ក្រោយចំណាយជីវិតជិត៤០ឆ្នាំ ដើម្បីប្រវត្តិសាស្ត្រខ្មែរ ពេលនេះលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានទទួលមរណភាពហើយ នាវេលាម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងជុន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
លោក សំបូរ មាណ្ណារ៉ា គឺសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញមួយរូប ដែលកើតក្នុងគ្រួសារមានឪពុកជាគ្រូបង្រៀន និងមាននិស្ស័យស្រលាញ់ការសិក្សាតាំងពីក្មេងមកម្ល៉េះ។ លោកបានក្លាយជាគ្រូបង្រៀនក្នុងឆ្នាំ១៩៨០ ដែលជ្រើសយកភាសាអង់គ្លេសមកបង្រៀន។ ក្រោយចាប់ផ្ដើមការងារជាគ្រូបង្រៀនភាសាអង់គ្លេស បានប៉ុន្មានឆ្នាំ លោកក៏បានក្លាយជាគ្រូបង្រៀនប្រវត្តិសាស្ដ្រវិញម្ដង។
ក្នុងដំណើរជីវិតជាអ្នករៀនសូត្រ បញ្ញាវន្ត មាណ្ណារ៉ា បានបញ្ចប់ការសិក្សានៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ស្ថិតនៅទីក្រុង New Haven ព្រមទាំងសិក្សានៅទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូងក្នុងកម្មវិធី Event Study Program ដែលជាកម្មវិធីសិក្សាមុនដំបូងបំផុតដែលសិក្សាអំពីមុខវិជ្ជាប្រវត្តិសាស្រ្ដនិងការស្រាវជ្រាវ។
គួរជម្រាបផងដែរថា លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បានធ្វើការក្នុងវិស័យអប់រំ ពិសេសលើជំនាញប្រវត្តិសាស្ត្រ ប្រមាណ៤០ឆ្នាំមកហើយ។ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ លោក មាណ្ណារ៉ា ទទួលបានការប្រោសព្រះរាជទានឋានៈ ជាទីប្រឹក្សា សម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ៕