មហាវិថីសំរោង ត្រៀមដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកស្អែកនេះហើយ
Daneth MechAUGUST 20 2023

មហាវិថីសំរោង មានប្រវែងសរុបប្រមាណ 5.2គីឡូម៉ែត្រដែលជាប្រភេទផ្លូវបេតុងអាមេ ហើយមានទទឹងរហូតដល់ទៅ30ម៉ែត្រ និងគន្លងម្ខាងៗប្រវែង 9ម៉ែត្រ។ មហាវិថីនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមយ៉ាងសំខាន់ នាភាគខាងជើងរាជធានីភ្នំពេញដោយភ្ជាប់ពីផ្លូវជាតិលេខ5 ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី3 កាត់តាមបុរីភុមិសំរោង ដែលនឹងជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon 2 នៅតំបន់សែនសុខ និង ជិះពីAeon 2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ5វិញនៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។
 
លក្ខណៈបច្ចេកទេសនៃផ្លូវនេះត្រូវបានឆ្លងកាត់ស្តង់ដាយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមវិស្វករជំនាញ ដោយប្រើប្រាស់បេតុងអាមេ 3ស្រទាប់ កម្រាស់សរុប 8.2តឹក ដើម្បីធានាបាននូវភាពរឹងមាំ គង់វង្សតរៀងទៅ។

Photo 2023 08 20 16 53 52

Photo 2023 08 20 16 53 50 (2)
 
តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាមហាវិថីសំរោង នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី21 ខែសីហា ឆ្នាំ 2023 ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងបុរីភូមិសំរោងផ្ទាល់តែម្ដង។
 
មហាវិថីសំរោង នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ5 រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី3 និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុបានយ៉ាងឆាប់រហ័សជាទីបំផុត។ តាមរយៈស្នាដៃដែលសម្រេចបាននេះ ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង សង្ឃឹម និងជឿជាក់យ៉ាងមានសុទិដ្ឋិនិយមថាមហាវិថីសំរោងនេះ នឹងក្លាយជាសមិទ្ធផលមួយមិនអាចខ្វះបានក្នុងគោលដៅនៃការអភិវឌ្ឍភាគខាងជើងនៃរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព៕

Photo 2023 08 20 16 53 51

Photo 2023 08 20 16 53 50

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia