ទទួលបានពានរង្វាន់ឆ្នើមចំនួន 3 ពីក្រុមហ៊ុនម៉ាស្ទ័រកាតរួមមាន ពានរង្វាន់ “Leadership in Credit Growth 2024”, “Leadership in Debit Growth 2024” និងពានរង្វាន់ “Leadership in Credit Volume 2024”។ ការទទួលបានពានរង្វាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតជូនអតិថិជននៅកម្ពុជា។

លើសពីនេះទៅទៀត នៅក្នុងឆ្នាំ 2022 ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន 2 រួមមាន “Best Mobile Banking App ឆ្នាំ2022” និង “Mobile Banking & Payment Initiative of the Year” ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី Sathapana Mobile រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia