ការរស់នៅដោយសាមញ្ញ ជីវិតមានន័យ ជីវិតមិនចាំបាច់ត្រូវបារម្ភខ្វល់ខ្វាយគ្រប់រឿង គឺជាជីវិតដែល តម្រូវឱ្យមនុស្សរស់នៅដោយផ្តោតទៅលើអ្វីដែលពិតជាសំខាន់បំផុតសម្រាប់ជីវិតរបស់ពួកគេ។ ពាក់ព័ន្ធនឹងប្រធានបទនេះអ្នកជំនាញចិត្តសាស្រ្តអ្នកស្រី Jeanette Brown បានឱ្យដឹងថាវិធីសាស្រ្តចំនួន៣ ដែលជួយឱ្យមនុស្សរស់នៅមិនបារម្ភជ្រុលហួសហេតុ អាចរស់នៅដោយសាមញ្ញបំផុត។
១. បែងចែកឱ្យដាច់ ពីការបារម្ភនិងការយកចិត្តទុកដាក់៖ អ្នកជំនាញបានឱ្យដឹងថាមនុស្សដែលតែងតែយកចិត្តទុកដាក់ទៅលើអ្វីមួយ គឺខុសពីមនុស្សដែលបារម្ភជ្រុលហួសហេតុទៅលើអ្វីមួយ ប៉ុន្តែមនុស្សបែរជាយល់ថា ការបារម្ភគឺកើតចេញពីការយកចិត្តទុកដាក់។
ហេតុនេះដើម្បីរស់នៅជាមួយជីវិតមានក្តីសុខ មនុស្សត្រួវបែងចែកឱ្យដាច់រវាងរឿងទាំងពីរនេះ ព្រោះថាការយកចិត្តទុកដាក់គឺជាសកម្មភាពដែលយើងអាចគ្រប់គ្រងបាន ដូចជាការខិតខំរៀនសូត្រ ការយកចិត្តទុកដាក់ថែទាំអាជីវកម្ម ដើម្បីកាត់បន្ថយកំហុសឱ្យនៅតិចតួចបំផុត ដែលខុសពីការបារម្ភជ្រុល គឺជាការបារម្ភលើអ្វីដែលមិនអាចគ្រប់គ្រងបានដូចជាបញ្ហាអាកាសធាតុឬការបម្រែបម្រួលសេដ្ឋកិច្ចជាដើម។
២. បញ្ឈប់ការប្រៀបធៀប៖ ក្នុងយុគសម័យឌីជីថលសព្វថ្ងៃ គឺងាយស្រួលជាងពេលណាទាំងអស់ក្នុងការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ យើងឃើញការបង្ហាញរបស់អ្នកដទៃនៅលើបណ្តាញសង្គម ហើយយើងមានអារម្មណ៍ថាខ្លួនកំពុងខ្វះខាតឬជីវិតមិនសមប្រកបជាដើម។
ដូច្នេះសូមបញ្ឈប់ការប្រៀបធៀបដំណើរជីវិតខ្លួនទៅនិងអ្នកដទៃជាបន្ទាន់ ព្រោះអ្នកត្រូវចាំថាចំណុចចាប់ផ្តើម បញ្ហាប្រឈម និងគោលដៅរបស់អ្នកនឹងគេពុំដូចគ្នាឡើយ ហេតុនេះការប្រៀបធៀបគឺមិនយុតិ្តធម៌នោះទេ តែអ្នកត្រូវរៀនប្រៀបធៀបភាពរីកចម្រើនរបស់អ្នកនៅថ្ងៃនេះ និងកំខ្សោយរបស់អ្នកនៅថ្ងៃម្សិលមិញ។
៣. ឱ្យអាទិភាពខ្លួនឯងមុនគេ៖ ការផ្តល់អាទិភាពឱ្យខ្លួនឯងមិនមែន សុទ្ធតែជារឿងអាត្មានិយមនោះទេ ពោលការយកចិត្តទុកដាក់ថែទាំខ្លួនឯងជាមុន ទាំងផ្លូវកាយនិងផ្លូវចិត្ត ជាជំហានដំបូងដែលឱ្យអ្នកអាចបន្តឈរជើងរឹងមាំជួយគ្រួសារ មនុស្សជុំវិញខ្លួននិងអ្នកដទៃបាន។
យ៉ាងណាមិញការបោះបង់ចោល ការនិយាយថា “ទេ” ផ្តល់អាទិភាពដល់ការថែទាំខ្លួនឯង ឬបញ្ឈប់ការប្រៀបធៀបខ្លួនយើងជាមួយអ្នកដទៃ មិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាទេ ប៉ុន្តែការបញ្ឈប់រឿងទាំងនេះ អ្នកនឹងអំណាចក្នុងការជ្រើសរើសអ្វីដែលសំខាន់សម្រាប់អ្នក អ្នកនឹងមានអំណាចក្នុងការជ្រើសរើសកន្លែងដែលអ្នកវិនិយោគថាមពលចូលទៅ ហើយសំខាន់បំផុត អ្នកមានអំណាចក្នុងការជ្រើសរើសសុភមង្គលផ្ទាល់ខ្លួនរបស់អ្នក៕
អត្ថបទដោយ៖ ពីង ជូអេង